លោក អូ​បា​ម៉ា តែងតាំង​ទូត​ប្រចាំ​គុយបា​ជា​លើកដំបូង​ក្នុង​៥​ទសវត្សរ៍​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-28-2016, 7:39 pm         251

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក អូ​បា​ម៉ា តែងតាំង​ទូត​ប្រចាំ​គុយបា​ជា​លើកដំបូង​ក្នុង​៥​ទសវត្សរ៍​​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃទី ២៨ ខែកញ្ញា បានតែងតាំង​លោក Jeffrey DeLaurentis អគ្គរដ្ឋទូត​ថ្មី​ប្រចាំ​គុយបា​ហើយ បន្ទាប់ពី​ប្រទេស​ទាំងពីរ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ​នៅ​ឆ្នាំ​២០១៥​មក​។ លោក Jeffrey DeLaurentis នឹង​ក្លាយជា​អគ្គរដ្ឋទូត​អាមេរិក​ទីមួយ​ប្រចាំ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​ក្នុងពេល​៥០​ឆ្នាំ​ចុងក្រោយ​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​ពីរ​ឆ្នាំក្រោយ​ស្ដារ​ទំនាក់ទំនង​ឡើងវិញ អាមេរិក​ក៏បាន​តែងតាំង​អ្នកការទូត​ជើងចាស់​ជា​អគ្គរដ្ឋទូត​ថ្មី​ប្រចាំ​ក្រុង​ឡា​ហាវ៉ាន​។ លោក Jeffrey DeLaurentis ដែលជា​ប្រធាន​បេសកកម្ម​អាមេរិក​ប្រចាំ​គុយបា ត្រូវបាន​ប្រធានាធិបតី អូ​បា​ម៉ា តែងតាំង​ជា​អគ្គរដ្ឋទូត​អាមេរិក​ដំបូង​គេ​នៅ​គុយបា​ក្នុងពេល​កន្លះ​សតវត្សរ៍​មកនេះ​។​

​លោក DeLaurentis ត្រូវគេ​មើលឃើញថា ជា​បេក្ខជន​ឈានមុខ​គេ​សម្រាប់​តំណែង​សំខាន់​នេះ ដ្បិត​លោក​មានបទពិសោធន៍​ច្រើន​លើ​កិច្ចការ​ការទូត ហើយ​លោក​ជា​តំណាង​បេសកកម្ម​អាមេរិក​នៅ​គុយបា​ស្រាប់​ទៅហើយនោះ ពោលគឺ​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​។ ទាក់ទង​នឹង​រឿងនេះ​លោក អូ​បា​ម៉ា និយាយថា ការតែងតាំង​អគ្គរដ្ឋទូត​ថ្មី ជា​ជំហាន​ទៅមុខ​មួយទៀត ទៅកាន់​ទំនាក់ទំនង​ប្រកបដោយ​ផ្លែផ្កា រវាង​អាមេរិក និង​គុយបា​។​

​យ៉ាងណាមិញ ការតែងតាំង​លោក Jeffrey DeLaurentis ចាំបាច់​ត្រូវមាន​ការយល់ព្រម​ពី​ព្រឹទ្ធសភា​សិន ហើយ​លោក អូ​បា​ម៉ា ទំនងជា​ប្រឈមមុខ​នឹង​បញ្ហា​ស្មុគស្មាញ​នៅ​សភា ដ្បិត​ក្រុម​សាធារណរដ្ឋ ប្រហែលជា​ប្រឆាំងនឹង​ការតែងតាំង​នេះ​។ សមាជិក​ព្រឹទ្ធសភា មកពី​រដ្ឋ Florida លោក Marco Rubio និង​សមាជិក​ព្រឹទ្ធសភា​មកពី​រដ្ឋ Texas លោក Ted Cruz សុទ្ធតែ​ធ្លាប់​ប្រកាស​ហើយ​ថា លោក​ទាំងពីរ​នឹង​រារាំង​រាល់​ការ​តែង​តែង​អគ្គរដ្ឋទូត​ប្រចាំ​គុយបា​។

​សូម​រម្លឹកថា ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ប្រធានាធិបតី​គុយបា រ៉ា​អ៊ូ​ល កា​ស្ត្រូ ប្រកាស​ស្ដារ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឡើងវិញ​កាលពី​ឆ្នាំ​២០១៤ ហើយ​មកដល់​ខែកក្កដា ឆ្នាំ​២០១៥ ភាគី​ទាំងពីរ​ក៏បាន​ភ្ជាប់​ទំនាក់​ទំនងជា​ផ្លូវការ​តែម្ដង​។ នៅក្រោយ​ការសម្រួល​ទំនាក់ទំនង​ការទូត អាមេរិក​ក៏​ឈាន​មួយ​ជំហាន​ដ៏​សំខាន់ គឺ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​គុយបា​កាលពី​ខែមីនា ឆ្នាំ​២០១៦​។

​ក្រោយមកទៀត អាមេរិក​ក៏បាន​ដក​ទណ្ឌកម្ម​មួយចំនួន​ដែល​ធ្លាប់​ដាក់​លើ​គុយបា ហើយ​ការហោះហើរ​រវាង​អាមេរិក និង​គុយបា ក៏​ចាប់ផ្ដើម​ឡើងវិញ​ដែរ​។ អ្នកវិនិយោគ​អាមេរិក​ជាច្រើន ក៏បាន​សម្រុក​ទៅរក​ស៊ី​នៅ​គុយបា ជាពិសេស​វិស័យ​ទេសចរណ៍ សណ្ឋាគារ ខណៈដែល​អ្នកទេសចរ​អាមេរិក ជាច្រើន​ទៅលេង​ប្រទេស​កោះ​មួយ​នេះ​៕