ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី​មួយ​ក្រុម​ទៀត​​​នាំ​គ្នា​ទៅ​កាប់​រាន​ព្រៃ​ការពារ​ដើម្បី​យក​ដី

ព្រៃឈើ​ឋិត​ក្នុង​តំបន់​ការពារ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ភូមិឡែ ក្នុង​ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ចំនួន ២​ហិកតារ​បន្ថែម​ទៀត ត្រូវ​បាន​ជនជាតិ​ដើម​ភាគ​តិច​មួយ​ក្រុម​ផ្សេង​ទៀត​​នាំ​គ្នា​ទៅ​កាប់​រាន​ដើម្បី​យក​ដី។ មន្ត្រី​មូលដ្ឋាន​អះអាង​ថា អ្នក​ភូមិ​ដែល​ទៅ​កាប់​រាន​ព្រៃ​មិន​ស្តាប់​ការ​ណែនាំ​របស់​អាជ្ញាធរ​ឲ្យ​បញ្ឈប់​កាប់​រាន​ព្រៃ​ខុស​ច្បាប់​នោះ​ឡើយ។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ឡែ និង​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​កំពុង​រៀបចំ​ពាក្យ​ប្ដឹង​ជនជាតិ​ដើម​ភាគ​តិច​ដូច​គ្នា​មក​ពី​ភូមិ​សោមគល់ ឃុំ​សោមធំ ស្រុក​អូរយ៉ាដាវ ដែល​សម្រុក​នាំ​គ្នា​មក​កាន់​រាន​ព្រៃ​ឈើ​តំបន់​ការពារ។

គម្រោង​ដាក់​ពាក្យ​ប្ដឹង​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​សោមគល់ កាន់​តែ​ច្រើន​នាំ​គ្នា​មក​កាប់​រាន​ព្រៃ​ការពារ​សហគមន៍​ភូមិ​ឡែ បន្ថែម​ទៀត ខណៈ​ព្រៃឈើ​នោះ​ត្រូវ​បាន​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​សោមគល់ ៩​គ្រួសារ ចូល​មក​កាប់​ឆ្ការព្រៃ​តាំង​លំនៅឋាន​កាល​ពី​ខែ​មិថុនា។

ប្រធាន​សហគមន៍​ភូមិ​ឡែ លោក សល់ ណក បញ្ជាក់​ថា ការ​ដោះស្រាយ​បញ្ហា​ដោយ​អាជ្ញាធរ​ប្រពៃណី​មិន​អាច​បញ្ឈប់​ការ​រំលោភ​កាប់​រាន​ព្រៃ​សហគមន៍​បាន​ឡើយ ពីព្រោះ​ប្រជាពលរដ្ឋ​ភូមិ​សោមគល់ មិន​យល់​ព្រម​បញ្ឈប់​ការ​កាប់​ព្រៃ​ដែល​រដ្ឋបាល​ព្រៃឈើ​រក្សា​ទុកជា​ព្រៃ​សហគមន៍​ការពារ​នោះ​ឡើយ។

លោក​បន្ត​ថា នៅ​ដើម​សប្ដាហ៍​ក្រោយ​ពាក្យ​ប្ដឹង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​អាជ្ញាធរ​ស្រុក ខេត្ត ខណ្ឌ រដ្ឋបាល​ព្រៃឈើ និង​ស្ថាប័ន​អយ្យកា​ដើម្បី​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ការ​​រំលោភ​បំពាន​នេះ៖ «សម្រុះ​សម្រួល​ជាមួយ​សហគមន៍​ខាង​សោមគល់ គេ​ថា អត់​ព្រម​ជូន​មក​វិញ ទោះ​ស្លាប់​រស់​ជាប់​គុក​ច្រវាក់​នៅ​តែ​ធ្វើ អ៊ីចឹង​ខាង​គណៈកម្មការ​ចាស់​ទុំ មេ​ភូមិ​ មេ​ឃុំ ខាង​លំជ័រ​ធ្វើ​ពាក្យ​ប្ដឹង​រួច​អស់​ហើយ»

អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ បាន​ព្យាយាម​សម្របសម្រួល​ឲ្យ​អាជ្ញាធរ​ឃុំ​លំជ័រ និង​ឃុំ​សោមធំ ជួប​ប្រជុំ​ដោះស្រាយ​បញ្ឈប់​កុំ​ឲ្យ​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភូមិ​សោមគល់ កាប់​រាន​ព្រៃ​សហគមន៍​ភូមិ​ឡែ និង​ប្រគល់​​ដី​នោះ​សម្រាប់​ព្រៃ​អភិរក្ស​វិញ ក៏​ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​ទាំង​ពីរ​ក្រុម​អះអាង​ថា ការ​សម្របសម្រួល​តាម​​រយៈ​អាជ្ញាធរ​ប្រពៃណី​មិន​បាន​លទ្ធផល​ទេ។

