រឿង​ដែល​អ្នក​គិត​ថា​ធម្មតា តែ​អាច​ប្រែក្លាយ​ជា​គ្រោះថ្នាក់​ដោយ​មិន​ដឹង​ខ្លួន

​រឿង​រ៉ាវ​ ៤ យ៉ាង​​​នេះ​​​ស្ដាប់​មើល​ទៅ​វាគ្រាន់​តែ​ជា​រឿង​ធម្មតា​ ប៉ុន្តែ​ពេល​ខ្លះ​​វា​​អាចជា​រឿង​ដ៏​គ្រោះ​ថ្នាក់​បំផុត​ ដែល​អ្នក​គួរ​តែ​ប្រុង​ប្រយ័ត្ន ដោយ​​វា​អាច​​​ធ្វើ​​ឲ្យ​អ្នក​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​មិន​ដឹង​ខ្លួន ។

1ផ្ទះលោតឌីសុងទ័រ

នៅ​សុខៗ​ស្រាប់​​តែ​ផ្ទះ​របស់​​លោក​អ្នក ដាច់​ភ្លើង ប៉ុន្ដែ​​ពេល​មើល​ទៅ​ផ្ទះ​អ្នក​ជិត​ខាង​បែរ​ ជា​មាន​ភ្លើង​ធម្មតា ដែល​​ភាគ​ច្រើន​មក​​ឌីសុងទ័រ​ផ្ដាច់​ភ្លើង​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​ផ្ទះ ឬ​ក៏លោត​នៅ​ប្រអប់​ ជាប់​នឹង​បង្គោល​ភ្លើង​ឯណោះ​វិញ។ មុន​នឹង​សម្រេច​ចិត្ត​ទៅ​បើក​វា​វិញ​អ្នក​ត្រូវ​​គិត​មើល​ជា​មុន​សិន ថា​​​តោះ​មាន​ឧបករណ៍​អគ្គិសនី​ណា​មួយ​ឆ្លង​ភ្លើង​ដែរ​ឬ​ទេ ឬ​ក៏​អ្នក​ប្រើ​ឧបករណ៍​អគ្គិសនី​ច្រើន​រហូត​ដល់​ហួស​ទំហំ​កំណត់ (ហួសអំពែរ)​ដែរ​ឬ​ទេ។ ហេតុ​អ្វី​ក៏​ត្រូវ​ធ្វើ​ដូច​នេះ ៖

  • ទី១ វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ទុស្សេ​ចរន្ដ​កាន់​តែ​ខ្លាំង​ ប្រសិន​បើ​លោក​អ្នក​នៅ​តែ​ព្យាយាម​បើក​ឌីសុងទ័រ ដោយ​មិន​បាន​ត្រួត​ពិនិត្យ​ខ្សែ​បណ្ដាញ​អគ្គិសនី​ជាមុនសិន។
  • ទី២ វា​អាច​ជា​ល្បិច​ចោរ ដែល​រង​ចាំ​វាយ​ប្រហារ​ ពេល​លោក​អ្នក​ចេញ​ទៅ​បើក​ឌីសុងទ័រ​នៅ​ខាង​ក្រៅ​ផ្ទះ​។

វិធីដោះ​ស្រាយ ៖ ​ត្រូវ​ពិនិត្យ​មើល​ជុំវិញ​ផ្ទះ​ដោយ​ប្រុង​ប្រយ័ត្ន​ មុន​នឹង​បើក​ទ្វារ​ចេញ​ក្រៅ​ ឬ​ក៏​ត្រូវ​មាន​គ្នា​ចាំ​ទ្វារ​ជាមុន។

