លោក ស៊ុន ចាន់ថុល ដុស​ក្អែល​ប្រធាន​មន្ទីរ​ចំពោះ​ចន្លោះ​ប្រហោង​ក្នុង​ការ​ថែ​ទាំ​ផ្លូវ

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូននៅព្រឹកថ្ងៃពុធនេះបានជួបប្រជុំជាមួយប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន មកពីគ្រប់បណ្ដាលខេត្តដែលផ្ដោតសំខាន់ចំពោះចន្លោះប្រហោងក្នុងការថែទាំផ្លូវ។ ជាការជួបប្រជុំបន្ទាប់ពីបញ្ហាផ្លូវថ្នល់នៅកម្ពុជា នៅតែត្រូវបានលើកឡើងថា ធ្វើមិនចេះចប់មិនចេះហើយ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានក្រើនរម្លឹកទៅកាន់ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនគ្រប់ខេត្តត្រូវយកចិត្តទុកដាក់ក្នុងការ ជួសជុល ថែទាំ សាងសង់ផ្លូវ ត្រូវធ្វើឲ្យមានគុណភាពតាមស្តង់ដាដើម្បីបញ្ចប់រូបភាពដែលនាំមកនូវការរិះគន់ថា ធ្វើមិនចេះចប់ មិនចេះហើយ។

Loading...

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មូលហេតុសំខាន់មួយក្នុងចំណោមមូលហេតុជាច្រើនទៀតដែលនាំឲ្យផ្លូវនៅកម្ពុជាខូចខាតក្នុងរូបភាពមួយធ្ងន់ធ្ងរនោះ គឺការដឹកលើសទម្ងន់។ ព្រោះថា បើក្នុងមួយថ្ងៃមានរថយន្តមួយគ្រឿងដឹកលើសទម្ងន់រហូតដល់៣០តោនស្មើនឹងមានរថយន្ត៨១ម៉ឺនគ្រឿងបើកបរលើដងផ្លូវ ទើបនាំឲ្យផ្លូវឆាប់រេចរឹល។

ប្រឈមបញ្ហានេះ ក្រសួងសាធារណៈបានដាក់ចេញនីតិវិធីមួយចំនួនដើម្បីធ្វើជាមូលដ្ឋានឲ្យប្រធានមន្ទីរអនុវត្តក្នុងការថែទាំផ្លូវ។ នីតិវិធីនេះមិនត្រូវបានបញ្ជាក់ថា មានចំណុចអ្វីខ្លះនោះទេ ប៉ុន្តែនឹងចេញផ្សាយជាសាធារណៈនៅខែវិច្ឆិកាខាងមុខ។

ក្នុងអាណត្តិជារដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានប្ដេជ្ញាលុបបំបាត់ពាក្យថា«ផ្លូវស្រុកខ្មែរធ្វើជាប់រហូត»។

សូមបញ្ជាក់ថា ការកោះប្រជុំរបស់លោក ស៊ុន ចាន់ថុល ជាមួយប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូននៅពេលនេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋជាច្រើនចូលទៅComments នៅក្នុងទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ទំព័រហ្វេសប៊ុកក្រសួងសាធារណៈចំពោះការខូចខាតផ្លូវយ៉ាងដំណំនាពេលកន្លងមកនិងបច្ចុប្បន្ន។

លោក ស៊ុន ចាន់ថុល ជឿជាក់ថា ការដោះស្រាយបញ្ហាផ្លូវតាមហ្វេសប៊ុកតាមរយៈComments នឹងទទួលបានប្រសិទ្ធិភាពខ្ពស់។ ព្រោះរាល់បញ្ហាផ្លូវដែលខូចខាតក្រសួងធ្វើការដោះស្រាយភ្លាម៕

ប្រភព៖ rfi