​មេ​ឃុំ​សោមគល់ លោក សល់ ទួន បញ្ជាក់​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ថា កាល​ពី​សប្ដាហ៍​មុន​នេះ ប្រជាពលរដ្ឋ​ភូមិ​សោមគល់ ស្ទើរ​គ្រប់​ក្រុម​គ្រួសារ​នាំ​គ្នា​ទៅ​កាប់​រាន​ព្រៃ​បន្ថែម​ដើម្បី​យក​ដី បើ​ទោះ​​បី​អាជ្ញាធរ​ហាមឃាត់ និង​ណែនាំ​ឲ្យ​បញ្ឈប់​យ៉ាង​ណា​ក្តី។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ភូមិ​សោមគល់ សំអាង​ថា ពលរដ្ឋ​ភូមិ​ឡែ ក៏​កាប់​រាន​ព្រៃ​នោះ​យក​ដី​ដូច​គ្នា៖ «ខ្ញុំ​ហាម​ដែរ ខ្ញុំ​ថា​បង​ប្អូន​កុំ​ធ្វើ​អ៊ីចឹង បើ​យើង​អត់​ដី​យើង​សុំ​ទៅ​ហ្នឹង​បាន​ត្រូវ បើ​យើង​សម្រុក​ដូច​ធ្វើ​សង្គ្រាម​អ៊ីចឹង​មិន​បាន​ទេ»

ឆ្លើយ​តប​ការ​ចោទ​នេះ មេ​ឃុំ​លំជ័រ លោក សេវ ថ្វាន បញ្ជាក់​ថា ព្រៃ​ដែល​ប្រជាពលរដ្ឋ​ភូមិ​សោមគល់ ​ទៅ​កាប់​រាន​យក​ដី គឺ​ជា​ដី​ព្រៃ​ដែល​ក្រសួង​កសិកម្ម​បាន​រៀបចំ​ជា​ព្រៃ​ការពារ​សហគមន៍​ដើម្បី​អភិរក្ស​ព្រៃឈើ មិន​មាន​ជន​ណា​កាប់​រាន​បាន​ឡើយ។ លោក​ថា អ្នក​ភូមិ​សោមគល់ លក់​ដី​ចំការ​របស់​ខ្លួន​អស់​​គ្មាន​ដី​ដាំ​ដំណាំ​ទើប​នាំ​គ្នា​ទៅ​កាប់​​រាន​ព្រៃ​ការពារ​នេះ។

ទាក់ទិន​ករណី​នេះ​ដែរ អភិបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ ទទួល​ស្គាល់​ថា អាជ្ញាធរ​ស្រុក​​បាន​ស៊ើប​អង្កេត និង​កំពុង​ស្វែង​រក​ដំណោះស្រាយ​ទាក់ទិន​ប្រជាពលរដ្ឋ​ភូមិ​សោមគល់ ៩​គ្រួសារ ចូល​ទៅ​កាប់​រាន​ព្រៃ​សហគមន៍​ភូមិ​ឡែ។ លោក​ថា វិធានការ​បន្ទាន់​គឺ​សុំ​ឲ្យ​មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​តំបន់​នោះ​ជួយ​ទប់ស្កាត់​ចលនា​កាប់​រាន​ព្រៃ​បន្ថែម​នេះ​សិន ដើម្បី​ចាត់​វិធានការ​បន្ត ប្រសិន​អាជ្ញាធរ​ឃុំ​អស់​លទ្ធភាព​ដោះស្រាយ​បញ្ហា​បាន៖ «ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​តាំង​ពី​សប្ដាហ៍​មុន​ឲ្យ​ជួយ​ទប់ស្កាត់ ប៉ុន្តែ​មិន​ដឹង​លទ្ធផល​ម៉េច»

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី ចាត់​ទុក​ករណី​នេះ​​ថា គ្រោះអាសន្ន​នៃ​ព្រៃឈើ​តំបន់​ការពារ និង​ការ​មិន​គោរព​ច្បាប់​ដោយ​ជនជាតិ​ដើម​ភាគតិច​ផ្ទាល់។ លោក​ថា ព្រៃឈើ​អភិរក្ស​ក្នុង​តំបន់​ការពារ​នឹង​បាត់បង់​ប្រសិន​អាជ្ញាធរ​មិន​ចាត់​វិធានការ​បញ្ឈប់​ការ​​កាប់​ព្រៃ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ៖ «បើ​មិន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ទេ ព្រៃ​ឈើ​នៅ​តំបន់​នោះ​នឹង​ហិនហោច​គ្មាន​អ្នក​ណា​គ្រប់គ្រង​បាន​ទេ»

ព្រៃ​ការពារ​សហគមន៍​ភូមិ​ឡែ មាន​ផ្ទៃដី​ជិត ៥០០​ហិកតារ កាល​ពី​ឆ្នាំ​២០១២ ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ បាន​រំលោភ​ឈូស​ឆាយ​អស់​ព្រៃ​ជាង ៣០​ហិកតារ ប៉ុន្តែ​សហគមន៍​បាន​ប្ដឹង​តវ៉ា​ឲ្យ​បញ្ឈប់​នឹង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដាំ​កូន​ឈើ​នៅ​តំបន់​នោះ​ឡើង​វិញ។ រហូត​បច្ចុប្បន្ន​កូន​ឈើ​ដែល​ក្រុមហ៊ុន​បាន​ដាំ​សង​មិន​​មាន​ការ​ថែទាំ​ដូច​ការ​សន្យា​រយៈពេល​ពីរ​ឆ្នាំ​នោះ​ទេ ហេតុ​នេះ​កូន​ឈើ​ដែល​ដាំ​នោះ​ត្រូវ​ភ្លើង​ឆេះ​ព្រៃ​ខូចខាត​អស់​មួយ​ចំនួន និង​ផ្ទៃ​ដី​ដាំ​កូនឈើ​មួយ​ផ្នែក​ទៀត​ត្រូវ​ប្រជាពលរដ្ឋ​ភូមិ​សោមគល់ ចូល​ទៅ​សង់​លំនៅឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។