ពលរដ្ឋ​ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​សេវា​សុខាភិបាល​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ

សេវាសុខាភិបាលនៅតែជាបញ្ហាប្រឈមដល់ប្រជាពលរដ្ឋ។ ក្នុងមួយឆ្នាំៗ ពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់បានចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស ពិសេសប្រទេសជិតខាង ដោយសារហេតុផលផ្សេងៗ។ ពលរដ្ឋដែលមានជីវភាពធូរធារ បានចាកចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស ខណៈដែលពលរដ្ឋដែលមានជីវភាពមធ្យម និងក្រីក្រនៅព្យាបាលជំងឺក្នុងស្រុក។ ពួកគេរិះគន់ចំពោះការផ្ដល់សេវាសុខាភិបាលក្នុងប្រទេស ថាមានកម្រិតអន់ខ្សោយនៅឡើយ ទោះបីជាមានការធានាដោយរដ្ឋធម្មនុញ្ញ ដោយតម្រូវឲ្យរដ្ឋយកចិត្តទុកដាក់ដល់ការផ្ដល់សេវានេះក្ដី។

ប្រជាពលរដ្ឋ សង្គមស៊ីវិល និងគណបក្សប្រឆាំង បានស្នើឲ្យក្រសួងសុខាភិបាល យកចិត្តទុកដាក់ចំពោះបញ្ហានេះជាបន្ទាន់។

Loading...

មាត្រា៧២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា។ រដ្ឋយកចិត្តទុកដាក់ដល់ការការពារជំងឺ និងព្យាបាលជំងឺ។ ប្រជារាស្ត្រក្រីក្រត្រូវបានទទួលការពិនិត្យរោគដោយឥតបង់ថ្លៃនៅតាមមន្ទីរពេទ្យ គិលានដ្ឋាន និងមន្ទីរសម្ភពសាធារណៈ។ រដ្ឋរៀបចំឲ្យមានគិលានដ្ឋាន និងមន្ទីរសម្ភពដល់ជនបទ។

បើទោះជារដ្ឋធម្មនុញ្ញបានធានាការផ្ដល់សេវាសុខាភិបាលដូចនេះអស់រយៈពេល ២៣ឆ្នាំក្តី ពលរដ្ឋខ្មែរនៅតែរអ៊ូរទាំ និងរិះគន់រដ្ឋាភិបាលពីវិស័យសុខាភិបាលកម្ពុជា។

ពលរដ្ឋមួយចំនួនដែលមានជំងឺ បានបញ្ចេញទស្សនៈ និងខ្លះរិះគន់ចំពោះការផ្ដល់សេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋនៅលើហ្វេសប៊ុក (facebook) របស់ពួកគេ។

ប្រធានបណ្ដាញយុវជនកម្ពុជា លោក ទឹម ម៉ាឡៃ ដែលបង្ហោះរូបលោកដៃជាប់សេរ៉ូមនៅក្នុងមន្ទីរពេទ្យមួយ បានសរសេរថា នៅពេលព្រះមហាក្សត្រទ្រង់ប្រឈួន លោកយាងទៅប្រទេសចិន ដើម្បីទទួលការពិនិត្យព្យាបាលពីគ្រូពេទ្យចិន ខណៈថ្នាក់ដឹកនាំគ្រាក់ៗនាំគ្នាទៅប្រទេសសិង្ហបុរី អ្នកមានទ្រព្យធនធំៗជុំទៅប្រទេសថៃ អ្នកមានកម្រៃមធ្យមផ្ដុំនៅប្រទេសវៀតណាម ឯអ្នកក្រីក្រល្ហេមល្ហាម ដើរតាមពេទ្យស្រុកខ្មែរ ចំណែកអ្នកអត់លុយដេកចាំវាសនា។

