ពលរដ្ឋ​២​ភូមិ​នៅ​ខេត្ត​ស្ទឹងត្រែង​ត្អូញ​រឿង​មិន​បាន​ទៅ​បុណ្យ​ភ្ជុំ​ដោយសារ​ផ្លូវ​លំបាក​ធ្វើ​ដំណើរ

ពលរដ្ឋ​រស់នៅ​ភូមិ​កាំងក្ងោក និង​ភូមិ​កំពង់ប៉ាង នៃ​ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ភាគ​ច្រើន​ពុំ​បាន​យក​ចង្ហាន់​ទៅ​វត្ត​អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ កាន់​វេន​លក្ខណៈ​ប្រពៃណី​បែប​ព្រះពុទ្ធ​សាសនា​នោះ​ទេ ដោយសារ​ស្ថានភាព​ផ្លូវ​ធ្វើ​ដំណើរ​មក​វត្ត​លំបាក​ខ្លាំង ហើយ​សាលាឆទាន​ក្នុង​ភូមិ​ក៏​ពុំ​សូវ​មាន​ព្រះសង្ឃ និមន្ត​ទៅ​ដែរ​នៅ​រដូវ​ភ្ជុំបិណ្ឌ​នេះ។ អ្នក​ភូមិ​ថា ពលរដ្ឋ​តិច​តូច​ណាស់​ដែល​មាន​លទ្ធភាព​ធ្វើ​ដំណើរ​យក​ចង្ហាន់​នៅ​វត្ត​បាន ហើយ​ពលរដ្ឋ​មួយ​ចំនួន​តូច​មក​ធ្វើ​បុណ្យ​នៅ​ទី​រួម​ខេត្ត។

ជនជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ភូមិ​កាំងក្ងោក និង​ភូមិ​កំពង់ប៉ាង ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ត្អូញត្អែរ​ពី​ស្ថានភាព​ផ្លូវ​ធ្វើ​ដំណើរ​លំបាក​ខ្លាំង​ដែល​ជា​ឧបសគ្គ​ចម្បង​ប៉ះពាល់​ជីវភាព​រស់​នៅ​របស់​ពួកគេ ជាពិសេស​នៅ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​អ្នក​ភូមិ​ភាគ​ច្រើន​បាន​ខកខាន​មិន​បាន​យក​ចង្ហាន់​ទៅ​វត្ត។

ជនជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ភូមិ​កាំងក្កោក ឃុំ​កាំងចាម លោក សួង តាក់ កត់សម្គាល់​ថា វត្ត​កាំងចាម ឆ្ងាយ​ពី​ភូមិ​ជិត ២០​គីឡូម៉ែត្រ​រួម​ផ្សំ ផ្លូវ​មិន​អាច​ធ្វើ​ដំណើរ​បាន​ផង​នោះ ទើប​ពួកគេ​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​យក​ចង្ហាន់​មក​វត្ត តែ​យ៉ាង​ណា​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ដែរ។

លោក​ថា ពលរដ្ឋ​មាន​ជីវភាព​ធូរធារ ទើប​មាន​លទ្ធភាព​ធ្វើ​ដំណើរ​មក​ធ្វើ​បុណ្យ​នៅ​វត្ត​កាំងចាម បាន ហើយ​ពលរដ្ឋ​ក្រីក្រ​ត្រូវ​រង់​ចាំ​ព្រះសង្ឃ និមន្ត​ពី​វត្ត​ឆ្ងាយ​ទៅ​ឆាន់​នៅ​សាលាឆទាន​ក្នុង​ភូមិ។ លើស​ពី​នេះ​សាលាឆទាន​នៅ​ទី​នោះ ក៏​ពុំ​សូវ​មាន​ព្រះសង្ឃ​និមន្ត​ទៅ​ដែរ​នៅ​រដូវ​ភ្ជុំបិណ្ឌ​នេះ។ លោក​បន្ត​ថា ភូមិ​នោះ​ជា​តំបន់​ដាច់ស្រយាល ផ្លូវ​មិន​អាច​ធ្វើ​ដំណើរ​បាន ទើប​ព្រះសង្ឃ​ខ្លះ​និមន្ត​ទៅ​ឆាន់​នៅ​ថ្ងៃ​ឆ្លង​ភ្ជុំ​ធំ​ប៉ុណ្ណោះ៖ «និយាយ​រួម​ទៅ​ជិះ​អត់​បាន ដោយសារ​ភក់​ដែល​ពិបាក​បំផុត​គឺ​អូរ​ហ្នឹង។ អូរ​ធំ បើ​អូរ​តូចៗ​មិន​បាច់​និយាយ​ទេ។  និយាយ​ទៅ​អ្នក​ខ្លះ​ចង់ ៥​ឆ្នាំ​មិន​បាន​ស្គាល់​ខេត្ត អ្នក​ខ្លះ​មក​ខេត្ត​ដោយសារ​កូន​គ្រុន​ឈឺ​អី​លំបាក​អ៊ីចឹង​បាន​មក​ខេត្ត​មែន​ទែន។ មាន​តែ​អ្នក​មាន​ទេ ដែល​អាច​មក​ខេត្ត​បាន»

