អតីត​អ្នកទោសនយោបាយ​នៅ​មី​យ៉ាន់​ម៉ា ស្នើ​រដ្ឋាភិបាល​បង្កើត​ក្រសួងយុត្តិធម៌ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-28-2016, 8:19 pm         453

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អតីត​អ្នកទោសនយោបាយ​នៅ​មី​យ៉ាន់​ម៉ា ស្នើ​រដ្ឋាភិបាល​បង្កើត​ក្រសួងយុត្តិធម៌​អតីត​អ្នកទោសនយោបាយ​នៅ​មី​យ៉ាន់​ម៉ា បាន​លើក​ជា​សំណើ​មួយ​ទៅកាន់​រដ្ឋាភិបាល​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ឲ្យ​បង្កើត​ក្រ​សូង​ថ្មី​មួយ គឺ​ក្រសួងយុត្តិធម៌ ដើម្បី​ធានា​ពី​ឯករាជ្យភាព​នៃ​ប្រព័ន្ធយុត្តិធម៌​នៅក្នុង​ប្រទេស​។ អតីត​អ្នកទោសនយោបាយ​ទាំងនោះ ស្នើ​ដូចនេះ ខណៈដែល​មី​យ៉ាន់​ម៉ា មិនមាន​ក្រសួងយុត្តិធម៌​ឡើយ ហើយ​រាល់​ការងារ​ទាក់ទង​នឹង​ពន្ធ​ធនាគារ និង​អ្នកទោស​ទាំងអស់ ស្ថិតក្រោម​ក្រសួងមហាផ្ទៃ​ទាំងអស់​។​

​សមាគម​នៃ​អ្នកទោសនយោបាយ​នៅ​មី​យ៉ាន់​ម៉ា (AAPP) នៅ​ថ្ងៃទី​២៦ ខែកញ្ញា បាន បញ្ចេញ​របាយការណ៍​ស្ដីពី​ពន្ធ​ធនាគារ ដោយបាន​លម្អិត​ពី​លក្ខខណ្ឌ​រស់នៅក្នុង​គុក និង ការកែទម្រង់​ពន្ធ​ធនាគារ​។ សមាគម​នេះ ក៏​ស្នើ​ឲ្យ​ផ្ទេ​ការគ្រប់គ្រង​ពន្ធ​ធនាគារ​ដែល​បច្ចុប្បន្ន​ស្ថិតក្រោម​អំណាច​ក្រសួងមហាផ្ទៃ ទៅកាន់​ក្រសួង​ថ្មី​មួយទៀត​ដែរ​។​

​លោក Ko Ko Gyi មេដឹកនាំ​មួយរូប​នៃ​ចលនា​សន្តិភាព​និង​ការបើកចំហ និយាយថា ប្រសិនបើ​អ្នកទោស​ណា​ម្នាក់​តវ៉ា​នឹង​ការរំលោភ​សិទ្ធិមនុស្ស វា​ត្រូវតែ​បាន​ដោះស្រាយ​នៅ​ស្ថាប័ន​មួយ​ដែល​មិន​ជាប់ទាក់ទង​នឹង​ក្រសួងមហាផ្ទៃ ដូចជា​ក្រសួងយុត្តិធម៌​ជាដើម​។ ប៉ុន្តែ​លោក​ក៏​បញ្ជាក់ដែរថា វា​ជា​រឿង​ពិបាក​ក្នុងការ​បង្កើត​ក្រសួង​ថ្មី​មួយ ហើយ​វា​ក៏​តម្រូវ​ឲ្យ​មានការ​ពិភាក្សា​ឲ្យ​ដិតដល់​រវាង​រដ្ឋាភិបាល សភា សង្គម​ស៊ីវិល និង​អ្នកជំនាញ​អន្តរជាតិ​។​

​យោងតាម​សារព័ត៌មាន The Irrawaddy ការសិក្សា​ខាងលើ​ស្នើ​បង្កើត​ក្រសួងយុត្តិធម៌ និង​ផ្ទេរ​ការទទួលខុសត្រូវ​លើ​កិច្ចការ​ពន្ធ​ធនាគារ​ពី​ការគ្រប់គ្រង​របស់​ក្រសួងមហាផ្ទៃ ដែលមាន​រដ្ឋមន្ត្រី​មកពី​យោធា ទៅ​ឲ្យ​ក្រសួង​ដែល​ត្រូវបង្កើត​ថ្មី​។ ការសិក្សា​ដែល​ចំណាយពេល​ពីរ​ឆ្នាំនេះ ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​អន្តរជាតិ ពិនិត្យឡើងវិញ​រាល់​ច្បាប់​ដែល​ជាប់ទាក់ទង​នឹង​ពន្ធ​ធនាគារ ធ្វើ​យ៉ាង​ឲ្យ​ស្រប​នឹង​ច្បាប់​អន្តរជាតិ​ជាដើម​។​

​ចំណែក​លោក U Bo Kyi មកពី AAPP និយាយ​ដែរ​ថា សមាគម​របស់លោក នឹងចូលរួម​ក្នុង​កិច្ចការ​កែទម្រង់​ពន្ធ​ធនាគារ និង​មាន​គម្រោង​ធ្វើការ​សិក្សា​ជាច្រើន​ទៀត​។ ប៉ុន្តែ​លោក​អះអាងថា ការចូលរួម​របស់រ​ដ្ឋា​ភិ​បាល​ក្នុង​កិច្ចការ​នេះ មាន​កម្រិត​ទាប​នៅឡើយ ដែល​នេះ​ធ្វើ​ឲ្យ​របាយការណ៍ មិន​គ្រប់​ជ្រុងជ្រោយ​ទេ ហើយ​វា​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ចូលរួម​ក្នុង​ការងារ​នេះ​ឲ្យ​កាន់តែច្រើន​ទៀត​។       

​រដ្ឋាភិបាល​ថ្មី​មី​យ៉ាន់​ម៉ា មិនត្រូវ​ទុក​ការពិត និង​អ្វីដែល​កើតឡើង​នៅក្នុង​ពន្ធ​ធនាគារ​ជាការ​សម្ងាត់​ជាតិ​ឡើយ ដោយ​លោក U Bo Kyi បាន​ឲ្យ​យោបល់​ថា រដ្ឋាភិបាល​គួរតែបង្កើត​គេហទំព័រ​មួយ ដើម្បី​ផ្ដល់ព័ត៌មាន​ពី​ចំនួន​ពន្ធ​ធនាគា ជំរុំ​ឃុំខ្លួន ក៏ដូចជា​ចំនួន​អ្នកទោស​។ ក្រៅពីនោះ ក៏មាន​សំណើ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ការធ្វើ​ទារុណកម្ម​លើ​អ្នកនយោបាយ ដែល​នេះ​ផ្ទុយ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការប្រឆាំង​ការធ្វើ​ទារុណកម្ម​ផងដែរ​៕