ឥណ្ឌា​ត្រៀម​ធ្វើ​«​សង្គ្រាម​ទឹកទន្លេ​»​ជាមួយ​ប៉ា​គី​ស្ថាន​? និពន្ធដោយ : សៅ ផលនិស្ស័យ       September-28-2016, 8:59 pm         194

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឥណ្ឌា​ត្រៀម​ធ្វើ​«​សង្គ្រាម​ទឹកទន្លេ​»​ជាមួយ​ប៉ា​គី​ស្ថាន​?​ទំនាក់ទំនង​ឥណ្ឌា​-​ប៉ា​គី​ស្ថាន​ត្រឡប់​មករក​ភាព​តានតឹង​ខ្លាំង​ក្រោយ​មូលដ្ឋានទ័ព​ឥណ្ឌា​នៅ​តំបន់​ជម្លោះ កា​ស្មៀ​រ​រង​ការវាយប្រហារ ដែល​បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា ១៨​នាក់​ស្លាប់​។​ឥណ្ឌា​ចោទ​និង​ហៅ​ប៉ា​គី​ស្ថាន​ថា​ជា​រដ្ឋ​ភេរវកម្ម​។ ខណៈដែល​ភាព​តានតឹង​បន្ត​កើនឡើង ឥណ្ឌា​ត្រួត​ពិនិត្យឡើងវិញ​លើ​«​ក្របខណ្ឌ​ប្រទេស​ដែល​អនុគ្រោះ​បំផុត​ផ្នែក​ពាណិជ្ជកម្ម​»​របស់​ប៉ា​គី​ស្ថាន​។ ហើយ​ឥណ្ឌា​ក៏​ពិចារណា​ប្រើប្រាស់​ទឹកទន្លេ​បី​ដែល​ហូរ​ពី​ឥណ្ឌា​ចូលទៅ​ប៉ា​គី​ស្ថាន​ឲ្យ​អស់​លទ្ធភាព​ស្របតាម​សន្ធិសញ្ញា​គ្រប់គ្រង​ទន្លេ Indus​ដែល​វា​នឹង​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​ប៉ា​គី​ស្ថាន​។  ប៉ា​គី​ស្ថាន​ថា ឥណ្ឌា​កំពុង​ត្រៀម​ធ្វើ​«​សង្គ្រាម​ទឹក​» ជាមួយ​ខ្លួន ហើយ​មហាអំណាច​នុយក្លេអ៊ែរ​អាស៊ី​ខាងត្បូង​នេះ​ក៏​ត្រៀម​ឆ្លើ​ត​តប​វិញ​ចំពោះ​សកម្មភាព​ឥណ្ឌា​ដែរ​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ឆ្នាំ ១៩៤៧  អង់គ្លេស​ចាកចេញ​ដោយ​បញ្ចប់​អាណានិគម​នៅ​ឧ​ប​ទ្វី​ឥណ្ឌា ដោយ​បន្សល់ទុក​នូវ​ជម្លោះព្រំដែន​ដ៏​រ៉ាំរ៉ៃ​ដោះស្រាយ​មិន​ចេញ​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​។ ប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​សុទ្ធតែ​បានប្រកាសថា​ខ្លួន​ជា​ម្ចាស់​ទឹកដី កា​ស្មៀ​រ (Kashmir) រៀងៗ​ខ្លួន ហើយ ការប៉ះទង្គិច​គ្នា​រវាង​ប្រទេស​ជិត​ទាំងពីរ​កើតឡើង ៤​ដង​ហើយ​ចាប់ពីពេលនោះ​មក​។

