ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៥៩)

ភាគ​ទី​៥៩

​ហួងយាវស៊ឺ​បន្ត​​វាចា​ពន្យល់​ថា៖
​«វិធី​ទី​មួយ​ជា​ការ​ហាត់​ប្រាណ ដែល​ឯង​បាន​រៀន​រួច​មក​ហើយ​ តែ​អញ​បាន​កែ​ប្រែ​ច្រើន​ឱ្យ​បាន​សក្ដិ​សិទ្ធិ​យ៉ាង​ឆាប់​រហ័ស ចូរ​ឯង​ខំ​ហាត់​ហ្វឹកហ្វឺន​​តែ​ក្នុង​រវាង​៥​ឆ្នាំ​ ឯង​នឹង​ដើរ​បាន​រត់​បាន​ ដោយ​មិន​ចាំ​បាច់​ពឹង​ឈើ​ច្រត់​ឬ​ចម្ពាម​អ្វី​ទេ នេះ​គឺ​អញ​សង​ជើង​ទាំង​គូរ​ឱ្យ​ឯង​វិញ។ ដំបូង​ឯង​មិន​អាច​ឈរ​ហាត់​បាន​នៅ​ឡើយ​ មក​ពី​ជើង​ពិការ ម្ល៉ោះ​ហើយ​ឯង​ត្រូវ​ច្រត់​ដៃ​ទៅ​លើ​មនុស្ស​ម្នាក់​ជា​បង្អែក​សិន ហើយ​យូរ​ៗ​ទៅ​ ឯង​នឹង​ឈរ​បាន​ដូច​ដើម​ជា​មិន​ខាន!»

ពេល​នេះ​ហួងយាវស៊ឺ​មាន​ការ​ឈឺ​ចាប់​ដែរ​ មក​ពី​គាត់​បាន​កាត់​កែង​ជើង​សិស្ស​បួន​រូប​ នាំ​ឱ្យ​គេ​ពិការ​គ្រប់​ៗ​គ្នា គាត់​ផ្ដាំ​​លុឆឹងហ្វុង​​ទៀត​ថា៖
​«អញ​តម្រូវ​ឱ្យ​ឯង​ទៅ​រក​សិស្ស​ប្អូន​របស់​ឯង​បី​នាក់​ទៀត ​ដើម្បី​បង្ហាត់​បង្រៀន​វា​ឱ្យ​បាន​ជា​សះ​ផង»
​​លុឆឹងហ្វុង​​ឆ្លើយ​បាទ ទទួល​បញ្ជា​រួច​ជម្រាប​ថា៖
​«កេងហ្វុង​គ្មាន​កន្លែង​ទៀង​ទាត់​ទេ ថ្ងៃ​នេះ​នៅ​ទីនេះ ថ្ងៃ​ស្អែក​បាត់​ស្រមោល​ទៅ រីវូ​និង​ហ្វុង ​ពីរ​នាក់​ទៀត​បាន​ចាក​ស្ថាន​ទៅ​ហើយ»
​ហួងយាវស៊ឺ​ដក​ដង្ហើម​ធំ ពោល​ថា៖
​«មក​ពី​អញ​ធ្វើ​ឱ្យ​ពួក​វា​ពិការ ​ទើប​វា​ស្លាប់​ដូច្នោះ»
​គាត់​ពោល​រួច​ក៏​ចោល​ចក្ខុ​សម្លឹង​ម៉ីឆាវហ្វុង​មិន​ព្រិច​ភ្នែក។ ម៉ីឆាវហ្វុង​ខ្វាក់​ទាំង​សង​ខាង គេ​មើល​ទឹក​មុខ​ហួងយាវស៊ឺ​ម្ដេច​នឹង​ឃើញ តែ​អ្នក​ទាំង​ឡាយ​ដែល​នៅ​ទី​នេះ​ ព្រួយ​បារម្ភ​ជា​អនេក​ជំនួស​ស្រី​កំណាច ព្រោះ​បាន​ឃើញ​ហិង្សា​ហួងយាវស៊ឺ​លេច​ធ្លោ​តាម​សរសៃ​ភ្នែក​នោះ…

ម្ចាស់​កោះ​ថាវហួ​​គំហក​ថា៖
​«ម៉ីឆាវហ្វុង​! ហង​ឯង​សាប​ព្រោះ​បាប​កម្ម​ជា​ច្រើន​ហើយ ហើយ​ហង​ឯង​ត្រូវ​វេទនា​មួយ​ជីវិត​យ៉ាង​នេះ​វា​សម​ណាស់។ ប៉ុន្តែ​អម្បាញ់មិញ​ឆូវធានយឹន​​ជេរ​ប្រទេច​ផ្ដាសា​​អញ ហង​ឯង​ក៏​ចេះ​យំ​អាណិត​អញ​ដោយ​ប្រាថ្នា​ទោ​សង​សឹក​ឱ្យ​អញ​ទៀត​ផង។ អញ​នឹង​សង​ទឹក​ភ្នែក​និង​ចិត្ត​ហង​ឯង​នោះ ​ដោយ​ទុក​ឱ្យ​ហង​ឯង​រស់​នៅ​បាន​ពីរ​ឆ្នាំ​ត​ទៅ​ទៀត​ ដោយ​មិន​សម្លាប់​ហង​ឯង​នៅ​ពេល​នេះ​ទេ»
​ចំណែក​ម៉ីឆាវហ្វុង​តាំង​ពី​ដឹង​ថា ហួងយាវស៊ឺ​នៅ​ទី​នេះ​ គេ​ស្ទើរ​លស់​ព្រលឹង​រក​តែ​ហា​មាត់​និយាយ​អ្វី​ក៏​មិន​រួច ព្រោះ​គេ​យល់​ថា​ មុខ​ជា​ត្រូវ​លោក​គ្រូ​ប្រហារ​ជីវិត​ជា​មិន​ខាន។ គេ​ធ្លាប់​ស្គាល់​ចិត្ត​ថ្លើម​ម្ចាស់​កោះ​ថាវហួ​​ណាស់ គឺ​មិន​ដែល​អត់​ឱន​ចំពោះ​កំហុស​អ្វី​មួយ​តូច​ទេ ​កុំ​ថា​ដល់​ទៅ​បទ​ល្មើស​របស់​ប្ដី​ប្រពន្ធ​គេ​នោះ។ ប៉ុន្តែ​មក​ឮ​ថា​លោក​គ្រូ​អនុញ្ញាត​ឱ្យ​វា​រស់​រាន​ថែម​ពីរ​ឆ្នាំ​ទៀត ម៉ីឆាវហ្វុង​ក៏​បាត់​ភ័យ​ហើយ​បែរ​ជា​អរ​ផើត​ទៅ​វិញ។ គេ​ម្នីម្នា​សំពះ​រាប​ក្បាល​ដល់​ដី ​ស្ទើរ​បែក​ថ្ងាស​ខ្ចាយ​ឈាម។

 

ចុច​អាន​បន្ត…

 

ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៥៩)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