ឡើង​លើ​ផ្ទះ​មួយសន្ទុះ​ឮ​សំឡេង​ម៉ូតូ ចេញ​មក​មើល​ស្រែក​ផ្អើល​ឆោឡោ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ទុក​ម៉ូតូ​នៅ​ក្រោមរួច​ឡើង​ទៅ​លើ​ផ្ទះ មួយសន្ទុះ​ក្រោយមក​ឮ​សំឡេង​ម៉ូតូ​ជិះ​ចេញ​ទៅ​ក៏​ចេញ​មក​មើល​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​របស់​ខ្លួន​ក៏​ស្រែក​ផ្អើល​ឆោឡោ និង​នាំ​គ្នា​ដេញចាប់​បាន​ម្នាក់​ភ្លាម​ៗ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេ​ល​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​១១១ ផ្លូវ​លេខ​២១ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​សង្ស័យ​មានឈ្មោះ សំ ធា​រ៉ូ អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ត្បូងឃ្មុំ ឃុំ​ត្បូងឃ្មុំ ស្រុក​ក្រូចឆ្មា ខេត្ត​កំបង់​ចាម ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​បាន​ចត​ម៉ូតូ​ម៉ាក វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១FI-៥១៦៦ នៅ​ក្រោមផ្ទះ ដោយ​បាន​ចាក់សោ​.​ក​ត្រឹមត្រូវ តែ​មិន​បាន​ចាក់សោ​ច្រ​វ៉ា​ក់​ឡើយ ហើយ​ក៏​ឡើង​ទៅ​លើ​បាត់​បាន​មួយសន្ទុះ ក៏​ស្រាប់តែ​ឮ​សំឡេង​ម៉ូតូ​២​គ្រឿង​ជិះ​ចេញ ។ ពេល​ឮ​បែប​នេះ​ក៏​បាន​អើត​មើល​ស្រាប់តែ​ឃើញ​ម៉ូតូ​១​គ្រឿងក្នុង​ចំណោម​២​គ្រឿង​នោះ​គឺជា​ម៉ូតូ​របស់​ខ្លួន​ដែរ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​បានឃើញ​បែប​នោះ ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ឆោឡោ​ឡើង​ថា «​ចោរ ! ចោរ​ៗ !» ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង និង​នាំ​គ្នា​ដេញ​តាម​ចាប់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ ចំណែកឯ​បក្សពួក​របស់​គេ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ម៉ាក​និក​១​គ្រឿង​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​វ៉េវ​អាល់​ហ្វា​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ប្រគល់​ឲ្យ​បុរស​រង​គ្រោះជា​ម្ចាស់​វិញ ចំណែកឯ​ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​នោះ​ត្រូវ​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ និង​ធ​ញ​វើ​កំណត់ហេតុ​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការ​ដ្នា​ន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