គួរធ្វើយ៉ាងណា នៅពេលមានបញ្ហា ឃ្មុំទិច? និងត្រូវចៀសវាង យ៉ាងដូចម្តេច?

ឃ្មុំ និងឱម៉ាល់ តែងប្រើទ្រនិច របស់វាទិច ក្នុងគោលបំណងការពារខ្លួនពួកវា។ ទ្រនិច របស់វាមានជាតិពិស ដែលអាចបង្កឲ្យមានប្រតិកម្ម ក្នុងរាងកាយរបស់មនុស្ស។ អ្នកដែលត្រូវឃ្មុំទិច អាចមានអាការៈ ឬរោគសញ្ញាខុសៗគ្នា ផ្តើមពីការឈឺចាប់ម្តងបន្តិចៗ រហូតដល់ប្រតិកម្មធ្ងន់ធ្ងរ។

រោគសញ្ញាកម្រិតស្រាល រួមមាន ចុក ឈឺចាប់ មានកន្ទួលក្រហម (មានអុជពណ៌ស ចំកណ្តាល) និងហើមត្រង់កន្លែងទិច។ រោគសញ្ញាកម្រិតស្រាលនេះ អាចបាត់ទៅវិញ ក្នុងរយៈពេល ២ ថ្ងៃ ឬអាចពីដល់ ៥ ទៅ ១០ ថ្ងៃ ប្រសិនបើធ្ងន់ធ្ងរជាងនេះបន្តិច។

ករណីអ្នកមានប្រតិកម្មជាមួយពិសឃ្មុំ ឬត្រូវឃ្មុំទិច ជាច្រើនមេនោះ វាអាចបង្កផលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំយ៉ាងធ្ងន់ធ្ងរ។ ហេតុនេះ អ្នកត្រូវស្វែងរកគ្រូពេទ្យជំនាញជាបន្ទាន់។ 

សម្រាប់រោគសញ្ញាកម្រិតស្រាល និងកម្រិតមធ្យម អាចមានវិធីព្យាបាលងាយៗ ដើម្បីបន្ធូរបន្ថយការឈឺចាប់ ហើម រមាស់ និងកន្ទួលក្រហមបានដូចខាងក្រោមនេះ ៖

១. ដកទ្រនិចចេញ

ដំបូងបំផុត អ្នកត្រូវដកទ្រនិចចេញភ្លាមៗ មុននឹងវាកប់ចូលស្បែករបស់អ្នកបាត់។

• អ្នកត្រូវដកទ្រនិចរបស់ឃ្មុំ ដោយប្រើចុងក្រចក ឬប្រដាប់ដករោម ក៏បាន (ត្រូវចងចាំថាមិនត្រូវយកដៃច្របាច់ទ្រនិចចេញទេ ព្រោះវានឹងធ្វើឲ្យជាតិពិស ចូលទៅក្នុងស្បែកកាន់តែជ្រៅ)

• លាងសម្អាតមុខទ្រនិច ដោយសាប៊ូសម្លាប់មេរោគ និងទឹក

• ជូតថ្នមៗ រួចលាបថ្នាំសម្លាប់មេរោគបន្ថែម។

២. ស្អំទឹកកក

សីតុណ្ហភាពត្រជាក់ អាចជួយមិនឲ្យរលាក ជួយឲ្យស្បែកស្ពឹក ដើម្បីបន្ថយការឈឺចាប់ និងបន្ថយអាការៈហើមបានទៀតផង។

• ដាក់ដុំទឹកកក លើក្រណាត់ស្អាត រួចចងមាត់វាឲ្យជិត (ត្រូវចាំថា មិនត្រូវដាក់ទឹកកកស្អំផ្ទាល់ឡើយ)

• សង្កត់កញ្ចប់ទឹកកកនោះ លើស្នាមទ្រនិចពី ១០ ទៅ ១៥ នាទី់

• ២ ទៅ ៣ ម៉ោងក្រោយ ដាក់ស្អំបន្ថែមទៀត រហូតបាត់ឈឺ និងបាត់ហើម។

៣. ម្សៅ Baking soda

ម្សៅ Baking soda គឺជាផលិតផល ដែលអាចជួយបន្សាបជាតិអាស៊ីត របស់ពិសបាន និងអាចបំបាត់ការឈឺចាប់ រមាស់ និងហើមបានយ៉ាងឆាប់រហ័ស។

• លាយម្សៅ Baking soda មួយស្លាបព្រាកាហ្វេ ជាមួយទឹកបន្តិច (ល្បាយខាប់)

