ប៉ូលិស​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ យក​លុយ​ដុល្លារ​ក្លែងក្លាយ ដើរ​ចូល​បុណ្យ​តាម​វត្ត

(ពោធិ៍សាត់)៖ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៩និង៣៨ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចវត្តព្រែក ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ជនសង្ស័យដែលប្រើប្រាស់ លុយដុល្លារក្លែងក្លាយ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ជុំ វណ្ណនី ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
មុនពេលកើតហេតុ ស្ត្រីដែលជាជនសង្ស័យរូបនេះ បានធ្វើសកម្មភាពឆបោក យកលុយដុល្លារក្លែងក្លាយ ដើរចូលបុណ្យនៅតាមបណ្តាវត្ត ក្នុងស្រុកភ្នំក្រវាញ ពោលគឺនៅរដូវកាន់វេននេះតែម្តង។
មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន កម្លាំងរបស់យើងបានធ្វើការផ្សព្វផ្សាយគ្រប់គោលដៅ សំខាន់ៗ ពេលឃើញមុខសញ្ញាគួរឲ្យ សង្ស័យត្រូវរាយការណ៍ជាបន្ទាន់ ទើបយើងអាចឃាត់ខ្លួនជនសង្ស័យនៅពេលនេះបាន។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានឆែកឆេរ ក្នុងកាបូបជនសង្ស័យ ដោយដកហូតបាន លុយក្រដាស១០០ដុល្លារក្លែងក្លាយ ចំនួន៨៦០០ដុល្លារ និងគ្រឿងអលង្ការ ធ្វើអំពីស្ពាន់ជាច្រើនទៀត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅអធិការនគរបាលស្រុកភ្នំក្រវាញ ដើម្បីពិនិត្យមើលវត្ថុតាងទាំងនោះចាត់ការទៅតាម នីតិវិធី៕
ប៉ូលិស​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ យក​លុយ​ដុល្លារ​ក្លែងក្លាយ ដើរ​ចូល​បុណ្យ​តាម​វត្ត