បន្ថែម​ទោស​ជនជាប់ចោទ​១៤​ឆ្នាំ​ទៀត ក្នុង​បទ​ប្លន់​២​ករណី

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ជា សុខ​ច័ន្ទ​ដេ​ត ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ម្នាក់​ដាក់​ពន្ធនាគារ​៧​ឆ្នាំ​បូក​នឹង​៧​ឆ្នាំ​ក្នុង​សំណុំរឿង លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ប្រព្រឹត្ត​អំពើ​ហិង្សា ចំនួន​២​ករណី​នៅ​រាជធានី​ភ្នំពេញ បន្ថែម​លើ​បទល្មើស​៧​ឆ្នាំ មាន​១១​ករណី​កន្លង​ទៅ ។

ជនជាប់ចោទ​ឈ្មោះ នុ​ជ សំណាង ហៅ សែន សំណាង ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ចៅក្រម​សំរេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ចំនួន​២​រឿង ក្នុង​មួយ​រឿង​ៗ​ដាក់​ពន្ធនាគារ​កំណត់​៧​ឆ្នាំ ។ គួរ​បញ្ជាក់​ថា​កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ជនជាប់ចោទ​ខាងលើ​នេះ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​១១​ករណី​ម្តង​រួច​ហើយ​ដាក់​ពន្ធនាគារ​មួយ​ករណី​ៗ៧​ឆ្នាំ (​សរុប​៧៧​ឆ្នាំ​) ។

នៅ​ព្រឹក​មិ​ញ​នេះ​ដែរ​ជនជាប់ចោទ​ខាងលើ​នេះ​ត្រូវ​បាន​ជំនុំជម្រះ​មួយ​ករណី​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ប្លន់ និស្សិត​ស្រី​ម្នាក់​នៅ​ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៥ ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦​ខាង​មុខ​នេះ​។ នា​ពេល​សវនាការ​ជន​រង​គ្រោះ​សូម​សំណូមពរ និង​ទាមទារ​សំណង​ថ្លៃ​ម៉ូតូ​ចំនួន ២.១០០​ដុល្លារ ពី​ជនជាប់ចោទ​ឈ្មោះ នុ​ជ សំណាង ហៅ សែន សំណាង នោះ​វិញ ។

ចៅក្រម​បញ្ជក់​ថា ជនជាប់ចោទ​រូប​នេះ សរុប​មានរឿង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រហែល​ជាង​២០​រឿង ដោយ​បាន​ធ្វើការ​ជំនុំជម្រះ​បាន​ចំនួន​១៦​រឿង ប្រកាស​បាន​១៣​រឿង ជំនុំជម្រះ​ហើយ​នៅ​សល់​មិន​ទាន់​ប្រកាស​សាលក្រម​៣​រឿង និង​មិន​ទាន់​លើកយក​មក​ជម្រះ​ទៀត សុទ្ធតែ​បទល្មើស​ឧក្រិដ្ឋ (១៤​ឆ្នាំ​បូក​៧៧​ឆ្នាំ​ទោស​មាន​រួច​ហើយ​)៕