រក​ឃើញ​ការ​ពិត យន្តហោះ MH17 ត្រូវ​បាញ់​ទម្លាក់​ដោយ​គ្រាប់​មីស៊ីល​រុស្ស៊ី

ក្រុម​ព្រះរាជអាជ្ញា​អន្តរជាតិ បាន​និយាយ​ថា យន្តហោះ​ប្រភេទ Boeing 777 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines ស្ថិត​ក្នុង​ជើង​ហោះ​ហើរ MH17 ដែល​បាន​ធ្លាក់​នៅ​ភាគ​ខាងកើត ប្រទេស​អ៊ុយក្រែន ក្នុង​ឆ្នាំ​២០១៤ គឺ​ដោយ​សារ​តែ គ្រាប់​មីស៊ីល Buk របស់​រុស្ស៊ី។

 

រក​ឃើញ​ការ​ពិត យន្តហោះ MH17 ត្រូវ​បាញ់​ទម្លាក់​ដោយ​គ្រាប់​មីស៊ីល​រុស្ស៊ី

 

ផ្ទុយទៅវិញ រុស្ស៊ី​បាន​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ថា​វា​ជា​ការ​ពិត​ឡើយ និង​បាន​និយាយ​ថា មិន​មាន​អាវុធ​រុស្ស៊ី​ណា​មួយ ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់ នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ឡើយ។ «គ្មាន​គ្រាប់​មីស៊ីល ជា​ពិសេស Buk បាន​ឆ្លង​កាត់​ព្រំដែន រុស្ស៊ី-អ៊ុយក្រែន ឡើយ»។ នេះ​បើ​តាម​សម្តី លោក Igor Konashenkov អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី។

 

គួរ​រំលឹក​ថា យន្តហោះ MH17 បាន​ដឹក​អ្នក​ដំណើរ​ចំនួន ២៩៨​នាក់ ហោះ​ចេញ​ពី​ទីក្រុង​អាស្ត៊ែរដាំ ​​​ប្រទេស​​ហូឡង់ ទៅ​កាន់​​​ទីក្រុង​កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី ហើយ​ត្រូវ​បាន​គេ​បាញ់​ទម្លាក់ កាល​ពី​ថ្ងៃ​ទី ១៧​កក្កដា ឆ្នាំ ២០១៤ កន្លង​ទៅ​នេះ។ ជនរងគ្រោះ​ភាគច្រើន​​​ជា​ជនជាតិ​ហូឡង់។

 

រក​ឃើញ​ការ​ពិត យន្តហោះ MH17 ត្រូវ​បាញ់​ទម្លាក់​ដោយ​គ្រាប់​មីស៊ីល​រុស្ស៊ី

 

«ផ្អែក​លើ​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ យើង​បាន​សន្និដ្ឋាន​ថា យន្តហោះ MH17 ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​គ្រាប់​មីស៊ីល Buk ស៊េរី 9M83 ដែល​មក​ពី​ទឹកដី​នៃ​សហព័ន្ធ​រុស្ស៊ី»។ នេះ​បើ​តាម​សម្ដី​ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​ប៉ូលិស​ហូឡង់ លោក Wilbert Paulissen និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ កាល​ពី​ថ្ងៃ​ពុធ កន្លង​ទៅ​នេះ។

 

«មីស៊ីល​នោះ​ត្រូវ​បាន​នាំ​យក​ពី​រុស្ស៊ី ទៅ​ឲ្យ​ពួក​ឧទ្ទាម​អ៊ុយក្រែន នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កក្កដា ពោល​គឺ​នៅ​ពេល​ដែល​យន្តហោះ​ត្រូវ​បាន​បាញ់​ទម្លាក់ ហើយ​ប្រដាប់​បាញ់ ត្រូវ​បាន​នាំ​យក​ត្រលប់​ទៅ​រុស្ស៊ី​វិញ នៅ​ថ្ងៃ​បន្ទាប់»។ លោក Wilbert បន្ថែម​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ។

 

រក​ឃើញ​ការ​ពិត យន្តហោះ MH17 ត្រូវ​បាញ់​ទម្លាក់​ដោយ​គ្រាប់​មីស៊ីល​រុស្ស៊ី

 

បើ​យោង​តាម​ការ​សន្និដ្ឋាន ដែល​គាំទ្រ​ដោយ​ទិន្នន័យ​ផ្កាយរណប ពី​សហរដ្ឋអាមេរិក និង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​ឲ្យ​ដឹង​ថា គ្រាប់​មីស៊ីល​នោះ​បាន​បាញ់​ចេញ​ពី ទឹកដី​កសិកម្ម​មួយ នៅ​ក្បែរ​ភូមិ Pervomaysk ដែល​នៅ​ពេល​នោះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​រុស្ស៊ី៕

 


 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC & CNN