លោក សួង តាក់ ត្អូញ​ថា មិន​ត្រឹមតែ​លំបាក​ធ្វើ​ដំណើរ​នៅ​រដូវ​បុណ្យ​ប៉ុណ្ណោះ​ទេ កន្លង​ទៅ ក៏​មាន​ពលរដ្ឋ​ក្នុង​ភូមិ​មាន​ជំងឺ និង​ស្ត្រី​មាន​ផ្ទៃពោះ​បាន​ស្លាប់ ដោយ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិន​ទាន់។ បញ្ហា​នេះ ក៏​ជា​កត្តា​រួម​ផ្សំ បណ្ដាល​មក​ពី​ផ្លូវ​លំបាក​ធ្វើ​ដំណើរ​ដែរ។ លោក​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​កសាង​ផ្លូវ​មួយ​ខ្សែ​នេះ ដើម្បី​សម្រាល​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ និង​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​របស់​កសិករ​ជាដើម៖ «សំខាន់​លំបាក​ត្រង់​ថា គ្នា​គ្រុន​ឈឺ​យប់​អ៊ីចឹង។ គ្រុន​ឈឺ​យប់​គ្នា​ពិបាក​មែន​ទែន ទម្រាំ​រក​ទូក​បាន​ខ្លះ​ងាប់​ក៏​មាន​ដែរ»

ចាស់​ព្រឹទ្ធាចារ្យ​ម្នាក់​រស់​នៅ​ភូមិ​កាំងក្ងោក គឺ​លោក ហេង ឈឿន ឲ្យ​ដឹង​ថា ពលរដ្ឋ​រស់​នៅ​តំបន់​នេះ​ភាគ​ច្រើន​ជា​ពលរដ្ឋ​ក្រីក្រ ពុំ​សូវ​មាន​លទ្ធភាព​យក​ចង្ហាន់​ទៅ​វត្ត​ទេ ម្យ៉ាង​ផ្លូវ​លំបាក​ធ្វើ​ដំណើរ​ផង​ក៏​ជា​បន្ទុក​បន្ថែម​ទៀត​ធ្វើ​ឲ្យ​អ្នក​ភូមិ​ភាគ​ច្រើន​ខកខាន។ តែ​យ៉ាង​ណា​នៅ​ថ្ងៃ​បុណ្យ​ឆ្លង​ភ្ជុំ​ធំ អ្នក​ភូមិ​នឹង និមន្ត​ព្រះសង្ឃ​មក​គង់​នៅ​សាលាឆទាន​នៅ​មូលដ្ឋាន ដើម្បី​រៀបចំ​ពិធី​បុណ្យ​ឆ្លង​ភ្ជុំ៖ «បាទ! ពិបាក​ផ្លូវ​ដើរ​លំបាក​ផ្លូវ​ធ្វើ​ដំណើរ ដឹក​ជញ្ជូន​ដោយ​គោយន្ត​ពិបាក​ចេញ​ពី​ភូមិ​ហើយ​ពិបាក​មែន​ទែន។ បើ​ខែ​ប្រាំង​គ្រាន់​បន្តិច បើ​ខែ​នេះ​ផង​រក​ផ្លូវ​ចេញ​គ្មាន​ទេ។ គ្រាន់​តែ​ម៉ូតូ​ជិះ​អត់​បាន​ដល់​លើ​ដល់​ក្រោម​ផង​តាម​ភូមិ»

