ថៃ​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​ស្រប​ច្បាប់​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​និង​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ធម្មតា

ពលរដ្ឋ​ចំណាក​ស្រុក​កម្ពុជា ដែល​មាន​លិខិត​ឆ្លង​ដែន​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ នឹង​មិន​តម្រូវ​ឲ្យ​ចុះ​ឈ្មោះ​សាជាថ្មី​ទៀត​ជាមួយ​អាជ្ញាធរ​ថៃ នោះ​ទេ​ពេល​ដែល​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ ក្រោយ​ពី​ពួក​គេ​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​កម្ពុជា។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post) ដែល​បាន​ដកស្រង់​សម្ដី​មន្ត្រី​ក្រសួង​ការងារ​ថៃ នៅ​ថ្ងៃ​ទី​២៨ កញ្ញា។

ការ​សម្រេច​នេះ ធ្វើ​ឡើង​តាម​ការ​អំពាវនាវ​របស់​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង អ្នកស្រី មូរ សុខហួរ ដើម្បី​ឲ្យ​ពលករ​ខ្មែរ​ជាង ១​លាន​នាក់​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទាំង​ស្រប​ច្បាប់ និង​ខុស​ច្បាប់ មក​ចុះ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១ កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ខាង​មុខ។

មន្ត្រី​ក្រសួង​ការងារ​ថៃ បញ្ជាក់​ថា ប្រសិន​កម្ពុជា ស្នើសុំ​កិច្ច​សហការ ក្រសួង​ការងារ​ថៃ នឹង​ធ្វើ​ដូច​គ្នា​នឹង​អ្វី​ដែល​បាន​ធ្វើ​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ការ​បោះឆ្នោត​កន្លង​ទៅ។ ក្រសួង​ការងារ​ថៃ នឹង​ស្នើ​ដល់​និយោជក អនុញ្ញាត​ឲ្យ​ពលករ​ចំណាក​ស្រុក​កម្ពុជា សុំ​ច្បាប់ និង​ត្រឡប់​មក​ធ្វើ​ការ​វិញ​បាន​ដូច​ធម្មតា។

ទោះ​បី​ជា​យ៉ាង​ណា ការ​អនុវត្ត​នេះ​ធ្វើ​ឡើង​តែ​ចំពោះ​ពលករ​ស្រប​ច្បាប់​តែ​ប៉ុណ្ណោះ ដោយឡែក​ពលករ​ខុស​ច្បាប់​វិញ អាជ្ញាធរ​ថៃ នឹង​ធ្វើ​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។