ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ​ត្រៀម​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ

អាជ្ញាធរខេត្តព្រះសីហនុ សហការជាមួយវិស័យឯកជន រួមគ្នាពង្រឹងសន្តិសុខ សុវត្ថិភាព និងគុណភាពសេវាកម្មទេសចរណ៍ដើម្បីផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរដែលចូលកម្សាន្តខេត្តនេះនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។ ទន្ទឹមគ្នានេះ មន្ត្រីជំនាញនគរបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ ដើម្បីជៀសឲ្យផុតពីគ្រោះថ្នាក់ដែលអាចនឹងកើតមាននៅពេលធ្វើដំណើរទៅស្រុកកំណើត និងទីអារាមនានាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឲ្យមានសុវត្ថិភាពទាំងអស់គ្នា។

មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ បានត្រៀមកម្លាំងការពារសន្តិសុខសុវត្ថិភាព និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលទស្សនាខេត្តនេះនៅក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំនេះ។

Loading...

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានឲ្យអាស៊ីសេរីដឹងថា ពិធីបុណ្យភ្ជុំឆ្នាំនេះ ថ្នាក់ដឹកនាំស្ថាប័នជំនាញកងរាជអាវុធហត្ថ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជាដើម បានពង្រាយកម្លាំងការពារសន្តិសុខនៅតាមគោលដៅតាមវត្តអារាម និងទីកន្លែងកម្សាន្តនានាទាំងយប់ថ្ងៃ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យទទួលបានភាពរីករាយតាមក្រុមគ្រួសារនីមួយៗ។

ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ​ត្រៀម​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ

ពិធីបុណ្យភ្ជុំឆ្នាំនេះ លោក យន្ត មីន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ពិសេសភ្ញៀវទេសចរចម្រុះជាតិសាសន៍ សូមធ្វើដំណើរកម្សាន្តដើម្បីស្រូបយកខ្យល់ជំនោរសមុទ្រនៅតាមឆ្នេរ និងកោះនានាក្នុងមូលដ្ឋាននេះឲ្យបានច្រើនកុះករ។ ជាងនេះទៀត កម្លាំងសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ បានត្រៀមលក្ខណៈការពារសន្តិសុខសុវត្ថិភាព ២៤ម៉ោងជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដោយការទទួលខុសត្រូវខ្ពស់៖ «»។

ទាក់ទិនបញ្ហានេះដែរ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ មានប្រសាសន៍ថា កម្លាំងជំនាញរបស់លោកបានបែងចែកឲ្យប្រចាំការនៅតាមគោលដៅនានារួចជាស្រេចទាំងយប់ទាំងថ្ងៃនៅតាមរមណីយដ្ឋាន កន្លែងកម្សាន្ត និងនៅតាមវត្តអារាមជាដើម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋ ឬភ្ញៀវទេសចរក្នុងពិធីបុណ្យភ្ជុំឲ្យមានភាពរីករាយ។ លោកស្នើដល់ប្រតិបត្តិករទេសចរ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយកម្លាំងនគរបាល និងកម្លាំងជំនាញដទៃទៀត ដើម្បីឈានដល់រក្សាការពារសន្តិសុខ ឬបញ្ចៀសការកកស្ទះចរាចរណ៍ឲ្យមានសណ្ដាប់ធ្នាប់ និងមានសុវត្ថិភាពល្អ៖ «»។

បន្ថែមលើនេះ លោក ជួន ណារិន្ទ បានក្រើនរំឭកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលធ្វើដំណើរតាមផ្លូវទៅលេងស្រុកកំណើតរបស់ខ្លួន ពិសេសប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវធ្វើដំណើរចេញចូលទៅមូលដ្ឋានខេត្តព្រះសីហនុ ស្នើឲ្យការបើកបរគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា និងការបើកបរត្រូវមានការយោគយល់គ្នាទៅវិញទៅមកដោយសេចក្តីថ្លៃថ្នូរ និងមានសីលធម៌ខ្ពស់។ លោកជូនពរដល់ប្រជាពលរដ្ឋទូទៅ សូមឲ្យដំណើរកម្សាន្ត និងការធ្វើដំណើរទៅលេងស្រុកកំណើតនាឱកាសពិធីបុណ្យភ្ជុំឆ្នាំនេះ ឲ្យទទួលបានសន្តិសុខសុវត្ថិភាព និងទទួលបានភាពសប្បាយរីករាយតាមក្រុមគ្រួសារនីមួយៗ៖ «»។

