លោក​ កឹម សុខា​ បួងសួង​សុំ​ឱ្យ​មានការ​អត់ឱន​អំឡុង​​ពេល​​ភ្ជុំបិណ្ឌ

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា មេដឹកនាំប្រទេសកម្ពុជាគួរមានគុណធម៌នៅរដូវបុណ្យភ្ជុំបិណ្ឌ ហើយដោះលែងសកម្មជន និងមន្ត្រីសិទ្ធិមនុស្ស២៥នាក់ដែលជាប់ពន្ធនាគារ ជាការលើកឡើងដែលអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ច្រានចោលថា “មិនអាចទៅរួចទេ”។ ការលើកឡើងរបស់លោក កឹម សុខា ចំពោះក្រុមគ្រួសារសកម្មជនទាំងនោះកត់សម្គាល់ឱ្យឃើញពីការព្យាយាមថ្មីបំផុតរបស់គណបក្សប្រឆាំងក្នុងការធ្វើការពិភាក្សាក្នុងន័យផ្សះផ្សាបន្ថែមទៀតជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងកាលពីសប្ដាហ៍មុនស្ដីអំពី ”បទឈប់បាញ់” បណ្ដោះអាសន្នជាមួយគណបក្សសង្គ្រោះជាតិជុំវិញការចាប់អ្នករិះគន់រដ្ឋាភិបាលយ៉ាងតិច២០រូបដាក់ពន្ធនាគារតាមការចោទប្រកាន់នានា ដែលមជ្ឈដ្ឋានទូទៅជឿថា ជារឿងនយោបាយ។ លោក កឹម សុខា ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ខែកាលពីដើមខែនេះនៅក្នុងករណីពាក់ព័ន្ធស្ត្រីម្នាក់ដែលគេអះអាងថា ជាស្រីកំណាន់របស់លោក ប៉ុន្តែលោកមិនព្រមចាកចេញពីទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ចាប់តាំងពីខែឧសភាមក  ដោយព្រមានធ្វើមហាបាតុកម្មប្រសិនបើរដ្ឋាភិបាលព្យាយាមចាប់ខ្លួនលោក។ ប៉ុន្តែកាលពីម្សិលមិញ លោក កឹម សុខា បានលើកឡើងក្នុងន័យផ្សះផ្សាបន្ថែមទៀតដោយមានការបង្ហោះសារតាមហ្វេសប៊ុកកាលពីថ្ងៃអាទិត្យជំរុញឱ្យអ្នកគាំទ្រចៀសវាង “ពាក្យគ្រោតគ្រាត” ដែលអាចបញ្ឆេះឱ្យមានភាពតានតឹងនយោបាយ។ លោក កឹម សុខា បានប្រាប់សមាជិកគ្រួសារ និងមន្ត្រីគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញថា “នៅថ្ងៃភ្ជុំបិណ្ឌ យើងគិតដល់គុណធម៌។ ថ្នាក់ដឹកនាំត្រូវមានមេត្តា ករុណា មុទិតា និងឧបេក្ខា”។ ប្រធានស្តីទីគណបក្សប្រឆាំងរូបនេះបានបួងសួងដល់វិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរ និងអ្នកសេ្នហាជាតិឱ្យផ្ដល់”ព្រហ្មវិហារធម៌ទាំងបួនដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន ដើម្បីឱ្យពួកគាត់ផ្ដល់ការអាណិតអាសូរដល់អ្នកដែលកំពុងជាប់ឃុំ”។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា ការលើកឡើងនេះបង្ហាញឱ្យឃើញថា ”លោក កឹម សុខា ទាល់ច្រកហើយ”។ […]

The post លោក​ កឹម សុខា​ បួងសួង​សុំ​ឱ្យ​មានការ​អត់ឱន​អំឡុង​​ពេល​​ភ្ជុំបិណ្ឌ appeared first on The Cambodia Daily.