​ដោយសារ​ប្រទេស​ទាំងពីរ​សុទ្ធតែជា​មហាអំណាច​នុយក្លេអ៊ែរ ការបន្ត​ជម្លោះព្រំដែន​រ៉ាំរ៉ៃ​នេះ​ក្លាយជា​ក្តី​បា​ម្ភ​ដ៏​ធំ​សម្រាប់​តំបន់​និង​ពិភពលោក​ទាំងមូល​។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ភាគី​ជម្លោះ​ទាំងពីរ​ហាក់បីដូចជា​អាច​រក្សា​ភាពស្ងប់ស្ងាត់​តាម​ព្រំដែន​ដោយ​មិនមាន​ការប៉ះទង្គិច​និង​ប្រឈមមុខគ្នា​ខ្លាំង​ឡើយ​។ ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប៉ា​គី​ស្ថាន​ដោយ​ឥតមាន​ព្រៀងទុក ដើម្បី​ជួប​ជជែក​ពិភាក្សា​ជាមួយ​សម​ភាគី​ប៉ា​គី​ស្ថាន​លោក​Nawaz Sharif កាលពី​ចុងឆ្នាំ ២០១៥​កន្លងទៅ​។ គេ​ខំ​រំពឹងថា មេដឹកនាំ​ទាំងពីរ​កំពុងបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​ទំនាក់ទំនង​ទ្វេភាគី និង​ឈានទៅ​ដោះស្រាយ​ជម្លោះព្រំដែន​ដ៏​ស្មុគស្មាញ​នេះ​ផង ។​

​ប៉ុន្តែ​អ្វីៗ​ប្រែប្រួល​អស់​ក្រោយ​ការវាយប្រហារ​កើតឡើង​លើ​មូលដ្ឋានទ័ព​ឥណ្ឌា​នៅ​ទីក្រុង Uri នៃ​តំបន់​គ្រប់គ្រង​ដោយ​ឥណ្ឌា​កា​ស្មៀ​រ​។ ទាហាន​យ៉ាងហោចណាស់ ១៨ នាក់​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​ដោយ​ខ្មាន់កាំភ្លើង​។ ហើយ​ជនជាតិ​ប៉ា​គី​ស្ថាន​ពីរ​នាក់​ត្រូវគេ​ចាប់​និង​ឃុំខ្លួន​ដោយ​រង​ការចោទប្រកាន់ថា​បាន​នាំ​ផ្លូវ​ឲ្យ​ក្រុម​ខ្មាន់កាំភ្លើង​ឆ្លង​ចូល​ទឹកដី​ឥណ្ឌា​ទៀត​។

​ក្រសួងការបរទេស​ឥណ្ឌា​បាន​កោះហៅ​ឧ​ត្ត​ម​ស្នងការ​ជាន់ខ្ពស់​ប៉ា​គី​ស្ថាន​ប្រចាំ​នៅ​ក្រុង​ញូវដែលី មក​ប្រាប់​រឿង​ឃុំខ្លួន​ជនជាតិ​ប៉ា​គី​ស្ថា​នេះ ហើយ​ក្រសួង​អះអាងថា​ឥណ្ឌា​នឹង​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត​មួយ​ដើម្បី​ស្វែងរក​ភ័ស្តុតាង​ជាក់ច្បាស់​ដាក់បន្ទុក​លើ​ប៉ា​គី​ស្ថាន​ដែល​ពាក់ព័ន្ធ​ការវាយប្រហារ​នេះ​។ ប៉ុន្តែ​បញ្ហា​ប្រទាំង​ប្រទើស​ការទូត​កើតឡើង​ខ្លាំង នៅពេល​សមាជិក​គណរ​ដ្ឋ​មន្ត្រី​រដ្ឋាភិបាល​លោក​ម៉ូ​ឌី មួយចំនួន​បាន​ហៅ​ប៉ា​គី​ស្ថាន​ថា​ជា​រដ្ឋ​គាំទ្រ​ភេរវជន ហើយ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​និង​ធ្វើ​ឲ្យ​ប៉ា​គី​ស្ថា​ឯកោ​ផង​។  ក្រៅពីនេះ ឥណ្ឌា​កំពុង​ពិចារណា​ប្រើប្រាស់​វិធានការ​សេដ្ឋកិច្ច យោធា និង​យក​«​ទឹកទន្លេ​»​ជា​ឧបករណ៍​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង អ៊ី​ស្លា​ម៉ា​បាដ​ទៀត​។​

