WHO៖ ប្រជាជន​ជាង​៦​លាន​នាក់ ស្លាប់​រៀងរាល់ឆ្នាំ​ដោយសារ​ការបំពុល​អាកាស និពន្ធដោយ : ទេព អ៊ីវិសាល       September-28-2016, 4:58 pm         65

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132WHO៖ ប្រជាជន​ជាង​៦​លាន​នាក់ ស្លាប់​រៀងរាល់ឆ្នាំ​ដោយសារ​ការបំពុល​អាកាសការបំពុលអាកាស (រូបភាពដោយ៖ UN News Centre)​អង្គការ​សុខភាព​ពិភពលោក​នៃ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៧ ខែកញ្ញា​កន្លងទៅ បាន​បញ្ចេញ​របាយការណ៍​ពាក់ព័ន្ធ​នឹង​សុខភាព និង​លក្ខខណ្ឌ​នៃ​ការរស់នៅ​របស់​ប្រជាជន​ពិភពលោក ដោយបាន​រកឃើញថា ប្រជាជន​ប្រមាណ ៦.៥ លាន​នាក់ បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ដោយសារតែ​ការបំពុល​អាកាស និង​៩២​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ពិភពលោក កំពុងតែ​រស់នៅក្នុង​ទីកន្លែង​ដែលមាន​ការបំពុល​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ (UN News Centre)​។

​លោកស្រី Maria Neira មន្ត្រីជាន់ខ្ពស់​ផ្នែក​បរិស្ថាន​នៃ​អង្គការ​សុខភាព​ពិភពលោក បាន​អះអាងថា វិធានការ​ឆាប់រហ័ស​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបំពុល​អាកាស​មិនអាច​ធ្វើឡើង​ទាន់ពេល ទៅនឹង​លក្ខខណ្ឌ​នៃ​គុណភាព​បរិយាកាស​ថ្មី​នៅក្នុង​ប្រទេស​ជាច្រើន​ដែលមាន​ការបំពុល​លើសលប់​នោះទេ ខណៈ ចំនួន​ប្រជាជន​ពិភពលោក​សរុប​កាលពី​ឆ្នាំមុន បាន​កើន​ដល់​៧.៣៥​ពាន់​លាន​នាក់​ហើយ​នោះ​។

​លោកស្រី បាន​បន្ថែមថា ដំណោះស្រាយ អាច​ធ្វើឡើង​តាមរយៈ​ការធ្វើដំណើរ​នៅក្នុង​ទីក្រុង ការគ្រប់គ្រង​កាកសំណល់ និង​ការបង្កើត​ថាមពល​ដែល​អាច​កើតឡើង​វិញ ក៏ដូចជា​ការកាត់បន្ថយ​ការបំពុល​ក្នុង​រោងចក្រ​ជាដើម​។ បើតាម​របាយការណ៍​អង្គការសហប្រជាជាតិ​ដដែល​នោះ អត្រា​នៃ​ការស្លាប់​ជិត​៩០​ភាគរយ កើតឡើ់ង​នៅក្នុង​ប្រទេស​ចំណូល​ទាប និង​ចំណូល​ទាប​មធ្យម ដែលមាន​ពីរភាគបី​ផ្ទុះ​ចេញពី​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​។​

​របាយការណ៍​ដដែល​នោះ ក៏​បន្ត​ដែរ​ថា ប្រភព​ចម្បង​នៃ​ការបំពុល​អាកាស​រួមមាន​បណ្តាលមកពី​ការដឹកជញ្ជូន​ដែល​មិន​ប្រកបដោយ​ប្រសិទ្ធភាព​(​ផ្តោត​លើក​ការប្រើប្រាស់​យានជំនិះ​), ការដុត​សម្រាម និង​ការប្រើប្រាស់​ថាមពល​នៅតាម​ផ្ទះ​, រោងចក្រ​ថាមពល និង​សកម្មភាព​ឧស្សាហកម្ម​។ នេះ ក៏​មិនមែន​មានន័យ​ដែរ​ថា ការបំពុល​អាកាស​ទាំងអស់​មិនមែន​កើតចេញពី​សកម្មភាព​ម​នុស្ស​ទាំង​ឡើយ​។ ជាក់ស្តែង​នោះ ការបំពុល​អាកាស​ពល​ខ្លះ ក៏បង្ក​ឡើង​ដោយ​ព្យុះ​ធូលី ដែល​ភាគច្រើន​កើតឡើង​នៅក្នុង​តំបន់​ខ្សាច់​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ចុងឆ្នាំ​២០១៥​កន្លងទៅ អង្គការសហប្រជាជាតិ បានអនុម័ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព​(SDGs) ដែល​គោលដៅ​នោះ ក៏ត្រូវ​បាន​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦​នេះ​ផងដែរ​។ គោលដៅ​អភិវឌ្ឍន៍​នោះ ក៏​ផ្តោត​សំខាន់​លើ​ការកាត់បន្ថយ​ចំនួន​នៃ​ការស្លាប់ និង​ជំងឺ​ដែល​កើតចេញពី​ការបំពុល​អាកាស​ផងដែរ​៕