2ឥវ៉ាន់បញ្ញើរពីអ្នកដ៏ទៃ

ពេល​ដែល​លោក​អ្នក​ត្រូវ​ចេញ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ឬ​ទៅ​តំបន់​ឆ្ងាយ​ៗ លោក​អ្នក​ ប្រហែល​ជា​ត្រូវ​ជួប​នឹង​ការ​ពឹង​ពាក់​ឲ្យ​ជួយ​ទទួល​បញ្ញើរ​ពី​សាច់ញាតិ ឬ​មិត្តភក្ដិ​។ ជា​ការ​គួសម ​អ្នក​ដែល​មាន​ឥវ៉ាន់​ផ្ញើរ អាច​នឹង​ធ្វើការ​វេច​ខ្ចប់​ឲ្យ​បាន​ស្អាត​បាត​រួច​ជាស្រេច​ដើម្បី​បង្ការ​កុំ​ឲ្យ​លោកអ្នក​ពិបាក​រៀប​ចំ​ជួន​។ ប៉ុន្ដែ​សូម​លោក​អ្នក​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ជា​មុន​សិន​ថា តើ​របស់​ខាង​ក្នុង​នោះ​ជា​អ្វី?។

  • ទី១ ឥវ៉ាន់​វេច​ខ្ចប់​ទាំង​នោះ អាច​ជា​របស់​ដែល​គេ​ហាម​ឃាត់​មិន​ឲ្យ​យក​ឡើង​យន្ដហោះ ​ដែល​វា​អាច​ធ្វើ​ឲ្យ​មាន​ការ​ឃាត់​ឆែកឆេរ រំខាន​ពេល​វេលា​ធ្វើ​ដំណើរ​របស់​លោក​អ្នក។
  • ទី២ វា​អាច​ជា​ទំនិញ​ខុស​ច្បាប់ ដែល​បណ្ដាល​ឲ្យ​លោក​អ្នក​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដាក់​ទោស​ទណ្ឌ​។

វិធី​ដោះ​ស្រាយ​ ៖ សូម​លោក​អ្នក​ប្រាប់​ពួកគេ​ជាមុន​សិន ថា​មិន​បាច់​វេច​ខ្ចប់​ជា​ស្រេច​នោះ​ទេ ​ឬ​ក៏​លោក​អ្នក​ត្រូវ​តែ​ស្រាយ​វា​ចេញ ហើយ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ខ្លួន​ឯង​ជា​មុន​ សឹម​វេចខ្ចប់​ឡើងវិញ​ជា​ក្រោយ។

ករណី​ស្រដៀង​គ្នា​មួយ​ទៀត​ដែរ ប្រសិន​បើ​នៅ​អាកាសយានដ្ឋាន, ស្ថានីយរថភ្លើង ឬ​កន្លែង​សាធារណៈ​ណាមួយ ហើយ​មាន​អ្នក​មិន​ស្គាល់ ពឹង​លោក​អ្នក​ឲ្យ​ជួយ​យាមឥវ៉ាន់ ពិសេស​វ៉ាល្លី ឬ​បង្វិច​របស់​គេ​នោះ សូម​លោក​អ្នក​ប្រកែក​ភ្លាម ដោយ​មិន​ត្រូវ​ទទួល​ខុស​ត្រូវ​ជំនួស​គេ​ឡើយ។​ យើង​មិន​អាច​ស្មាន​ដឹង​ទេ​ថា វត្ថុ​នៅ​ក្នុង​នោះ​គឺ​ជា​អ្វីខ្លះ​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត ជន​មិន​ស្គាល់​មុខ​ ក៏​អាច​មក​ចោទ​ប្រកាន់​លោក​អ្នក​ថា​បាន​លួច​យក​ទ្រព្យសម្បត្តិ​ណា​មួយ​របស់​គេ ក៏​ថា​បាន​។​​

