ប្រព័ន្ធ​សម្ពាធ​ទាប៖ ខេត្ត​ចំនួន៦ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ចាប់​ពី​ថ្ងៃ​ទី​១-៣ តុលា ឆ្នាំ​២០១៦

ខេត្តចំនួន៦ អាចប្រឈមនឹងជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី១-៣ តុលា ឆ្នាំ២០១៦នេះ។ ខេត្តចំនួន៦ នោះរួមមានផ្នែកខ្លះនៃខេត្ត កណ្តាល តាកែវ កំពត ពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ ក្រសួងធនធានទឹក និងឧត្តុនិយមបានប្រាប់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ចំពោះជំនន់ទឹកភ្លៀង ដែលអាចកើតមានក្នុងអំឡុងសបា្តហ៍នេះ។

អត្ថបទដោយ ប៉ុន សោភ័ណ

Loading...

ឥទ្ធិពលប្រព័ន្ធសម្ពាធទាប អាចបណ្តាលឱ្យខេត្តចំនួន៦ នៅកម្ពុជាប្រឈមនឹងជំនន់ទឹកភ្លៀង។ នៅសប្តាហ៍នេះប្រព័ន្ធសម្ពាធទាប បានរំកិលខ្លួនទៅភាគខាងជើងប្រទេស ដោយបានអូសកាត់នៅលើផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គនៅក្នុងប្រទេសថៃ និងប្រទេសឡាវ។ ប្រព័ន្ធសម្ពាធទាប នេះក៏បណ្តាលមកពីឥទ្ធិពលនៃខ្យល់ព្យុះទី១៧ ប្រចំាឆ្នាំ ដែលមានឈ្មោះម៉េជី ដែលបានវាយប្រហារកោះតៃវ៉ាន់កាលពីថ្ងៃអង្គារ បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ នៅពេលដែលព្យុះ ម៉េជីបានទាញយកប្រព័ន្ធសម្ពាធទាបឱ្យទៅទិសខាងត្បូង។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកបានប្រាប់វិទ្យុបារំាងអន្តរជាតិថា នៅយប់នេះព្យុះម៉េជី នឹងបន្តដំណើរទៅកាន់ប្រទេសចិន ភាគខាងកើត ហើយវានឹងថមថយឥទ្ធិពលបន្តិចម្តងៗ ទៅជាវិសមា្ពធ និងក្រោយមកក្លាយ ទៅជាសម្ពាធទាបនៅពេល ដែលបានទៅដល់ដីគោក។ មានន័យថា នៅពេលដែលព្យុះអស់ឥទ្ធិពល ប្រព័ន្ធសម្ពាធទាបនឹងចាប់ផ្តើមបង្កើនឥទ្ធិពលឡើងវិញ។ ដូច្នេះនៅចុងសប្តាហ៍នេះរឺដើមសប្តាហ៍ក្រោយប្រព័ន្ធសម្ពាធទាប និងមានឥទ្ធិពលឡើងវិញ ធ្វើឱ្យកម្ពស់ទឹកទន្លេមេគង្គកើនឡើង ជាហេតុនាំប្រទេសកម្ពុជាមានភ្លៀងធ្លាក់ជោគជាំ។ ជាពិសេសតំបន់ទំនាប និងតំបន់ជាប់ផ្លូវទឹក គឺជាខេត្តដែលរងការប្រឈមច្រើនជាងគេ។

ជុំវិញបញ្ហានេះ ក្រសួងធនធានទឹកក៏បានចេញនូវវិធានការណ៍មួយចំនួនដូចជា ការបង្វែរទឹកចេញ។ មានន័យថា កន្លែងណាដែលអាចទាញទឹកទុកបាន គឺត្រូវទាញទុកយកទៅប្រើប្រាស់នៅពេលខាងមុខ។ វិធានបន្ទាប់គឺ ការត្រៀមនូវគ្រឿងចក្រមួយចំនួនធ្វើយ៉ាងណាបើកផ្លូវទឹក ដើម្បីអោយចរន្តទឹកភ្លៀងហូរទៅកាន់បឹងទន្លេសាបអោយកាន់តែឆាប់រហ័ស។ នេះគឺជាវិធានការណ៍ចម្បងមួយ ដែលក្រសួងធនធានទឹកនិងឧតុនិយមបានត្រៀមលក្ខណៈរួចជាស្រេច នៅក្នុងការទប់ស្កាត់ជំនន់ទឹកភ្លៀង ក៏ដូចជាជៀសវាងការខូចខាតផ្សេងៗ ដែលអាចកើតមានផងដែរ៕

ប្រភព៖ Rfi