៧ ហេតុផលអស់អារម្មណ៍ចង់មានស្នេហា

6 Videos


រឿងរ៉ាវស្នេហាមិនមែនសុទ្ធតែបានជោគជ័យសមតាមបំណងគ្រប់ៗគ្នានោះទេហើយតែងបន្សល់ស្នាមដំបៅដួងចិត្តធ្វើឱ្យរាងចាលលែងចង់មានស្នេហាជាថ្មីទៀតផង ។ ស្នាមស្នេហ៍ចាស់ជាបទពិសោធតាមលងបន្លាចចិត្តធ្វើឱ្យខ្វះទំនុកចិត្ត ថាតើត្រូវដាក់ចិត្តស្រឡាញ់ម្តងទៀតឬយ៉ាងណា ។ ដោយសារខ្លាចធ្លាក់ក្នុងរណ្តៅទុក្ខម្តងទៀតអ្នកធ្លាប់ជួបស្នេហ៍ខកចិត្តហាក់រារាំងចិត្តខ្លួនឯងមិនឱ្យប្រថុយស្រឡាញ់អ្នកថ្មីងាយៗនោះទេហើយដែលសំខាន់នោះអារម្មណ៍ខុសឆ្គងបង្ខាំងចិត្តស្រឡាញ់មិនហ៊ានស្និទ្ធស្នាលនិងមិនហ៊ាននិយាយពាក្យពេចន៍ក្នុងចិត្តតែប៉ុណ្ណោះ ។

1-ស្រឡាញ់ស្មោះងាយនឹងឈឺចាប់
គូស្នេហ៍ដែលទើបទាក់ទងគ្នាថ្មីថ្មោងតែងមានអារម្មណ៍មិនទុកចិត្តគ្នានិងខ្លាចរអាច្រើនព្រោះការដាក់ចិត្តស្រឡាញ់នរ ណាម្នាក់មិនមែនមានតែការស្រឡាញ់និងការផ្តល់ទំនុកចិត្តទៅដៃគូប៉ុណ្ណោះទេគឺបូកផ្សំទាំងការខកចិត្តដែរ ។ ហេតុនេះហើយទើបគូស្នេហ៍ថ្មីថ្មោងច្រើនបម្រុងចិត្តនិងមានការសង្ស័យច្រើនព្រោះដៃគូទាំងសងខាងដឹងច្បាស់ថាស្រឡាញ់ខ្លាំងប៉ុនណាឈឺចាប់វិញក៏ខ្លាំងដូចគ្នាដែរ ។

2-ស្នាមស្នេហ៍ចាស់តាមលងបន្លាចស្នេហ៍ថ្មី
បទពិសោធចាស់ជាមេរៀនដែលដក់ជាប់ក្នុងចិត្តមិនងាយភ្លេចដូចនេះនៅពេលទំនាក់ទំនងស្នេហាកាន់តែជិតស្និទ្ធរឿងរ៉ាវចាស់ៗដែលធ្វើឱ្យខូចចិត្តក៏លេចជារូបភាពក្នុងចិត្តភ្លាមៗ ។ អារម្មណ៍អវិជ្ជមានទាំងនេះធ្វើឱ្យគូស្នេហ៍ហាក់ស្ទាក់ស្ទើរមិនហ៊ានបើកចិត្តមិនសូវសម្តែងភាពស្និទ្ធស្នាលប៉ុន្មាននោះទេព្រោះខ្លាចឈឺចាប់បាត់បង់ខឹងឬជួបនឹងការបែកបាក់ជាថ្មីម្តងទៀត ។