3មាន​មនុស្ស​ពឹង​ឲ្យ​បើក​កាតATM

ប្រសិន​បើ​មាន​មនុស្ស​វ័យ​ចំណាស់​ម្នាក់ ដែល​ឈរ​នៅ​ម្ដុំ​ទូ​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ(ATM) មក​សុំ​ឲ្យ​លោក​អ្នក​ជួយ​ដក​ប្រាក់​ជំនួស​គាត់ ដោយ​សម្អាង​លើ​ហេតុផល​ថា​គាត់​មើល​មិន​សូវ​ច្បាស់​ ឬ​ក៏​អ្វី​ផ្សេងៗ​នោះ ហើយ​លោក​អ្នក​ជួយ​គាត់​ភ្លាម​នោះ រឿង​ហេតុ​អាក្រក់​អាច​កើត​មាន​២​ករណី។

  • ទី១ មនុស្ស​ចាស់​នោះ អាច​ចោទ​ប្រកាន់​លោក​អ្នក​វិញ​ថា ជា​អ្នក​លួច​បើក​ប្រាក់​របស់​គាត់​ (នៅ​ពេល​ក្រោយ) ដោយ​សម្អាង​លើ​ខ្សែ​អាត់​ដែល​ថត​ជាប់​ពេល​លោក​អ្នក​ដក​ប្រាក់​របស់​គាត់។
  • ទី២ មនុស្ស​ចាស់​នោះ អាច​ជា​អ្នក​លួច​ ឬ​ក៏​ជា​ក្រុម​​របស់​អ្នក​លួច​កាត​ ATMរបស់​អ្នក​ដទៃ​ ហើយ​ស្គាល់​លេខ​សម្ងាត់ ប៉ុន្ដែ​ខ្ចី​ដៃ​លោក​អ្នក ឲ្យ​ជាប់​ពិរុទ្ធ​ជំនួស​។

វិធី​ដោះ​ស្រាយ ៖ ត្រូវ​ស្វែង​រក​សន្ដិសុខ​ប្រចាំ​ធនាគារ ឬ​ក៏​ទូរស័ព្ទ​រក​ភ្នាក់​ងារ​ធនាគារ​ (ជា​ទូទៅ​មាន​នៅ​ក្បែរ​ម៉ាស៊ីនATM ) ឲ្យ​មក​ជួយ​ដោះស្រាយ។

4ជួប​កុមារ​វង្វេង​ផ្ទះ

ប្រសិន​បើក​លោក​អ្នក ជួប​ប្រទះ​នូវ​កុមារ​វង្វេង​ផ្ទះ​នៅ​តាម​ផ្លូវ ដ៏​គួរ​ឲ្យ​អាណិត​ម្នាក់​ ហើយ​គេ​អាច​ដឹង​ពី​អាស័យដ្ឋាន​ដែល​អាច​ឲ្យ​លោក​អ្នក​ជូន​គេ​ទៅ​បាន​នោះ ក៏​សូម​ប្រុងប្រយ័ត្ន​ចំពោះ​ល្បិច​ជន​ខិល​ខូច​ ពិសេស​សម្រាប់​មិត្ត​អ្នក​អាន​ជា​សុភាព​នារី។ វា​ជា​អន្ទាក់ ដែល​ពួកគេ​បាន​ត្រៀម​រៀប​ចំ​រួច​ជាស្រេច​ ដើម្បី​ប្លន់ ឬ​ក៏​ធ្វើ​សកម្មភាព​ឧក្រិដ្ឋ​ផ្សេងៗ។

វិធីដោះ​ស្រាយ ៖ ត្រូវ​នាំ​កុមារ​ដ៏​គួរ​ឲ្យ​អាណិត​នោះ ទៅ​ជួប​អាជ្ញាធរ​មូល​ដ្ឋាន​ដែល​នៅ​ក្បែរ​នោះ​បំផុត​ ដើម្បី​ឲ្យ​ពួក​គាត់​ចាត់​ចែង​ស្វែង​រក​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​របស់​ពួកគេ។

ដោយ ៖ K3

  • រឿង​ដែល​អ្នក​គិត​ថា​ធម្មតា តែ​អាច​ប្រែក្លាយ​ជា​គ្រោះថ្នាក់​ដោយ​មិន​ដឹង​ខ្លួន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ជីវិតនិងសង្គម
Tags: