អតីត​ប្រធានាធិបតី​អ៊ីស្ត្រាអែល ទទួល​មរណភាព

រដ្ឋបុរសមួយរូប របស់ប្រទេសអ៊ីស្ត្រាអែល ដែលជាម្ចាស់ពានរង្វាន់ ណូបែល​សន្តិភាព បានផុតដង្ហើម​លាចាក​លោក នៅ​យប់​ថ្ងៃ​អង្គារ ចូលមកថ្ងៃពុធនេះ បន្ទាប់ពីលោក បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ កាលពីថ្ងៃទី១៣ ខែកញ្ញា​កន្លង​មក។
អតីត​ប្រធានាធិបតី​អ៊ីស្ត្រាអែល ទទួល​មរណភាព

លោក ស៊ីម៉ុន ពែរ៉េស អតីតប្រធានាធិបតី អតីតនាយករដ្ឋមន្ត្រី របស់ប្រទេសអ៊ីស្ត្រាអែល និងជាម្ចាស់ពានរង្វាន់ ណូបែលសន្តិភាព។ (រូបថតឯកសារ)

អតីតប្រធានាធិបតី អតីតនាយករដ្ឋមន្ត្រី របស់ប្រទេសអ៊ីស្ត្រាអែល និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក ស៊ីម៉ុន ពែរ៉េស (Shimon Peres) បានទទួលមរណភាព កាលពីយប់ថ្ងៃអង្គារ ចូលមកថ្ងៃពុធនេះ ក្នុង​ជន្មាយុ​៩៣ឆ្នាំ។ លោកបានរងគ្រោះ នឹងអាការៈដាច់សសៃឈាម ក្នុងខួរក្បាល ហើយបាន​ចូល​ទៅ​សម្រាក​ព្យាបាល នៅ​ក្នុង​មន្ទីរពេទ្យ តាំងពីថ្ងៃទី១៣ ខែកញ្ញាកន្លងមក។

លោក រ៉ាហ្វី វ៉ាលដែន (Rafi Walden) គ្រូពេទ្យផ្ទាល់ខ្លួន របស់លោក ពែរ៉េស ជាអ្នកប្រកាសដំណឹងនេះ ដោយ​ផ្ទាល់ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង (AFP)។ លោក វ៉ាលដែន បានថ្លែងថា៖ «បាទ ពិតហើយ! លោកបាន​ចាក​ចេញ​ទៅ នៅពេលលោកបានគេងលង់លក់ រវាងម៉ោងប្រមាណជា ៣ភ្លឺ (ម៉ោងក្នុងស្រុកអ៊ីស្ត្រាអែល ត្រូវនឹង​ម៉ោង ៧ព្រឹក នៅស្រុកខ្មែរ)»។

ប៉ុន្តែគ្រូពេទ្យរូបនេះ មិនបានផ្ដល់ព័ត៌មានឲ្យបានលំអិតជាងនេះទេ។ លោកគ្រាន់តែបន្ថែមថា សន្និសីទ​សារព័ត៌មាន​មួយ កំពុងត្រៀមធ្វើ នៅព្រឹកនេះ។

ការបាត់បង់លោក ស៊ីម៉ុន ពែរ៉េស គឺជាការបាត់បង់មនុស្សដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រ របស់រដ្ឋ​ និង​បណ្ដា​ជន​អ៊ីស្ត្រាអែល។ លោកត្រូវបានចាត់ទុក ជាមនុស្សចុងក្រោយបង្អស់ ដែលនៅសេសសល់ ពី​ជំនាន់​បីតាស្ថាបនិក ដែលបានបង្កើត រដ្ឋជីហ្វមួយនេះឡើងវិញ នៅក្រោយសង្គ្រាមលោកលើកទីពីរ។

លោក ពែរ៉េស ក៏ជាមនុស្សដ៏សំខាន់មួយ ក្នុងចំណោមអ្នកផ្ដួចផ្តើម ឲ្យមានកិច្ចព្រមព្រៀងក្រុង អូស្លូ (Oslo - រាជធានី​របស់ប្រទេសណរវេស) ដែលបានផ្ដល់ស្វ័យភាព ទៅឲ្យបណ្ដាជនប៉ាឡេស្ទីន ក្នុងទសវត្សន៍​ឆ្នាំ​១៩៩០។ សកម្មភាពរបស់លោកនេះហើយ ដែលធ្វើឲ្យគណកម្មការ ពានរង្វាន់​ណូបែលសន្តិភាព ប្រគល់​ជូន​លោក នូវពានរង្វាន់នេះ នៅពេលបន្ទាប់មក៕