១.​ឥណ្ឌា​ពិចារណា​លុបចោល​ក្របខណ្ឌ​«​ប្រទេស​អនុគ្រោះ​បំផុត​ផ្នែក​ពាណិជ្ជកម្ម​»​របស់​ប៉ា​គី​ស្ថាន​?
​រដ្ឋាភិបាល​ក្រុង​ញូវដែលី របស់​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី កំពុង​ប្រើប្រាស់​វិធានការ​សេដ្ឋកិច្ច​ដើម្បី​កៀប​ប៉ា​គី​ស្ថាន​។ ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ លោកនាយក​រដ្ឋមន្ត្រី​នា​រិ​ន្ទ្រា ម៉ូ​ឌី នឹង​បើក​កិច្ចប្រជុំ​ជាមួយ​សមាជិក​គណរដ្ឋមន្ត្រី​លោក ដើម្បី​ពិភាក្សា​និង​ត្រួតពិនិត្យ​លក្ខន្តិក​និង​ក្របខណ្ឌ​ជា​ប្រទេស​អនុគ្រោះ​បំផុត​ផ្នែក​ពាណិជ្ជកម្ម​ដែល​ឥណ្ឌា​បានផ្តល់​ឲ្យ​ប៉ា​គី​ស្ថាន​ក្នុងនាម​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

​យោងតាម​សភាពាណិជ្ជកម្ម​ឥណ្ឌា ប៉ា​គី​ស្ថាន​មាន​ចំណែក​ប្រហែល ២,៦៧​ពាន់​លាន​ដុល្លារ​ក្នុង​ទំហំ​ពាណិជ្ជកម្ម ដែល​ឥ​ណ្ឌ​មាន​សរុប​ទាំងអស់​ចំនួន ៦៤១ ពាន់​លាន​ដុល្លារ​។ ឥណ្ឌា​នាំ​ចេញទៅ​ប៉ា​គី​ស្ថាន​ក្នុង​ទំហំ​ទឹកប្រាក់ ២.១៧​ពាន់​លាន​ដុល្លារ ហើយ​ចូល​ទំនិញ​ចូលមក​វិញ​ក្នុង​ទំហំ​ទឹកប្រាក់​ត្រឹម ៥០០​លាន​ដុល្លារ​ប៉ុណ្ណោះ​។ គេ​មិនទាន់​ដឹងថា ឥណ្ឌា​នឹង​សម្រេច​បែបណា​ឡើយ ប៉ុន្តែ​គេ​យល់ថា​វា​អាច​ជាការ​គំរាម​ច្រើនជាង ព្រោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​វា​សំខាន់​សម្រាប់​ភាគី​ទាំងពីរ​ដែរ​។

២.​លោក ម៉ូ​ឌី លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅ​ប៉ា​គី​ស្ថាន​
​ដើម្បី​បង្ហាញ​ការ​ទើសទាល់​និង​មិន​ពេញចិត្ត​ខ្លាំង​ចំពោះ​ទង្វើ​របស់​ប៉ា​គី​ស្ថាន នាយក​រដ្ឋ​ន្ត្រី​ឥណ្ឌា​បានសម្រេច​លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅកាន់​ប្រទេស​ប៉ា​គី​ស្ថាន​ដើម្បី​ចូល​រូ​ម​ក្នុង​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​តំបន់​អាស៊ី​ខាងត្បូង​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ខែវិច្ឆិកា​ខាងមុខ​។