លោក ទឹម ម៉ាឡៃ បានផ្ដល់សម្ភាសបន្ថែមថា មាត្រាដែលបានចែងក្នុងរដ្ឋធម្មនុញ្ញឃើញថាល្អ ប៉ុន្តែការអនុវត្តជាក់ស្ដែងរបស់រដ្ឋាភិបាលមិនទាន់បាននៅឡើយ ដោយគ្រូពេទ្យមួយចំនួនមិនយកចិត្តទុកដាក់ គ្រូពេទ្យពុំមានក្រមសីលធម៌ គិតតែពីលុយជាធំ គ្រូពេទ្យខ្វះជំនាញ និងខ្វះសម្ភារៈបរិក្ខារពេទ្យដែលមិនអាចឲ្យពលរដ្ឋមានទំនុកចិត្ត៖ «»។

ពលរដ្ឋ​ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​សេវា​សុខាភិបាល​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ

ជុំវិញវិស័យសុខាភិបាលនេះដែរ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង គួរតែសុំលាលែងចេញពីតំណែង ព្រោះពលរដ្ឋខ្មែររងគ្រោះយ៉ាងខ្លាំងពីវិស័យសុខាភិបាល។ លោកថា នៅពេលវិលចូលសភាវិញ លោកនឹងកោះហៅលោក ម៉ម ប៊ុនហេង មកឆ្លើយបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភា ហើយបើរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឆ្លើយមិនត្រឹមត្រូវ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ៣០រូប នឹងស្នើទៅសភាដើម្បីប្រជុំពេញអង្គដកតំណែងលោក ម៉ម ប៊ុនហេង ពីរដ្ឋមន្ត្រី៖ «»។

ថ្វីត្បិតតែមានការលើកឡើងយ៉ាងនេះក្ដី ថ្លែងនៅក្នុងពិធីសម្ពោធមន្ទីរពេទ្យជប៉ុន សាន់រ៉ាយស៍ (Sunrise) នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ដែលជាមន្ទីរពេទ្យឯកជនរបស់ជប៉ុន លើកទី១ ដែលបានចំណាយថវិកា ៣៥លានដុល្លារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ខណៈលោកកំពុងមានជំងឺរលាកបំពង់ក លោកចង់ក្លាយជាអ្នកជំងឺដំបូងក្នុងមន្ទីរពេទ្យនេះ។ លោកសំណូមពរមន្ទីរពេទ្យនេះជួយពង្រឹងសមត្ថភាពរបស់គ្រូពេទ្យខ្មែរក្នុងប្រទេស និងពង្រឹងសេវាសុខភាពឲ្យកាន់តែល្អប្រសើរ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ៖ «»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់បានដឹងថា វិស័យនេះនៅកម្ពុជា កំពុងមានភាពអន់ខ្សោយ។ លោកបញ្ជាក់ថា មន្ទីរពេទ្យនេះនឹងចូលរួមចំណែកដ៏សំខាន់ក្នុងការទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគបរទេសដែលធ្វើឲ្យពួកគេមានជំនឿចំពោះសេវាថែទាំ និងព្យាបាលសុខភាពនៅកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯង ក៏តែងទៅទទួលការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី ដែរក្នុងពេលកន្លងទៅ។

ទាក់ទងបញ្ហានេះដែរ អតីតនាយកប្រតិបត្តិអង្គការសុខភាពនៅកម្ពុជា ហៅកាត់ថា ម៉េឌីខាំ (Medicam) និងបច្ចុប្បន្នជាទីប្រឹក្សាបច្ចេកទេសឯករាជ្យលើវិស័យសុខាភិបាល លោកវេជ្ជបណ្ឌិត ស៊ីន សុមុនី មានប្រសាសន៍ថា រដ្ឋាភិបាល និងក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងឲ្យអ្នកក្រីក្រអាចទទួលសេវាតាមរយៈការផ្ដល់មូលនិធិសមធម៌ មានការពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ធ្វើម៉េចឲ្យមូលដ្ឋានសុខាភិបាលកាន់តែកៀកជិតជាងមុន រួមទាំងប្រឹងប្រែងពង្រឹងគុណភាពសេវាសុខាភិបាល ប៉ុន្តែការខិតខំប្រឹងប្រែងនេះនៅមិនទាន់ឆ្លើយតប និងពេញចិត្តពេញថ្លើមពលរដ្ឋនៅឡើយទេ។ បញ្ហានេះ ទាមទារឲ្យមានការកែលំអច្រើនទៀត ដើម្បីកាត់បន្ថយលំហូរពលរដ្ឋចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស៖ «»។