• លាបវាលើស្នាមទ្រនិច ពី ៥ ទៅ ១០ នាទី

• លាងសម្អាតជាមួយទឹកក្តៅឧណ្ណៗ

• ប្រសិនបើនៅតែឈឺ ឬនៅមានបញ្ហាមិនស្រួលណាមួយទៀត អនុវត្តវិធីនេះម្តងទៀត នៅរយៈពេល ២-៣ ម៉ោងក្រោយ។

៤. ទឹកឃ្មុំ

ទឹកឃ្មុំ ក៏ជាឱសថធម្មជាតិដ៏ល្អសម្រាប់បញ្ហាឃ្មុំទិចដែរ។ វាជួយពង្រាវជាតិពិស និងជួយមិនឲ្យឆ្លងមេរោគបានផងដែរ។

• លាបទឹកឃ្មុំសុទ្ធ នៅលើបរិវេណស្នាមទ្រនិច រួចទុកវាឲ្យស្ងួត និងលាងសម្អាតដោយទឹកក្តៅឧណ្ណៗ (មួយថ្ងៃធ្វើ ២ ទៅ ៣ ដង)

• អ្នកក៏អាចលាយទឹកឃ្មុំសុទ្ធ ជាមួយនឹងម្សៅរមៀតឲ្យខាប់ រួចលាបវាពីលើមុខទ្រនិច ក៏បាន (មួយថ្ងៃ អនុវត្ត ២ ទៅ ៣ ដង)។ 

៥. ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើ ក៏អាចជួយដល់បញ្ហាឃ្មុំទិចបានដែរ ដោយសារតែវាអាចប្រឆាំងនឹងការរលាក សម្រាលភាពឈឹចាប់ ហើម និងរមាស់បាន។

• លាងប្រទាលកន្ទុយក្រពើឲ្យស្អាត រួចយកកាំបិតមកវះ យកជែលខាងក្នុង

• យកជែលរបស់ប្រទាលកន្ទុយក្រពើ មកលាបលើស្នាមទ្រនិច

• អ្នកអាចអនុវត្ត ២ ទៅ ៣ ដង ជារៀងរាល់ថ្ងៃ ឲ្យបាន ២ ទៅ ៣ ថ្ងៃជាប់គ្នា។

៦. ថ្នាំគ្រាប់អាស្ពីរីន (Aspirin)

វិធីបន្សាបមួយផ្សេងទៀត ដើម្បីបន្សាបជាតិពិស និងឆាប់ជាសះស្បើយ គឺថ្នាំគ្រាប់អាស្ពីរីន ដោយវាអាចជួយបន្ថយការឈឺចាប់ និងការហើមបាន។

• កិនថ្នាំអាស្ពីរីនមួយគ្រាប់ ឲ្យម៉ដ្ឋ

• លាយទឹក ២ ទៅ ៣ ដំណក់ ដើម្បីឲ្យវាខាប់

• លាបវានៅលើស្នាមទ្រនិច រួចទុកវាចោល ២ ទៅ ៣ នាទី

• លាងសម្អាតចេញជាមួយទឹកក្តៅឧណ្ណៗ

• អនុវត្តវិធីនេះញឹកញាប់តាមតម្រូវការ

៧. ថ្នាំដុសធ្មេញគ្មានពណ៌

ថ្នាំដុសធ្មេញគ្មានពណ៌ ក៏អាចជួយដល់បញ្ហាត្រូវឃ្មុំទិចបានដូចគ្នាដែរ ដោយវាជួយបន្សាបអាស៊ីតរបស់ជាតិពិស និងបន្ធូរបន្ថយការឈឺចាប់ និងហើមបានទៀតផង។

• លាបថ្នាំដុសធ្មេញគ្មានពណ៌លើ កន្លែងដែលត្រូវឃ្មុំទិច (ត្រូវចងចាំថា មិនអាចប្រើថ្នាំដុសធ្មេញប្រភេទជែល ប្រភេទពណ៌ឡើយ)

• ទុកចោលប្រមាណ ២ ទៅ ៣ ម៉ោង

• សម្អាតចេញដោយប្រើ ក្រណាត់សើម ស្អាត

• អនុវត្តញឹកញាប់តាមតម្រូវការ

៨. ដីភក់

ក្នុងករណី ដែលមិនបានដឹងទុកមុន (ឬមិននៅផ្ទះ) អ្នកអាចប្រើ ដីភក់ជំនួស ដើម្បីជួយកាត់បន្ថយដល់ការឈឹចាប់។ អ្នកគ្រាន់តែយកដី (ឬភក់) មកលាយជាមួយទឹកបន្តិច និងឲ្យខាប់។ បន្ទាប់មក លាបវាពីលើកន្លែង ដែលត្រូវឃ្មុំទិច។ នៅពេលដែលអ្នកទៅដល់ផ្ទះ អ្នកត្រូវលាងសម្អាតទឹកចេញ និងជូតឲ្យស្ងួត។ 