3-ស្នេហា និង កុមារភាពជូរចត់
គូស្នេហ៍ច្រើនតែគិតគូរខ្លាំងពីអារម្មណ៍របស់ដៃគូម្ខាងទៀតខ្លាចគេមិនស្រឡាញ់ខ្លួន ដូចនេះហើយមានចិត្តសង្ស័យថាគេមិនយល់ពីតម្លៃនិងមិនយកចិត្តទុកដាក់ចំពោះខ្លួន ។ ជាទូទៅមនុស្សម្នាក់ៗតែងមាន«កូនចិត្ត»មួយដែលបណ្តាល ឱ្យចិត្តយើងចេះតែគិតរឿងអំពល់ចិត្តខ្លួនឯង ។ «កូនចិត្ត»នេះចាក់ឫសក្នុងគំនិតរបស់យើងវាកើតឡើងដោយសារកុមារភាពឈឺចាប់ និង រឿងរ៉ាវមិនល្អកាលពីក្មេងដែលបន្សល់ទុកពីឪពុកម្តាយ ។ ដូចនេះនៅពេលធំឡើងចំណុចទាំងនេះប្រែក្លាយជាគំនិតអវិជ្ជមានតាមរំអុករំខានចិត្តជាប់ជានិច្ចរហូតធ្វើឱ្យយើងស៊ាំទៅនឹងគំនិតបែបនេះរួចទៅហើយ ។ ឧទា ហរណ៍ពេលមាននរណាម្នាក់មកស្រឡាញ់យើងហើយឱ្យតម្លៃយើង ប៉ុន្តែគ្រាន់តែគេមានគំនិតផ្ទុយពីយើងក៏យើងមានអារម្មណ៍មិនជិតស្និទ្ធនិងហាមចិត្តខ្លួនឯងដោយសារតែ«កូនចិត្ត»មួយនោះ ។

4-ស្រឡាញ់ប៉ុនណាឈឺផ្សាប៉ុនហ្នឹង
នៅពេលយើងមានភាពរីករាយ ឬ ចាប់ផ្តើមគិតថាជីវិតប្រែក្លាយជាមានន័យ គំនិតពីជ្រុងម្ខាងទៀតក៏ផុសឡើងដែរគឺលទ្ធផលដែលប្រឈមនឹងទុក្ខសោកស្នេហា ។ អ្នកមានស្នេហាច្រើនតែគេចវេះពីអារម្មណ៍រីករាយដោយសារខ្លាចវាប្រែជាការឈឺចាប់វិញ ។ ទោះជាយ៉ាងណា យើងមិនអាចត្រាំត្រែងនឹងអារម្មណ៍ខូចចិត្តទុកមុនបែបនេះទេ យកល្អឆក់យកឱកាសដែលធ្វើឱ្យយើងសប្បាយចិត្តវិញ ។ និយាយជារួមនៅពេលធ្លាក់ចូលរណ្តៅស្នេហ៍ហើយគូស្នេហ៍តែងតែមិនហ៊ានដាក់ចិត្តទាំងស្រុងទេព្រោះខ្លាចរងទុក្ខសោកនៅពេលក្រោយទៀត ។

5-ជញ្ជីងស្នេហាមិនស្មើគ្នាទេ
នៅពេលអ្នកសម្តែងអាការចូលចិត្តនរណាម្នាក់ខ្លាំងទង្វើបែបនេះប្រាកដជា ធ្វើឱ្យគេស្ទាក់ស្ទើរមិនហ៊ានចូលជិតអ្នកភ្លាមៗទេព្រោះគេខ្លាចថាបើសិនជាទៅថ្ងៃមុខ អ្នកអាចនឹងមិនដូចការគិត ហើយធ្វើឱ្យគេឈឺចាប់និងមានអារម្មណ៍ថាត្រូវបានបដិសេធ ។ តាមពិតចិត្តស្រឡាញ់របស់គូស្នេហ៍មិនស្មើគ្នាទេ ច្រើនតែម្ខាងស្រឡាញ់ច្រើនជាងម្ខាងទៅតាមពេលវេលា ។ អារម្មណ៍ស្រឡាញ់មនុស្សម្នាក់ច្រើនតែផ្លាស់ប្តូរមិនទៀងទាត់ពេលខ្លះខឹងច្រឡោតឬស្អប់ក៏មាន ។ ការបារម្ភពីការផ្លាស់ប្តូរអារម្មណ៍របស់យើងធ្វើឱ្យយើងមិនអាចយល់ពីចិត្តខ្លួនឯងច្បាស់ ។ ដូចនេះយកល្អ គួរតែបើកចំហចិត្តឱ្យដៃគូបានដឹងថាយើងគិតបែបណាហើយបំភ្លេចចិត្តបារម្ភ ឬ ប្រកាន់ដើម្បីឈ្វេងយល់ចិត្តគ្នានិងឈានដល់ទំនាក់ទំនងស្នេហារីករាយទាំងសងខាង ។

