កងទ័ព​ស៊ី​រី​វាយលុក​តាម​ជើង​គោក​នៅ​ក្រុង​អា​ឡែ​ប​ក្រោយ​ទម្លាក់​គ្រាប់បែក​ខ្លាំងក្លា

កងទ័ព​ស៊ី​រី និង​ពួក​ជីវពល​ស្និទ្ធ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា បាន​បើក​ការ​វាយលុក​តាម​ជើង​គោក​យ៉ាង​ធំ​មួយ​ប្រឆាំង​បណ្តា​សង្កាត់​ភាគ​ខាងកើត​ក្រុង​អា​ឡែ​ប​កាន់កាប់​ដោយ​ពួក​ឧទ្ទាម ៨​ថ្ងៃ ក្រោយ​បរាជ័យ​នៃ​បទ​ឈប់​បាញ់​គ្នា​តាម​រយៈ​ការ​ចរចា​រវាង​សហរដ្ឋ​អាមេ​រិ​ក និង​រុ​ស្ស៊ី ។

សម្រាប់​ក្រុង​វ៉ា​ស៊ី​ន​តោន​យល់​ថា នេះ​ជា​ភស្តុ​តាង​បង្ហាញ​ថា ក្រុង​ដា​ម៉ាស់ ក្រុង​មូ​ស្គូ និង​បណ្តា​សម្ព័ន្ធមិត្ត​តំបន់​បាន​បោះបង់​ចោល​ដំណើរការ​សន្តិភាព ដើម្បី​ងាក​ទៅ​កម្ទេច​ការ​បះបោរ​ជិត​៦​ឆ្នាំ​មក​ហើយ ។ រដ្ឋការ​អា​េ​ម​រិ​ក​ដែល​ចោទប្រកាន់​ថា ការ​វាយប្រហារ​របស់​កងទ័ព​ស៊ី​រី និង​រុ​ស្ស៊ី​នៅ​ក្រុង​អា​ឡែ​ប​សំដៅលើ​ជន​ស៊ី​វិល បុគ្គលិក​ពេទ្យ និង​មនុស្ស​ធម៌​​ជា​អំពើ​ព្រៃផ្សៃ និង​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម តែ​ក្រុង​មូ​ស្គូ​និយាយ​ថា ការ​ចោទប្រកាន់​នេះ​មិន​អាច​ទទួលយក​បាន​ពី​គិត​ពី​សភាពការណ៍​យ៉ាង​ស្មុគស្មាញ​នៅ​ស៊ី​រី ។

បណ្តា​សង្កាត់​ក្រុង​អា​ឡែ​ប​ជាប់​ការ​ឡោម​ព័ទ្ធ​របស់​កងទ័ព​រដ្ឋាភិបាល​ដែល​មាន​ប្រជាជន​២៥០.០០០​នាក់​រង​ការ​ទម្លាក់​គ្រាប់បែក និង​បាញ់​ផ្លោង​យ៉ាង​ខ្លាំងក្លា​បំផុត​តាំងពី​ការ​បញ្ចប់​បទ​ឈប់​បាញ់​គ្នា​ដែល​ប្រកាស​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ដោយ​អគ្គសេនាធិការ​កងទ័ព​ស៊ី​រី​ក្រោយ​ចូល​ជា​ធរមាន​រយៈពេល​មួ​យស​ប្តា​ហ៍​មក ។

ប្រជាជន​រាយការណ៍​ថា ការ​វាយប្រហារ​តាម​អាកាស​មាន​ច្រើន​បំផុត​នា​ពេល​យប់​មុន​ការ​វាយលុក​តាម​ជើង​គោក ។ យោង​តាម​ក្រុម​ការពារ​ស៊ី​វិល​ស៊ី​រី​ថា មនុស្ស​យ៉ាងតិច​៣០​នាក់​ស្លាប់ ។

យោង​តាម​ទូរទស្សន៍​រដ្ឋ​ស៊ី​រី​ថា កងទ័ព​វាយ​ដណ្តើម​យក​បាន​សង្កាត់ AL FARAFRA ជា​សង្កាត់​មួយ​នៃ​ទីក្រុង​ចាស់ ។ ចំណែក​ពួក​បះបោរ​ទទួលស្គាល់​ថា កងទ័ព​ក្រុង​ដា​ម៉ាស់​ពិតជា​បាន​រុលទៅមុខ​ក្នុង​តំបន់​នេះ ក៏​ប៉ុន្តែ​អះអាង​ថា កងទ័ព​ស៊ី​រី​ត្រូវ​វាយ​រុញច្រាន​លើ​រណសិរ្ស​៤​ទៀត ។

ចាកចេញ​ដំណាលគ្នា​ពី​ទិស​ខាងជើង និង​ខាងត្បូង​កងទ័ព​ស៊ី​រី និង​កងជីវពល​អីុរ៉​ង់ អីុរ៉ា​ក់ និង​លី​បង់ ដែល​លើកគ្នា​មក​ជួយ​បាន​វាយប្រហារ​តំបន់​ទីក្រុង​ចាស់ ព្រមទាំង​លើ​ផ្លូវ​ជា​ច្រកចូល​សំខាន់​ៗ រួច​ការ​ប្រយុទ្ធ​គ្នា​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង ។

ដោយឡែក កង​យន្តហោះ​រុ​ស្ស៊ី​បាន​បង្កើន​សកម្មភាព​យ៉ាង​ខ្លាំង​ជួយ​ទ្រទ្រង់​ដល់​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​តាម​ជើង​គោក ប្រឆាំង​ពួក​ភេរវ​ករ ។

យោង​តាម​ទិន្នន័យ​នា​ពេល​ថ្មី​ៗ​នេះ​ថា ក្នុង​មួយ​ថ្ងៃ​ៗ​កង​យន្តហោះ​រុ​ស្ស៊ី​ចេញ​វាយប្រហារ​គិត​ជា​មធ្យម​ដល់​៥០​លើក ។ បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុ​ស្ស៊ី​បាន​វាយប្រហារ​លើ​បណ្តា​ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​មនា​ភាគ​ខាងកើត​ក្រុង​ហូ​ម ហើយ​ក៏​កម្ទេច​គោលដៅ​ជា​ច្រើន​នៅ​ជិត​ផ្លូវថ្នល់​ទៅ​កាន់​ទីក្រុង DEIR EZZOR ។ មជ្ឈមណ្ឌល​ទីបញ្ជាការដ្ឋាន​មួយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ត្រូវ​កម្ទេច​នៅ​កន្លែង​មួយ​ចម្ងាយ​ប៉ុន្មាន​សិប​គីឡូម៉ែត្រ​ពី​ទីក្រុង PALMYRE ។ លើស​ពី​នេះ​ទៀត កង​យន្តហោះ​រុ​ស្ស៊ី​កម្ទេច​ក្បួន​រថពាស​​ដែក​មួយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​កំពុង​បើកបរ​សំដៅ​ក្រុង DEIR EZZOR ៕