ដូចដែលបានលើកឡើងដែរថា ឃ្មុំទិចមនុស្ស ក៏ដោយសារតែវាចង់ការពារខ្លួនរបស់វាតែប៉ុណ្ណោះ ហេតុនេះយើងនឹងបន្តប្រាប់ពីគន្លឹះមួយចំនួន ខាងក្រោមនេះ ដើម្បីចៀសវាងកុំឲ្យឃ្មុំទិច រាងកាយរបស់អ្នក ៖

• កុំបាញ់ទឹកអប់ ៖ អាចនិយាយបានថា ធ្វើយ៉ាងណា កុំឲ្យរាងកាយអ្នកមានក្លិនក្រអូបដូចផ្កា ព្រោះឃ្មុំអាចស្រង់ក្លិនអ្នកបានតាំងពីចម្ងាយ។

• ចៀសវាងសម្លៀកបំពាក់ ពណ៌ស្រស់ៗ ជាពិសេស មានរូបផ្កា ៖ ស្រដៀងនឹងចំនុចខាងលើដែរ គឺអ្នកមិនត្រូវស្លៀកពាក់ដូចជាផ្កាទេ ព្រោះវាដូចជា ទាក់ទាញឃ្មុំឲ្យមកទិចអ្នកយ៉ាងអញ្ចឹង។ នេះជាហេតុផលមួយដែរ ដែលអ្នកចិញ្ចឹមឃ្មុំ ពាក់តែខោអាវពណ៌ស។

• កុំដើរជើងទទេរ ៖ ឃ្មុំអាចក្រេបទឹកដមផ្កា នៅតាមសួនផ្កាមុខផ្ទះរបស់អ្នក ហើយមួយចំនួនមានសំបុកនៅក្នុងដី។ ពូកវានឹងទិចអ្នក ប្រសិនបើអ្នកដើរទៅជិត ឬជាន់ សំបុករបស់វា។

• កុំស្លៀកពាក់រលុងៗ ៖ ឃ្មុំ ឬឱម៉ាល់ អាចនឹងចូលតាមជើងខោ តាមប្រហោងអាវ ប្រសិនបើអ្នកស្លៀកពាក់រលុងៗ។ នៅពេលដែលអ្នកមានអារម្មណ៍ថា មានអ្វីមួយនៅក្នុងសម្លៀកបំពាក់របស់អ្នក អ្នកប្រាកដជាទះវាជាមិនខាន។ នេះហើយជាបញ្ហា!

• នៅឲ្យស្ងៀម ៖ ប្រសិនបើអ្នកខ្លាចសត្វឃ្មុំ អ្នកគ្រាន់តែដកដង្ហើមឲ្យបានវែង និងនៅឲ្យស្ងៀម។ សត្វឃ្មុំ នឹងធ្វើការសង្កេតអ្នក ហើយនីពេលដែលវាដឹងថាអ្នកជាមនុស្ស មិនមែនជាផ្កា នោះវានឹងហើរចេញដោយខ្លួនឯង។

• ទាក់ទងអ្នកជំនាញជាបន្ទាន់ ប្រសិនបើប្រទះឃើញ មានសំបុកឃ្មុំជិតផ្ទះ ៖ អ្នកមិនត្រូវប៉ះពាល់សំបុករបស់វាដោយផ្ទាល់ទេ។ អ្នកត្រូវតែស្វែងរកអ្នកជំនាញ ដើម្បីកម្ចាត់វាចេញ មុននឹងវាបង្កជាបញ្ហា៕ 

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរធ្វើយ៉ាងណា នៅពេលមានបញ្ហា ឃ្មុំទិច? និងត្រូវចៀសវាង យ៉ាងដូចម្តេច?

គួរធ្វើយ៉ាងណា នៅពេលមានបញ្ហា ឃ្មុំទិច? និងត្រូវចៀសវាង យ៉ាងដូចម្តេច?

គួរធ្វើយ៉ាងណា នៅពេលមានបញ្ហា ឃ្មុំទិច? និងត្រូវចៀសវាង យ៉ាងដូចម្តេច?