6-ស្នេហាអាចប៉ះពាល់ទំនាក់ទំនងគ្រួសារ
នៅពេលទំនាក់ទំនងស្នេហារបស់អ្នករីកចម្រើនមានន័យថាអ្នកចាប់ផ្តើមមានជីវិតឯករាជ្យ ដូច្នេះទំនាក់ទំនងជាមួយគ្រួសារក៏រយាលទៅៗដែរ រហូតអាចបែកចេញពីគ្រួសារក៏មាន ។ មួយវិញទៀត«កូនចិត្ត»របស់អ្នកក៏អាចលែងមានឥទ្ធិពលមកលើអ្នកទៀតដែរ ។ នេះមិនមែនមានន័យថាអ្នករស់នៅបែកពីក្រុមគ្រួសារនោះទេគឺសំដៅទៅលើផ្លូវចិត្តដែលលែងសូវខ្វល់ខ្វាយដូចមុន ព្រោះអ្នកមិនមែនជាកូនក្មេងដូចមុនទៀតទេផ្ទុយទៅវិញអ្នកចាប់ផ្តើមប្តូរគំនិតចាស់ទុំនិងមានគំនិតផ្ទាល់ខ្លួនច្រើនជាងមុន ។

7-ស្នេហាធ្វើឱ្យកាន់តែភ័យខ្លាច
«កាន់តែស្រឡាញ់កាន់តែខ្លាចបាត់បង់»មានន័យថាចិត្តស្រឡាញ់កាន់តែខ្លាំងកាន់តែខ្លាចបាត់បង់មនុស្សជាទីស្រ ឡាញ់ ។ នៅពេលចាប់ចិត្តស្រឡាញ់នរណាម្នាក់អ្នកប្រាកដជាចង់ឱ្យស្នេហាស្ថិតស្ថេរយូរអង្វែងទើបជីវិតស្នេហាមាន ន័យនិងមានតម្លៃ ។ ហេតុនេះហើយគ្រាន់តែគិតដល់ការបាត់បង់មនុស្សជាទីស្រឡាញ់វានឹងធ្វើឱ្យអ្នកភ័យខ្លាចមិនចង់គិតដល់ឡើយ ។ ដើម្បីទប់ស្កាត់អារម្មណ៍ភ័យខ្លាចបែបនេះអ្នកច្រើនតែរករឿងឈ្លោះជាមួយគូស្នេហ៍ទាំងគ្មានតុផល ឬកាន់តែធ្ងន់ធ្ងរអាចឈានដល់ការបែកបាក់គ្នាទៀតផង ។ វាជាការពិបាកណាស់ ព្រោះ គ្មានវិធីជាក់លាក់ណាដែលអាចកម្ចាត់អារម្មណ៍ភ័យខ្លាចបែបនេះបានទាំងស្រុងទេ ។ ហេតុនេះគូស្នេហ៍ចេះតែគិតឃើញហេតុផលរាប់លានដែលធ្វើឱ្យខ្លួនគិតថាបែកគ្នាគឺជាការល្អជាង ។ សរុបសេចក្តីទៅហេតុផលខុសឆ្គងទាំងនោះបាន ត្រឹមតែបង្ករឿងភ័យខ្លាចកាន់តែខ្លាំងឡើងៗប៉ុណ្ណោះ ។

ជាទូទៅទំនាក់ទំនងស្នេហាណាក៏ប្រឈមនឹងឧបសគ្គច្រើនដែរដូចនេះគូស្នេហ៍គួរឈ្វេងយល់ពីការភ័យខ្លាចដែលបង្កឡើងពីចិត្តស្រឡាញ់របស់ខ្លួននិងវិធីគ្រប់គ្រងអារម្មណ៍ដើម្បីរក្សាទំនាក់ទំនងឱ្យបានយូរអង្វែង ។ ការភ័យខ្លាចបែបនេះអាចបិទបាំងហេតុផលពិតប្រាកដនៃការបែកបាក់ស្នេហារបស់អ្នកប៉ុន្តែអ្នកនឹងភ្ញាក់ខ្លួនដឹងច្បាស់ដោយខ្លួនឯងនៅពេលមានស្នេហាថ្មីទៀត ។ អ្នកគួរឈ្វេងយល់ពីខ្លួនឯងដូចគ្នានឹងការផ្តល់ឱកាសឱ្យដៃគូបានឈ្វេងយល់ពីអ្នកនោះទើបអាចរក្សាចំណងស្នេហ៍យូរអង្វែង ៕