រឿង ឆ្នោតជាតិ ឬកន្ទុយលេខ (រឿងពិត)

កាល​ពី​តូច​អាច​និយាយ​បាន​ថា​ ខ្ញុំ​គឺ​ជា​មនុស្ស​មាន​សំណាង​ក៏​ថា​បាន​។ ខ្ញុំ​មាន​លុយ​ចាយ​ ដោយ​សារ​តែ​ខ្ញុំ​បាន​លេង​ល្បែង​មួយ​ដែល​គេ​ហៅ​ថា៖​ ‹‹ឆ្នោត›› ឬ ‹‹កន្ទុយ​លេខ››។​ ខ្ញុំ​គិត​ថា​ការ​លេង​ល្បែង​នេះ​ គឺ​មិន​ខាត​ទេ​សម្រាប់​រូប​ខ្ញុំ​ ដោយ​សារ​តែ​ខ្ញុំ​ចាក់​១០​ដង​ ត្រូវ​៦ ទៅ​៧​ដង​ទៅ​ហើយ។​ នៅ​ពេល​នោះ​ខ្ញុំ​មាន​លុយ​យ៉ាង​ច្រើន​ ដែល​អាច​អោយ​ខ្ញុំ​ទិញ​របស់​ដែល​ខ្លួន​ចង់​បាន​។ ខ្ញុំ​ចាំ​បាន​ថា ​នៅ​ពេល​នោះ​ខោ​ខោវប៊យ​នៅ​ស្រុក​ខ្មែរ​ មិន​ទាន់​មាន​គេ​ស្លៀក​ច្រើន​ណាស់​ណា​ទេ​ ដោយ​សារ​តែ​វា​មាន​តម្លៃ​ថ្លៃ​គួរសម។​ ប៉ុន្តែ​ខ្ញុំ​វិញ​មាន​ស្លៀក​ស្ទើរ​តែ​គ្រប់​ម៉ូត។​ ការ​ចាក់​ឆ្នោត​ គឺ​គេ​ទិញ​លេខ​ដែល​ខ្លួន​ស្រឡាញ់​ ហើយ​លេខ​នោះ​ទៀត​សោត​ គេ​បាន​ដោយ​ការ​កាត់​យល់​សប្ដិ។​ មុន​ដំបូង​ខ្ញុំ​មិន​ចេះ​កាត់​យល់​សប្ដិ​អី​នោះ​ទេ​ តែ​ដោយ​សារ​តែ​អ៊ី​ម្នាក់​លក់​ចាប់​ហួយ​នៅ​ខាង​ក្រោម​ផ្ទះ​ បង្រៀន​ពី​វិធី​កាត់​សប្ដិ​ដល់​ខ្ញុំ​ ខ្ញុំ​ក៏​ចេះ​កាត់​ទៅ។​

របៀប​កាត់​សប្ដិ​ គឺ​គេ​កាត់​បែប​ងាយៗ​ទៅ​តាម​សំឡេង​នៃ​អក្ខរាវិរុទ្ធ​របស់​ពាក្យ​ដែល​ស្រដៀង​ទៅ​នឹង​លេខ​ណា​មួយ។​ ហើយ​គេ​ផ្គុំ​លេខ​ដែល​គេ​កំណត់​បាន​នោះ​ យក​វា​ទៅ​ចាក់​ដោយ​ត្រឡប់​លេខ​នោះ​ចុះ​ឡើង​ ដើម្បី​ អោយ​បាន​លេខ​ច្រើន​ងាយ​នឹង​ត្រូវ។​ ឧទាហរណ៍​ដូច​ជា​បើ​ក្នុង​យល់​សប្ដិ​នោះ​ភ័យ​ខ្លាំង​គេ​ក៏​ចាក់​លេខ​២០​(ម្ភៃ) ព្រោះ​វា​មាន​សំឡេង​ស្រដៀង​នឹង​ពាក្យ​ ‹‹ភ័យ›› ។ ហើយ​បើ​យល់​សប្ដិ​ឃើញ​ពាក់​វ៉ែន​តា​ គេ​ក៏​ចាក់​លេខ​០០ ព្រោះ​វ៉ែន​តា​មាន​រាង​មូល​ៗ​ពីរ​ដូច​លេខ​សូន្យ​។ ឯ​តម្លៃ​វិញ​ គឺ​យើង​ចាក់​លេខ​ដែល​យើង​ស្រឡាញ់​តម្លៃ​ប៉ុន្មាន​ក៏​បាន​ គ្រាន់​តែ​យើង​ចាក់​តិច​ពេក​ មេ​គេ​មិន​ចង់​កត់​ឆ្នោត​អោយ​យើង​តែ​ប៉ុណ្ណោះ។​ យើង​អាច​ទិញ​លេខ​ចាប់​ពី​ ២​ខ្ទង់​ ៣​ខ្ទង់​ រហូត​ដល់​៤​ខ្ទង់​ ពោល​គឺ​លេខ​០០វ៉ែនតា​ រហូត​ដល់​លេខ​៩៩៩៩​។ ចំពោះ​លេខ​២​ខ្ទង់​ បើ​ត្រូវ​មេ​សង​១​គុណ​នឹង​៧០​ ឯ​លេខ​៣​ខ្ទង់​ បើ​ត្រូវ​មេ​សង​១​គុណ​នឹង​៦០០​ ហើយ​លេខ​៤​ខ្ទង់​ បើ​ត្រូវ​មេ​សង​១​គុណ​នឹង​៤០០០​។