ចំណែកអនុប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ លោក ឌឹម សំបូរ ឲ្យអាស៊ីសេរីដឹងថា ស្ថាប័នលោកបានត្រៀមកប៉ាល់បំពាក់សម្ភារៈសង្គ្រោះ និងកម្លាំងជំនាញរង់ចាំជួយសង្គ្រោះប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ ពេលពួកគេជួបគ្រោះអាសន្ននៅលើលំហសមុទ្រជាប្រចាំ ពិសេសនៅក្នុងឱកាសពិធីបុណ្យជាតិធំៗ មានបុណ្យភ្ជុំបិណ្ឌជាដើម ដែលភ្ញៀវចូលមកកម្សាន្តខេត្តព្រះសីហនុ ច្រើន។ លោក ឌឹម សំបូរ ប្រកាសលេខទូរស័ព្ទសម្រាប់សង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរនៅពេលជួបគ្រោះអាសន្នលិចទូក ឬមានបញ្ហាផ្សេងៗនៅលើលំហសមុទ្រ មកកាន់ស្ថាប័នលោក ដើម្បីបញ្ជូនកម្លាំងសង្គ្រោះឲ្យបានទាន់ពេលតាមរយៈទូរស័ព្ទលេខ ០៨៨ ៩៣៥ ៧៧៧៧៖ «»។

ពិធីបុណ្យភ្ជុំឆ្នាំនេះ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ដោយមានការចូលរួមពីប្រតិបត្តិករទេសចរ និងកម្លាំងជំនាញស្ថាប័នក្រោមឱវាទខេត្ត ដើម្បីរួមសហការគ្នាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ការទទួលបដិសណ្ឋារកិច្ច ការពារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរដោយមានផែនការត្រឹមត្រូវ។

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានស្នើឲ្យអ្នកប្រកបរបរទទួលទានពីសេវាទេសចរណ៍ ឲ្យពិចារណាទៅលើការកំណត់តម្លៃសេវាកម្មឲ្យបានសមរម្យជូនភ្ញៀវទេសចរ ដោយមិនត្រូវដំឡើងតម្លៃសេវាទេសចរណ៍ឲ្យខ្ពស់ហួសហេតុ ឬបើសិនជាអាច ស្នើឲ្យរក្សាតម្លៃថេរដូចថ្ងៃធម្មតា ដើម្បីឲ្យភ្ញៀវទេសចរចូលមកកម្សាន្តខេត្តព្រះសីហនុ មានចំនួនច្រើន និងទទួលបានភាពសប្បាយរីករាយឲ្យបានទាំងអស់គ្នានាឱកាសពិធីបុណ្យភ្ជុំឆ្នាំនេះ។

លោក យន្ត មីន បង្ហាញជំនឿផ្ទាល់ខ្លួនថា ការកំណត់តម្លៃសេវាស្នាក់នៅ ឬចំណីអាហារហូបចុកមានតម្លៃសមរម្យ នឹងអាចទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកកម្សាន្តខេត្តព្រះសីហនុ កើនច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រាក់ចំណូលពីសេវាបម្រើវិស័យទេសចរណ៍ ក៏មានកំណើនតាមនោះដែរ។

ទោះជាយ៉ាងនេះក្តី កន្លងទៅគេសង្កេតឃើញថា នៅពេលមានពិធីបុណ្យជាតិធំៗ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំ ឬបុណ្យឆ្លងឆ្នាំសកល ជាដើម តម្លៃសេវាកម្មទេសចរណ៍នាខេត្តព្រះសីហនុ មានដូចជាសេវាស្នាក់នៅ និងចំណីអាហារ ជាដើម ត្រូវម្ចាស់អាជីវកម្មដំឡើងតម្លៃខ្ពស់ជាងថ្ងៃធម្មតាមួយទ្វេជា៣ ឬច្រើនជាងនេះ។ បញ្ហានេះ បាននាំឲ្យមានការរិះគន់ពីសំណាក់ភ្ញៀវទេសចរជាតិ ពិសេសប្រជាពលរដ្ឋ ឬមន្ត្រីរាជការដែលមានប្រាក់ចំណូលទាប។ ប្រការនេះ ធ្វើឲ្យពលរដ្ឋខ្លះរារែក ឬមិនហ៊ាននាំក្រុមគ្រួសារមកកម្សាន្តខេត្តជាប់សមុទ្រមួយនេះទេពេលមានបុណ្យទានម្តងៗ ព្រោះបារម្ភខ្លាចខ្វះថវិកាសម្រាប់ចំណាយទៅលើអាហារ និងការស្នាក់នៅដែលប្រតិបត្តិករទេសចរដំឡើងតម្លៃខ្ពស់កប់ពពក។ ប៉ុន្តែក្រុមអាជីវករ ឬប្រតិបត្តិករទេសចរបម្រើសេវាលើវិស័យទេសចរណ៍ ថ្លែងថា នៅពេលមានពិធីបុណ្យធំៗចូលមកដល់ ដែលមានភ្ញៀវទេសចរច្រើនចូលមកទស្សនាខេត្តព្រះសីហនុ គឺជាឱកាសរកប្រាក់ចំណូល ឬប្រាក់ចំណេញរបស់ពួកគេ៕

ប្រភព៖ rfa