វិធីទិព្វតែម៉្យាងគត់ដែលធ្វើឱ្យក្លាយជាអ្នកមានក្នុងពេលមិនយូរ

អ្នកប្រហែលជាគិតថា ​ដើម្បីក្លាយជាអ្នកមានគឺទី១​. ត្រូវតែកើតចេញពីត្រកូលអ្នកមាន ទី២.​ រៀបការជាមួយកូនអ្នកមាន ទី៣​. រាប់អានជាមួយអ្នកមាន ទី៤.​ ដើរជាមួយអ្នកមាន ទី៥​. ប្រកបរបរជាមួយអ្នកមាន ទី៦.​ ឈ្នះឆ្នោតផ្សងសំណាង ឬទី៧. ​គាស់បានកំណប់ដោយចៃដន្យជាដើម ​។ សំណួរសួរថា ​តើសំណាងទាំង៧ចំណុចខាងលើនេះ ​សុទ្ធតែអាចកើតមានឡើងចំពោះមនុស្សទូទៅមែនដែរឬទេ?​ ពិតណាស់ គឺមិនមែនទេ ។ ​ឧទាហរណ៍៖​ ជួនកាលមិនប្រាកដថា ​អ្នកកើតក្នុងត្រកូលអ្នកមាន នោះបានន័យថាអ្នកនឹងមានបានដូចជាម្ដាយឪពុករបស់អ្នកនោះទេ​ ព្រោះការមាន​បានតាមរយៈអ្នកដទៃ​ វាគឺជាភាពមានបានដោយមិនទៀងទាត់ ​ថ្ងៃណាមួយទ្រព្យសម្បត្តិទាំងនោះនឹងរលាយបាត់ទៅវិញ ​គ្រាន់តែយូរហើយនិងឆាប់ប៉ុណ្ណោះ ។​
ដើម្បីក្លាយជាអ្នកមានក្នុងពេលដ៏ឆាប់ ​អាចថាក្នុងពេលចន្លោះពី៧-១០ ​ឬ១០-២០ ​ឬ២៥ឆ្នាំជាដើម​ គឺអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់អ្នកផ្ទាល់តែម្ដង ​គឺមានតែវិធីទិព្វដ៏មានប្រសិទ្ធភាពមួយប៉ុណ្ណោះ​ ដែលអាចធ្វើឱ្យអ្នកក្លាយជាអ្នកមានដោយរឹងមាំ​ ដោយស្ថិតស្ថេរ ​ដោយសុច្ចរឹត ​និង​ដោយស្មោះត្រង់ ហើយវិធីនោះគឺ “ការសន្សំ” ។ ​
អ្នកប្រហែលជាមើលងាយ​ ឬមិនទុកចិត្តនឹងវិធីមួយនេះ ​ឬអ្នកអាចនិយាយថាវាជាវិធីបុរាណ ​មិនទាន់សម័យ ប៉ុន្តែអ្នកភ្លេចគិតខ្លួនឯងហើយថា៖ ​ទម្រាំតែអ្នកមានវ័យធំពេញរូបពេញរាងមកទល់ថ្ងៃនេះ ​ក៏ព្រោះតែអ្នកខិតខំគេង ​ខំហូប ខំផឹកជាដើម ​ទើបអាចធ្វើឱ្យរាងកាយរបស់អ្នកធំធាត់​ឡើងបាន ​អ្វីក្រៅពីនេះគឺជាជំនួយពីមជ្ឈដ្ឋានធម្មជាតិខាងក្រៅ ។​ ការសន្សំគឺជាវិធីដ៏មានប្រសិទ្ធមួយដែលតាមមកជាប់ក្នុងជីវភាពរស់នៅរបស់មនុស្សលោកគ្រប់ជំនាន់​ ហើយអាចនិយាយបានថា វាគឺជាច្បាប់ធម្មជាតិ ​។ សូម្បីតែមកដល់ពេលនេះ​ វិស័យហិរញ្ញវត្ថុកាន់តែមានភាពទំនើប ​ការ​សន្សំនៅតាមធនាគារ ​ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏បានបង្កលក្ខណៈងាយស្រួលដល់មនុស្សទូទៅ ។ ​ជាក់ស្ដែង ដើម្បីធ្វើឱ្យការសន្សំរបស់អ្នកមានប្រសិទ្ធភាព​ និងទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្តនោះ គឺទី១. ​វាអាស្រ័យលើទំហំប្ដេជ្ញាចិត្តចង់សន្សំរបស់អ្នកមានកម្រិតម៉ឺងម៉ាត់ម៉ដ្ឋចត់កម្រិតណា ​ទី២. ​តើអ្នកអាចសន្សំប្រាក់បានច្រើនប៉ុណ្ណា ទី៣​. អ្នកអាចទប់ចិត្ត ទប់តណ្ហារបស់ខ្លួនកុំឱ្យចេះតែឃើញចេះតែចាយៗកម្រិតណា ទី៤. ​អ្នកមានក្ដីសង្ឃឹមនឹងសម្រេចការសន្សំប្រាក់នេះក្នុងកម្រិតប៉ុណ្ណា ​និងទី៥. ​តើអ្នកចង់សន្សំប្រាក់ទាំងនោះរហូតដល់ប៉ុន្មានឆ្នាំ (១០ឆ្នាំ? ឬ២០ឆ្នាំ?) ។​ ការ​ខិតខំប្រឹងប្រែងសន្សំប្រាក់ឱ្យបានកាន់តែច្រើនទៅតាមលទ្ធភាព​ គួបផ្សំជាមួយនឹងការបោះខ្សែពេលវេលាសន្សំឱ្យបានកាន់តែវែង​ នោះជោគជ័យរបស់អ្នក​ គឺនៅជិតបង្កើយ ។ ​បើគិតតែចង់ៗៗៗៗៗៗ ឥតល្ហែ ​សូមកុំស្ដីបន្ទោសវិធីនៃការសន្សំនេះ ​អ្នកគួរតែបន្ទោសខ្លួនឯងល្អជាង​ ព្រោះអ្នក​បានបោះបង់ក្ដីសង្ឃឹមចោលនៅពាក់កណ្ដាលទីដោយខ្លួនឯង ប៉ុន្តែសូមមានភាពវៃឆ្លាតក្នុងការរក្សាប្រាក់សន្សំរបស់អ្នកឱ្យមានសុវត្ថិភាពផង ៕​

វិធីទិព្វតែម៉្យាងគត់ដែលធ្វើឱ្យក្លាយជាអ្នកមានក្នុងពេលមិនយូរដោយ៖ ឈូកស
Cool FM 100.7