​តាមពិតទៅ​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ត្រូវ​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សមាគម​អាស៊ី​ខាងត្បូង​ដើម្បី​កិច្ចសហប្រតិបត្តិការ​តំបន់​លើក​ទី ១៩ នៅ​ប៉ា​គី​ស្ថាន​។ ប៉ុន្តែ​ក្រសួងការបរទេស​ឥណ្ឌា បានចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា លោក ម៉ូ​ឌី មិនអាច​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះឡើយ ដោយ​លើក​ហេតុផល​ថា ស្ថានភាព​ព្រំដែន​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​នៅ​កា​ស្មៀ​រ​តានតឹង​ខ្លាំង​ដោយសារ​សកម្មភាព​វាយប្រហារ​ភេរវកម្ម​។ ក្រសួង​ដដែល​នេះ​បាន​ដៀមដាម​ប៉ា​គី​ស្ថាន តែ​មិនបាន​បញ្ជាក់​ឈ្មោះ​ចំៗ​ឡើយ ដោយ​លើកឡើងថា ដោយសារ​ការវាយប្រហា​រ​ភេរវកម្ម​ឆ្លងដែន​និង​ការបន្ត​ជ្រៀត​ជ្រៀក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​សមាជិក​ដោយ​ប្រទេស​«​មួយ​» (​សំដៅលើ​ប៉ា​គី​ស្ថាន​) ធ្វើ​ឲ្យ​ស្ថានភាព​អាក្រក់​កើតឡើង ហើយ​វា​ក៏​មិន​ធ្វើ​ឲ្យ​កិច្ចប្រជុំ​មាន​ផ្លែផ្កា​ដែរ​។

​ក្រសួងការបរទេស​ប៉ា​គី​ស្ថាន​ក៏​ចេញ​សេចក្តីថ្លែងការណ៍​តប​វិញ​ដែរ ដោយ​បង្ហាញ​ការសោកស្តាយ​ចំពោះ​ការសម្រេចចិត្ត​របស់​ឥណ្ឌា ហើយ​ប៉ា​គី​ស្ថាន​ក៏​ចោទថា​ឥណ្ឌា​កំពុង​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ដែរ​។ ប៉ុន្តែ​ប៉ា​គី​ស្ថាន​ក៏​ប្តេជ្ញាចិត្ត​ថា ខ្លួន​នៅតែ​គាំទ្រ​និង​ធានា​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ និង​សន្តិភាព ក៏ដោយ​ជា​សហប្រតិបត្តិការ​តំបន់​ផងដែរ​។​

៣.​ឥណ្ឌា​ចង់​ធ្វើ​«​សង្គ្រាម​ទឹកទន្លេ​»​ជាមួយ​ប៉ា​គី​ស្ថាន តែ​វា​អាច​ក្លាយជា​សង្គ្រាម​អាវុធ​?
​ក្រៅពី​លុប​ទស្សនកិច្ច​និង​ដាក់​សម្ពាធ​សេដ្ឋកិច្ច​លើ​ប៉ា​គី​ស្ថាន ឥណ្ឌា​ក៏​កំពុង​ត្រួតពិនិត្យ​លើ​សន្ធិសញ្ញា​គ្រប់គ្រង​ទឹកទន្លេ Indus ដែល​ខ្លួន​ចុះ​ជាមួយ​ប៉ា​គី​ស្ថាន​ដែរ​។ ទឹកទន្លេ​ដែល​ហូរ​ឆ្លង​ពី​ឥណ្ឌា​ចូល​ប៉ា​គី​ស្ថាន​នេះ​ជា​អាយុជីវិត​ប្រជាជន ហើយ​ប៉ា​គី​ស្ថាន​ពឹងផ្អែក​លើទឹក​ទន្លេ​នេះ​ដើម្បី បរិភោគ និង​ធ្វើ​កសិកម្ម​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដើម​សប្តាហ៍​នេះ ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​លោក ម៉ូ​ឌី បាន​ជួបប្រជុំ​ជាមួយ​មន្ត្រី​គណរដ្ឋមន្ត្រី​របស់លោក​ដើម្បី​ជជែក​ពិភាក្សា​ពី​ការ​ពិនិត្យមើល​សន្ធិសញ្ញា​គ្រប់គ្រង​ទឹកទន្លេ Indus ដែល​ភាគី​បាន​ចុះ​រួមគ្នា​ក្នុង​ឆ្នាំ ១៩៦០​។ ឥណ្ឌា​ចង់​បង្កើន​ការប្រើប្រាស់​ទឹកទន្លេ​តាម​លទ្ធភាព​ដែល​ខ្លួន​អាចធ្វើ​បាន ហើយ​ក្នុងនោះ​មានការ​បន្ត​សាងសង់​វា​រី​អគ្គិសនី​ដើម្បី​បង្កើន​ការផលិត​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ផងដែរ​។ យ៉ាងណា​ក៏ដោយចុះ ឥណ្ឌា​ប្រកាសថា ខ្លួន​មិន​លុបចោល​សន្ធិសញ្ញា​នេះ​ទេ គ្រាន់តែ​ខ្លួន​បង្កើន​ការប្រើប្រាស់​តាម​អ្វីដែល​មានចែង​ក្នុង​សន្ធិសញ្ញា​ប៉ុណ្ណោះ​។​