ភូមិ​កាំងចាម និង​ភូមិ​កាំងក្ងោក ឋិត​នៅ​ទិស​ខាង​លិច​ឆៀង​ខាង​ត្បូង​នៃ​ទី​រួម​ខេត្ត​ស្ទឹងត្រែង ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ជាង ៤០​គីឡូម៉ែត្រ ដោយ​ឆ្លង​ស្ពាន​មេគង្គ​ធ្វើ​ដំណើរ​តាម​មាត់​ទន្លេ ផ្លូវ​ជង្ហុក បែក​បាក់​ភក់​ជ្រៅ មាន​អូរ​ច្រើន​តែ​គ្មាន​ស្ពាន។ ពលរដ្ឋ​រស់​នៅ​ទី​នោះ​ភាគ​ច្រើន​ជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ មាន​ចំនួន​ជាង ៦០០​គ្រួសារ ហើយ​នៅ​អម​សង​ខាង​ផ្លូវ​ទៅ​តំបន់​នោះ សម្បូរ​ដោយ​ព្រៃ​ល្បោះ ឬ​ព្រៃ​រេចរឹល និង​ដី​ទំនេរ​ដែល​គេ​ទើប​កាប់​ព្រៃ​រាន​យក​ដី​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ប្រធាន​រដ្ឋបាល​សាលាស្រុក​ថាឡាបរិវ៉ាត់ លោក ថៃ អ៊ី មាន​ប្រសាសន៍​ថា កន្លង​ទៅ​អាជ្ញាធរ​ស្រុក​បាន​ដាក់​សំណើ​ផែនការ​អភិវឌ្ឍ ទៅ​អាជ្ញាធរ​ខេត្ត​រួច​ហើយ តែ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប។ លោក​ថា ជា​គម្រោង​ផ្លូវ​នៅ​តំបន់​នោះ អាជ្ញាធរ​គ្រោង​កសាង​រហូត​ដល់​ស្រុក​សៀមបូក ប៉ុន្តែ​ការ​ធ្លាក់​កញ្ចប់​ថវិកា​ធ្វើ​ឡើង​ជា​ជំហាន។ តែ​យ៉ាង​ណា​លោក​ថា កញ្ចប់​ថវិកា​ឃុំ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ អាច​នឹង​យក​ទៅ​អភិវឌ្ឍ​ផ្លូវ​នៅ​តំបន់​នោះ។ លោក​ថា នៅ​តំបន់​ដាច់​ស្រយាល​ឆ្ងាយ​នៃ​ស្រុក​ថាឡាបរិវ៉ាត់ ពលរដ្ឋ​អាច​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​សាលាឆទាន​ក្នុង​មូលដ្ឋាន ក៏​ប៉ុន្តែ​មាន​តំបន់​ខ្លះ ខ្វះ​ព្រះសង្ឃ​និមន្ត​ទៅ៖ «ជា​ផែនការ​របស់​យើង​ធ្វើ​តាម​ផ្លូវ​មាត់​ទន្លេ​រហូត​ដល់​សៀមបូក ប៉ុន្តែ​ការ​ធ្លាក់​លុយ​វា​មាន​ជំហាន​វា​ចង់​និយាយ​អ៊ីចឹង។ ឆ្នាំ​២០១៨ ឃុំ​អាច​​យក​ទៅ​អភិវឌ្ឍ​ខាង​ហ្នឹង​បាន»

នៅ​រដូវ​ភ្ជុំបិណ្ឌ​នេះ មាន​ពលរដ្ឋ​នៅ​ទី​រួម​ខេត្ត​ស្ទឹងត្រែង ខ្លះ បាន​ធ្វើ​ដំណើរ​ទៅ​វត្ត​កាំងចាម ដែរ ក៏ប៉ុន្តែ​វត្តមាន​មនុស្ស​ដែល​ទៅ​ពី​ចម្ងាយ​មាន​តិច​តូច​ទេ។

​ភូមិ​កាំងចាម និង​ភូមិ​កាំងក្ងោក ជា​តំបន់​ដាច់​ស្រយាល ហើយ​កាលពី​ដើម​ឡើយ​ភូមិ​នោះ ជា​ភូមិ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ រស់​នៅ​លក្ខណៈ​កុលសម្ព័ន្ធ។ ក្រៅ​ពី​នេះ នៅ​មុន​ឆ្នាំ​២០០៥ តំបន់​នោះ​សម្បូរ​ដោយ​ព្រៃស្រោង​ហ៊ុមព័ទ្ធ​អម​ដោយ​ដើម​ឈើ​ទាល​ធំៗ និង​មាន​ប្រភេទ​ឈើ​មាន​តម្លៃ​ច្រើន​តែ​រហូត​មក​ទល់​ពេល​នេះ​ស្ថានភាព​ព្រៃឈើ​នៅ​តំបន់​នោះ ត្រូវ​គេ​កាប់​យក​ដី​ធ្វើ​កសិកម្ម និង​កាប់​ឈើ​មាន​តម្លៃ​អស់​បន្សល់​ទុក​តែ​ព្រៃ​រេចរឹល និង​ដី​ទំនេរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។