ខ្ញុំ​ចាំ​បាន​ថា​លេខ​ឆ្នោត​ដែល​ខ្ញុំ​ចាក់​ត្រូវ​ដំបូង​គឺ​មាន​៣​ខ្ទង់​។ យប់​មួយ​នោះ​ ខ្ញុំ​យល់​សប្ដិ​ថា​ឃើញ​ពស់​ពណ៌​ស​មួយ​ក្បាល​មក​ចឹក​ត្រូវ​ជើង​ខ្ញុំ​ ខ្ញុំ​ក៏​ប្រាប់​ទៅ​អ៊ី​មួយ​លក់​នំ​ខាង​ក្រោម​ផ្ទះ​ខ្ញុំ។​ ខ្ញុំ​គ្រាន់​តែ​និយាយ​ប្រាប់​គាត់​ធម្មតា​មិន​មាន​បំណង​ចង់​អោយ​គាត់​កាត់​លេខ​ឆ្នោត​អោយ​ខ្ញុំ​ទេ​ ប៉ុន្តែ​ពេល​នោះ​គាត់​ក៏​កាត់​យល់​សប្ដិ​នោះ​អោយ​ខ្ញុំ​ ហើយ​ប្រាប់​ខ្ញុំ​ថា​សាក​យក​ទៅ​ចាក់​លេង​ទៅ។​ គាត់​ថា​ពស់​គឺ​ប៉ែត​ មាន​ន័យ​ថា​ជា​លេខ​៨​ ឯ​ពណ៌​ស​គឺ​សាម​ មាន​ន័យ​ថា​ជា​លេខ​៣​ ហើយ​ចឹក​គឺ​ចិត​ នោះ​គឺ​លេខ​៧​ គាត់​បាន​អោយ​ខ្ញុំ​ទៅ​ចាក់​បី​លេខ​នេះ​ ហើយ​ប្រាប់​មេ​ថា​ចាក់​គុណ​នឹង​ប្រាំ​មួយ​ គឺ​មាន​ន័យ​ថា​លេខ​៣​ខ្ទង់​អោយ​តែ​ចេញ​មក​មាន​លេខ​ទាំង​បី​នេះ គឺ​ខ្ញុំ​ត្រូវ​ឆ្នោត​ហើយ​។