​ឆ្លើយតប​បញ្ហា​នេះ ប៉ា​គី​ស្ថាន​បានបង្ហាញ​ការបារម្ភ​និង​ព្រមាន​ឥណ្ឌា​ថា​ខ្លួន​នឹង​ស្វះ​ស្វែងរក​ជំនួយ​ពី​អាជ្ញាកណ្តាល​និង​គណកម្មការ​ត្រួតពិនិត្យ​ការអនុវត្ត​សន្ធិសញ្ញា​នេះ​បើសិនជា​ឥណ្ឌា​បង្កើន​ការប្រើប្រាស់​ទឹកទន្លេ​បី​មានដូចជា Chenab, Jhelum និង Indus​។  ហើយ​ប៉ា​គី​ស្ថាន​យល់ថា បើសិន​ឥណ្ឌា​រំលោភ​ឬ​លុបចោល​កិច្ចព្រមព្រៀង​នេះ វា​មានន័យថា ឥណ្ឌា​កំពុង​ធ្វើសង្គ្រាម​«​ទឹក​»​ដើម្បី​ដាក់​សម្ពាធ​លើ​ខ្លួន ហើយ​វាទ​ង្វើ​ដែល​គ្មាន​ការទទួលខុសត្រូវ​សោះ​។

​វា​ប្រហែល​មិនមែន​ត្រឹមតែ​ជា​សង្គ្រាម​ទឹក ប៉ុន្តែ​វា​នឹង​បង្ក​ជា​ជម្លោះ​ធំ​បើសិនជា​ឥណ្ឌា​ហ៊ាន​លុបចោល​កិច្ចព្រមព្រៀង​នេះ​មែន​នោះ​។ សង្គ្រាម​ទឹកនឹង​ក្លាយជា​សង្គ្រាម​អាវុធ បើសិនជា​គ្មាន​ការសម្របសម្រួល និង​បន្ថយ​ភាព​តានតឹង​ទេនោះ​។ 

​ក្រៅពី​ប្រើប្រាស់​ទឹកទន្លេ សេដ្ឋកិច្ច និង​ការទូត  ឥណ្ឌា​ក៏​កំពុង​បង្កើន​អំណាច​យោធា​ដើម្បី​គំរាម​ប៉ា​គី​ស្ថាន​ដែរ​។ ឥណ្ឌា​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់​ដើម្បី​ពង្រឹង​វិស័យ​យោធា​របស់ខ្លួន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ ហើយ​ឥណ្ឌា​ក៏​ជ្រើស​រើសយក​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។ រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់​កាលពី​ថ្មីៗ​ឥណ្ឌា​សម្រេច ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គាំទ្រ​ភ័ស្តុភារ​ជាមួយ​អាមេរិក ហើយ​ឥណ្ឌា​ក៏​សម្រេច​ទិញ​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប Rafale ពី​បារាំង​ថែមទៀត​៕