ទោះជាមានការរិះគន់ថាមានបញ្ហាមួយចំនួននៅក្នុងវិស័យសុខាភិបាលក្ដី កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានសហការជាមួយធនាគារពិភពលោក (World Bank) ធ្វើគម្រោងមួយស្ដីពីការពង្រឹងគុណភាពសេវាសុខាភិបាល និងសមធម៌ អនុវត្តពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០។ គម្រោងនេះអាចនឹងចំណាយថវិកាប្រមាណ ៦០ ទៅ ៧០លានដុល្លារ ក្នុងបំណងពង្រឹងគុណភាពសេវាសុខាភិបាល និងធ្វើឲ្យប្រជាពលរដ្ឋមានសមធម៌ក្នុងការទទួលបានសេវាសុខាភិបាល និងការពង្រីកមូលនិធិសមធម៌ ជាដើម។

ពលរដ្ឋ​ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​សេវា​សុខាភិបាល​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ

ក្នុងមួយឆ្នាំៗ ក្រសួងសុខាភិបាល បានទទួលថវិកាជាតិប្រមាណជាង ៣០០លាន ឬជិត ៤០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបំពេញការងារទាំងឡាយក្នុងវិស័យដ៏សំខាន់មួយនេះ។ ដើម្បីលើកកម្ពស់សេវាសុខាភិបាល ទីប្រឹក្សាបច្ចេកទេសឯករាជ្យលើវិស័យនេះ បានផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលត្រូវពង្រឹងគុណភាពសេវាសុខាភិបាលទាំងវិស័យរដ្ឋ និងឯកជន ធ្វើយ៉ាងណាឲ្យគុណភាពវិស័យនេះមានភាពល្អប្រសើរជាងមុន។ ពោលគឺជំរុញឲ្យពលរដ្ឋទទួលបានសេវាព្យាបាលដោយពុំមានរបាំងហិរញ្ញវត្ថុ ស្របពេលដែលបច្ចុប្បន្នពលរដ្ឋបានបង់ពន្ធចូលរដ្ឋជាច្រើននោះ។

ទន្ទឹមគ្នានេះ ក៏ទាមទារឲ្យពង្រឹងកំណែទម្រង់រដ្ឋបាលសាធារណៈ ត្រូវពង្រឹងសមត្ថភាពគ្រូពេទ្យដែលកំពុងបំពេញការងារផ្ដល់ឲ្យមន្ត្រីរាជការទទួលបានប្រាក់ខែគ្រប់គ្រាន់ ដើម្បីឲ្យពួកគាត់បំពេញកាតព្វកិច្ចគ្រប់ពេលវេលា និងម៉ោងធ្វើការឲ្យបានត្រឹមត្រូវ ដើម្បីឲ្យគ្រូពេទ្យមានកម្លាំង និងទឹកចិត្តធ្វើការប្រកបដោយក្រមសីលធម៌ក្នុងការចំណាយពេលវេលាជាមួយអតិថិជនបានច្រើនជាងពេលបច្ចុប្បន្ន។

លើសពីនេះ រដ្ឋត្រូវពិនិត្យមើល និងពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យនេះទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រូពេទ្យរបស់រដ្ឋ និងឯកជន បើសិនការបណ្ដុះបណ្ដាលពុំមានគុណភាពនោះទេ វាអាចនឹងប៉ះពាល់ដល់ការផ្ដល់សេវាសុខាភិបាលក្នុងរយៈពេល ១០ ទៅ ២០ឆ្នាំទៅមុខទៀត។ បញ្ហានេះ នឹងកាន់តែមិនបានឆ្លើយតបទៅនឹងសេចក្ដីចែងក្នុងរដ្ឋធម្មនុញ្ញនោះទៀត៕

ប្រភព៖ RFA