ពាក្យ​ថា​គុណ​នឹង​ប្រាំ​មួយ​ មាន​ន័យ​ថា​ខ្ញុំ​ចាក់​លេខ​ ៨៣៧, ៨៧៣, ៧៣៨, ៧៨៣, ៣៨៧ និង៣៧៨ ទើប​គេ​ហៅ​ថា​ចាក់​គុណ​នឹង​ប្រាំមួយ។​ ឯ​លុយ​ដែល​ចាក់​ក៏​គុណ​ទៅ​តាម​ចំនួន​នៃ​ការ​គុណ​ដែរ​។ បើ​ចាក់​១០០​រៀល​ ហើយ​ចាក់​គុណ​នឹង​៦​ត្រូវ​បង់​លុយ​៦០០​រៀល។​ តែ​បើ​លេខ​បី​ខ្ទង់​នោះ​មាន​លេខ​ពីរ​ដូច​គ្នា​ គឺ​គេ​ហៅ​ថា​ចាក់​គុណ​នឹង​បី​វិញ​ ហើយ​បង់​លុយ​គុណ​នឹង​បី​ដែរ​។ ឧទាហរណ៍​លេខ​១​ លេខ​២​ និង​លេខ​២​ បើ​ចាក់​គុណ​នឹង​បី​មាន​ន័យ​ថា​ទិញ​លេខ​ ១២២, ២១២, ២២១។ មុន​ដំបូង​ខ្ញុំ​គិត​ថា​ ខ្ញុំ​មិន​ចង់​ពាក់​ព័ន្ធ​នឹង​ល្បែង​នេះ​ទេ​ តែ​គិត​យូរ​ៗ​ទៅ​ដូច​ជា​ទំនង​សប្បាយ​ដែរ​ សាក​ចាក់​លេង​ៗ​ទៅ​មើល​ ថា​តើ​យល់​ សប្ដិ​ខ្ញុំ​គេ​អោយ​លេខ​ឆ្នោត​ដែរ​រឺ​ក៏​អត់​។ ខ្ញុំ​ក៏​លប​ទៅ​ចាក់​មិន​អោយ​អ៊ី​នោះ​ និង​អ្នក​ផ្ទះ​ខ្ញុំ​ដឹង​។ ខ្ញុំ​ចាំ​បាន​ថា​ ខ្ញុំ​បាន​ប្រាប់​អ្នក​កត់​កន្ទុយ​លេខ​នោះ​អោយ​កត់​លេខ​៣​ខ្ទង់​នោះ​គុណ​នឹង​៦​ អោយ​ខ្ញុំ​៣០០​រៀល​។​ អ្នក​លក់​ប្រាប់​ខ្ញុំ​ថា​ឆ្នោត​នេះ​ទិញ​ឆ្នោត​ព្រឹក​ រសៀល​បន្តិច​នឹង​ដឹង​ថា​ត្រូវ​រឺ​ក៏​អត់​ហើយ។​ ឆ្នោត​គេ​លក់​ដល់​ទៅ​បី​ពេល​ឯ​ណោះ។​

ពេល​ខ្ញុំ​ចេញ​ពី​រៀន​មក​វិញ​ ខ្ញុំ​បាន​ដើរ​ទៅ​ជិត​ផ្សារ​កន្លែង​ដែល​ខ្ញុំ​ចាក់​ឆ្នោត​ ក៏​ឃើញ​ចេញ​លេខ​ដែល​ខ្ញុំ​បាន​ចាក់​លេខ​ ‹‹៣៨៧›› សរសេរ​នៅ​លើ​ក្ដារ​ខៀន​។ វា​ពិត​ជា​មិន​គួរ​អោយ​ជឿ​ដែល​ថា​ខ្ញុំ​យល់​សប្ដិ​ឆុត​ដល់​ថ្នាក់​នេះ​។ ពេល​នោះ​ខ្ញុំ​ឈ្នះ​បាន​១៨០០០០​រៀល​។​ វា​ជា​ទឹក​ប្រាក់​ដ៏​ច្រើន​ខ្លាំង​ណាស់​ សម្រាប់​ក្មេង​ដូច​ជា​ខ្ញុំ​។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ អរ​លោត​រខឹបរខុប​ សប្បាយ​ចំពោះ​ទឹក​ប្រាក់​ដំបូង​ដែល​បាន​មក​ពី​ការ​លេង​ឆ្នោត។​ ពេល​នោះ​មេ​គេ​កាត់​យក​លុយ​អស់​៣០០០​រៀល​សម្រាប់​ជា​ថ្លៃ​ទឹក​តែ​ដែល​ត្រូវ​ឆ្នោត​។ ខ្ញុំ​ក៏​បើក​លុយ​ពី​មេ​នោះ​ដាក់​ក្នុង​កា​តាប​ រួច​រត់​សំដៅ​មក​ផ្ទះ​វិញ​យ៉ាង​លឿន​ ខ្លាច​គេ​ដឹង​ថា​ខ្ញុំ​ឈ្នះ​ឆ្នោត​វៃ​ដណ្ដើម​លុយ​ខ្ញុំ។​ ពេល​រត់​មក​ដល់​ក្រោម​ផ្ទះ​ អ៊ី​លក់​ចាប់​ហួយ​នោះ​សួរ​ខ្ញុំ​ថា​៖ ‹‹ឯង​មាន​បាន​ចាក់​ឆ្នោត​ទេ​ ព្រោះ​អញ​ឃើញ​ឆ្នោត​ចេញ​លេខ​ក្នុង​យល់​សប្ដិ​របស់​ឯង​ដូច​ដែល​អញ​បាន​កាត់››​។ ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា​៖ អម្បាញ់​មិញ​មេ​កត់​កន្ទុយ​លេខ​នោះ​ កាត់​យក​លុយ​ថ្លៃ​ទឹក​តែ​ខ្ញុំ​អស់​៣០០០​រៀល​ទៅ​ហើយ​ អ៊ី​លក់​នំ​នេះ​ជា​មនុស្ស​មុខ​លុយ​ណាស់​ ច្បាស់​ជា​សុំ​យក​ថ្លៃ​ដែល​គាត់​ខំ​កាត់​យល់​សប្ដិ​អោយ​ខ្ញុំ​ច្រើន​ៗ​ជា​មិន​ខាន​ យ៉ាង​ហោច​ណាស់​ក៏​ពីរ​,បី​ម៉ឺន​ដែរ។​ គិត​ដូច្នោះ​ខ្ញុំ​ក៏​កុហក​គាត់​ថា​ ខ្ញុំ​មិន​បាន​ចាក់​ឆ្នោត​ទេ។​ អ៊ី​នោះ​ក៏​នៅ​តែ​សួរ​ដេញ​ដោល​ខ្ញុំ​ចុះ​ឡើង​ៗ​។ ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា​ ខ្ញុំ​នឹង​មិន​អោយ​លុយ​ដែល​ខ្ញុំ​យក​បាន​ពី​យល់​សប្ដិ​នេះ​ ទៅ​អោយ​គាត់​ជា​ដាច់​ខាត​។ ខ្ញុំ​ប្ដូរ​មក​ជួយ​ទិញ​នំ​គាត់​អោយ​ច្រើន​ៗ​វិញ​។ អស់​លុយ​ក៏​ពិត​មែន​ តែ​ខ្ញុំ​ក៏​បាន​នំ​ស៊ី​ដែរ​។ ពេល​នោះ​ខ្ញុំ​បាន​ទាញ​យក​នំ​នេះ​ផង​ នំ​នោះ​ផង​ របស់​នេះ​ផង​ របស់​នោះ​ផង​ដែល​គាត់​ដាក់​លក់​ ហើយ​ខ្ញុំ​អោយ​គាត់​គិត​លុយ​។

អ៊ី​លក់​នំ​រឹត​តែ​សង្ស័យ ហើយ​និយាយ​ថា៖ ‹‹វា​ច្បាស់​ជា​ត្រូវ​ឆ្នោត​ហើយ! តែ​វា​អត់​ហ៊ាន​ប្រាប់​អញ​ទេ​ ខ្លាច​អញ​សុំ​លុយ​វា!››។ ខ្ញុំ​ក៏​បន្ដ​និយាយ​ទៅ​គាត់​ទៀត​ថា៖ ‹‹អ៊ី​ឯង​នេះ​សាំ​ណាស់​ ជួយ​ទិញ​ច្រើន​ក៏​ខុស មិន​ជួយ​ទិញ​ក៏​ខុស ប្រាប់​ហើយ​ថា​អត់​មាន​បាន​ចាក់​ គឺ​អត់​បាន​ចាក់​ហើយ​ ខ្ញុំ​ចេះ​កុហក​ពី​អង្កាល់!››។ គាត់​ក៏​គិត​លុយ​អោយ​ខ្ញុំ រួច​ខ្ញុំ​ក៏​ស្ទុះ​ឡើង​ទៅ​លើ​ផ្ទះ​ចូល​ទៅ​ក្នុង​បន្ទប់​ឡៅ​តឿ​របស់​ខ្ញុំ​ ទាញ​លុយ​ចេញ​ពី​កាតាប​យក​មក​រាប់​ផង អោប​ផង​យ៉ាង​សប្បាយ។

ចាប់​ពី​ថ្ងៃ​នោះ​មក​ខ្ញុំ​ក៏​ចេះ​ចាក់​ឆ្នោត​ ហើយ​សាក​កាត់​ឆ្នោត​លេង​ៗ​ដោយ​ខ្លួន​ឯង​ មិន​ពឹង​អ៊ី​នៅ​ខាង​ក្រោម​ផ្ទះ​ទៀត​ទេ នាំ​តែ​ពិបាក​ចែក​លុយ។ ពេល​ដែល​ខ្ញុំ​យល់​សប្ដិ ហើយ​មាន​អារម្មណ៍​ចម្លែក​ម្ដងៗ​ ខ្ញុំ​តែង​តែ​កាត់​វា​យក​ទៅ​ចាក់​កន្ទុយ​លេខ ហើយ​ត្រូវ​ជា​ញឹក​ញាប់​ស្ទើរ​តែ​មិន​គួរ​អោយ​ជឿ​។​ ខ្ញុំ​ឈ្នះ​រហូត​ម៉ាក់​អោយ​ដំ​ចិញ្ចៀន​ប្លាទីន​មួយ​សម្រាប់​ពាក់ ខ្លាច​ខ្ញុំ​ចាយ​លុយ​អស់​ឥត​ប្រយោជន៍​។​ ហើយ​ខ្ញុំ​តែង​ចំណាំ​ថា បើ​ខ្ញុំ​ចាក់​លុយ​ច្រើន រឺ​ក៏​យល់​សប្ដិ​បែប​ធម្មតាៗ​នោះ គឺ​ចាក់​មិន​ដែល​ត្រូវ​នោះ​ទេ​ ខ្ញុំ​ត្រូវ​តែ​ពេល​ដែល​ចាក់​លុយ​តិចៗ និង​ពេល​ដែល​យល់​សប្ដិ​ទៅ​មាន​អារម្មណ៍​ថា​ចម្លែកៗ​តែ​ប៉ុណ្ណោះ​។​ ហើយ​ម៉ាក់​ខ្ញុំ​គាត់​និយាយ​ថា​ជំនាង​ផ្ទះ​ខ្ញុំ​ស្រឡាញ់​ចូល​ចិត្ត​ខ្ញុំ​ណាស់​ ទើប​គាត់​តែង​តែ​ប្រាប់​លេខ​ឆ្នោត​អោយ​ខ្ញុំ។ ខ្ញុំ​ក៏​ប្រាប់​ម៉ាក់​ខ្ញុំ​អោយ​ទិញ​មាន់​ស្ងោរ​យក​មក​សែន​អោយ​ជំនាង​ផ្ទះ​ រហូត​ដល់​ខ្ញុំ​ហ៊ាន​អុជ​ធូប​សុំ​ឃើញ​មុខ​ជំនាង​ផ្ទះ​ក្នុង​យល់​សប្ដិ​ខ្ញុំ​ទៀត​ផង​ ទាំង​ក្នុង​ចិត្ត​ដូច​ជា​ខ្លាច​ៗ​មិន​ដឹង​ជា​មុខ​យ៉ាង​ម៉េច តែ​ក៏​មិន​ដែល​ឃើញ​មាន​អី​ក្នុង​យល់​សប្ដិ​ខ្ញុំ​ដែរ​។ ​

លុះ​ដល់​ខ្ញុំ​ធំ​បន្ដិច​ ខ្ញុំ​ចាប់​ផ្ដើម​គិត​ថា​ខ្ញុំ​ដូច​ជា​មិន​សូវ​ចូលចិត្ត​លុយ​ដែល​បាន​មក​ដោយ​របៀប​នេះ​សោះ។ ទោះ​បី​ជា​ខ្ញុំ​ខំ​ប្រឹង​កាត់​លេខ​ក្នុង​យល់​សប្ដិ​នោះ​ក្ដី​ ក៏​ខ្ញុំ​គិត​ថា​វា​មិន​មែន​ជា​លុយ​ដែល​បាន​មក​ពី​កំលាំង​ញើស​ឈាម​របស់​ខ្ញុំ​ទេ។ ដោយ​សារ​តែ​កន្ទុយ​លេខ​នេះ​ហើយ​ ពេល​ខ្លះ​ធ្វើ​អោយ​ចិត្ត​ខ្ញុំ​មាន​អារម្មណ៍​ក្ដៅ​ក្រហាយ​ពេល​ដែល​ចាក់​ខុស​ម្ដង​ៗ​។ មួយ​វិញ​ទៀត​ វា​ធ្វើ​អោយ​ខ្ញុំ​ក្លាយ​ទៅ​ជា​មនុស្ស​ចេះ​កុហក ដោយ​សារ​ភាព​លោភលន់​ចង់​បាន​តែ​ឯង។ ខ្ញុំ​នៅ​ចាំ​ពាក្យ​គ្រូ​របស់​ខ្ញុំ​ថា ‹‹ឆ្នោត››​ បើ​លុប​ជើង ‹‹ន›› ចេញ នឹង​ក្លាយ​ទៅ​ជា​ពាក្យ ‹‹ឆោត››។

ដូច្នេះ​កុំ​លេង​ឆ្នោត​អោយ​សោះ ​ព្រោះ​អ្នក​លេង​ទាំង​អស់​នោះ​សុទ្ធ​តែ​ឆោត និង​អត់​កំណើត។ ប្រជាជន​ខ្មែរ​ដែល​មាន​មុខ​របរ​ជា​អ្នក​រក​ស៊ី​ជួញ​ដូរ​ គេ​ចូល​ចិត្ត​លេង​ឆ្នោត​ណាស់ ដោយ​អ្នក​ខ្លះ​មួយ​ថ្ងៃៗ​គិត​តែ​ពី​អង្គុយ​វិភាគ​រក​លេខ​ដើម្បី​ទិញ​ឆ្នោត​ ទោះ​បី​ជា​មិន​យល់​សប្ដិ​ក៏​ដោយ។ អ្នក​ខ្លះ​ទៀត​ទៅ​បន់​អ្នក​តា​អោយ​ពន្យល់​សប្តិ​ខ្លួន​ ដើម្បី​កាត់​សប្តិ​នោះ​យក​ទៅ​ចាក់​ឆ្នោត ហើយ​រហូត​អ្នក​ខ្លះ​ក៏​ទៅ​បន់​សុំ​លេខ​ឆ្នោត​ពី​ព្រះសង្ឃ​ រឺ​អ្នក​ដែល​គេ​ល្បី​ត​គ្នា​ថា​ខ្លាំង​ពូកែ​ជា​ដើម។ ដោយ​សារ​តែ​ឆ្នោត រឺ​កន្ទុយ​លេខ​នេះ​ហើយ ធ្វើ​អោយ​មនុស្ស​មួយ​ចំនួន​ ប្រព្រឹត្ត​នូវ​អំពើ​អបាយ​មុខ ចេះ​លួច ឆក់ ប្លន់ ជាដើម។ ខ្ញុំ​ជា​អ្នក​រៀន​បាន​ចេះ​ដឹង​នឹង​គេ​ដែរ​ ហេតុអ្វី​បាន​ជា​ត្រូវ​មក​ងប់​នឹង​ល្បែង​ឆ្នោត​នេះ​ទៅ​វិញ។ ហើយ​ខ្ញុំ​តែង​តែ​នឹក​ដល់​កំណាព្យ​ច្បាប់​ប្រុស​ ជា​ស្នាដៃ​និពន្ធ​របស់​បណ្ឌិត​ម៉ឺន មៃ ដែល​គ្រូ​ដាក់​អោយ​ទន្ទេញ​ថា៖

‹‹ជួន​កាល​គេ​ចាញ់​ឯង រៀង​រាល់​ល្បែង​តែង​នឹង​រេ​
មាន​កាល​ឯង​ចាញ់​គេ កុំ​ទុក​ចិត្ត​ថា​ឯង​ប៉ិន។››

ខ្ញុំ​ចេះ​សូត្រ​កំណាព្យ​ច្បាប់​ប្រុស​ត្រង់​នេះ​យ៉ាង​រត់​មាត់​ ហើយ​វា​ជា​កន្លែង​ដែល​ខ្ញុំ​ចូលចិត្ត​ជាង​គេ​បង្អស់​ក្នុង​ផ្ទៃ​កំណាព្យ​ទាំង​មូល។ តែ​ខ្ញុំ​បែរ​ជា​មក​ឆ្កួត​នឹង​ល្បែង​ពាលា​នេះ​ទៅ​វិញ​។​ ពេល​ដែល​ខ្ញុំ​គិត​ច្បាស់​លាស់​ហើយ​ ខ្ញុំ​ក៏​ឈប់​លេង​ល្បែង​ឆ្នោត រឺ​កន្ទុយ​លេខ​ចាប់​ពី​ពេល​នោះ​មក​៕

ដកស្រង់ចេញពីសៀវភៅ ‹‹មនោសញ្ចេតនា ស្រុកខ្ញុំស្រុកខ្មែរ›› ដោយ​ ៖

CAMBOMAG ទទួលបានសិទ្ធិក្នុងការផ្សព្វផ្សាយរឿងនេះ ពីលោក ​ 
ហាមដាច់ខាតយករឿងមួយនេះ ដាក់ក្នុង វេសាយរបស់ខ្លួនដោយគ្មានការអនុញ្ញាត។

  • រឿង ឆ្នោតជាតិ ឬកន្ទុយលេខ (រឿងពិត)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: