ចប់ត្រឹមថា «១០០​រៀល​ក៏​អត់​មាន​ដែរ»

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​អត់​មាន​លុយមួយរៀល​នៅ​ជាប់​​ខ្លួន​ ជិះ​ម៉ូតូ​ទាំង​ស្រវឹង​ទ្រេតទ្រោត​រេ​ចង្កូត​ពេញ​ផ្លូវ​ជ្រុល​ទៅ​បុក​រថយន្ដ​ ដែល​កំពុង​តែ​បត់​ឆ្លង ផ្លូវ​បណ្ដាល​ឱ្យ​ខូចខាត​រថយន្ត​និង​ម៉ូតូ តែ​មិន​មាន​អ្នក​រង​របួស​ទេ កាលពីវេលាម៉ោង​៩​យប់​ថ្ងៃ​ទី​២៨ ​កញ្ញា នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម ស្ថិត​ក្នុង​សង្កាត់ ស្រះ​ចក ខណ្ឌដូនពេញ ។

ម៉ូតូ​បង្ក​ខាងលើម៉ាក​ស៊ុ​យ​ស៊ូ​គី​ស្មាស ព​ណ៌ខ្មៅ ជិះ​ដោយ​បុរស​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ ចំណែក​រថយន្ដ​រង​គ្រោះ​ម៉ាកវី​ស្តូ ពណ៌.​ស  ជិះ​គ្នា​២​នាក់ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​គេ​​ឃើញ​បុរស​បង្ក​ជិះ​ម៉ូតូ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ជិះ​រេ​ចង្កូត​ពេញ​ផ្លូវ​ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ពេល​មក​ដល់​ចំណុច​កើតហេតុ ​ក៏​ជ្រុល​ទៅ​បុក​រថយន្ដ​វី​ស្តូ​ដែល​ទើបនឹង​បើក​ចេញពី​ញ៉ាំ​អាហារ​នៅ​តាម​ផ្លូវ ហើយ​បម្រុង​បត់​ឆ្វេង​ឆ្លងផ្លូវ​ក៏​ត្រូវ​ម៉ូតូ​ជិះ​ទៅ​បុក​ចំ​ក្បាល​រថយន្ដ​ចំហៀង​ខាងឆ្វេង​បណ្ដាល​អោយ​រថយន្ត​និង​ម៉ូតូ​ខូចខាត​បន្តិច​ប​ន្តួច តែ​មិន​បណ្ដាល​ឱ្យ​ម្ចាស់​ម៉ូតូ​រង​របួស​នោះ​ទេ​។

ចំណែក​ម្ចាស់​រថយន្តឱ្យដឹង​ដែរ​ថា មុន​ពេល​កើតហេតុ​ រូប​លោក​និង​មិត្ត​ភក្តិ​ទើប​ចេញ​មក​ពី​ញ៉ាំអាហារ​ក្បែរ​កន្លែង​កើតហេតុ ពេល​ញាំ​រួច​រូបគេ​បាន​ចូល​រថយន្ត​បំរុង​បត់​ឆ្វេង ស្រាប់តែ​ត្រូវ​ម៉ូតូ​បើក​យ៉ាង​លឿន​ ទៅ​បុក​រថយន្ត​គាត់​តែ​ម្តង​ទៅ ។ បន្ទាប់​ពី​បុក​ភ្លាម​ៗ ខាងម៉ូតូ​បង្ក​បាន​សុំ​ទោស និង​អង្វរ​ទៅ​ម្ចាស់​រថយន្ត​ថា រូបគេ​មិន​មាន​ប្រាក់​សង​ទេ ទាំង​អ្នក​រត់ម៉ូតូឌុប​ និង​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​នៅ​ក្បែរ​នោះ​ បាន​ជួយ​អង្វរ​ដល់​ម្ចាស់​រថយន្ត​ថា​ មិនបាច់​ទារ​ថ្លៃ​ជួសជុល​ទេ ព្រោះ​គ្នា​គ្មាន​ប្រាក់​ ។

ក្រោយ​ពេល​កើតហេតុ​ និង​ដោយ​និយាយ​គ្នា​អស់​ពេល​យ៉ាង​យូរ​នៅ​តែ​មិន​ត្រូវ​គ្នា ទោះបីជា​សមត្ថកិច្ច​មក​ដល់​សួរនាំ​ និង​ស្តីបន្ទោស​ទៅ​អ្នក​បើក​ម៉ូតូ​ថា បើ​ស្រវឹង​កុំ​បើកបរ​ និង​បានសួរ​ទៅ​អ្នក​បើក​ម៉ូតូ​ថា​ មាន​លុយ​ប៉ុន្មាន តែ​អ្នក​បើក​ម៉ូតូ​ប្រាប់​ថា ​មួយ​១០០​រៀល​ក៏​អត់​មាន​ដែរ  ទើប​សមត្ថកិច្ច​ប្រាប់​ថា ​ជិត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ​ហើយ​គាត់​មិន​ចង់​យក​រថយន្ត​និង​ម៉ូតូ​ទៅ​ទុក​រង់ចាំ​ដោះស្រាយ​ទេ ព្រោះ​ត្រូវ​រង់ចាំ​ទាល់តែ​ភ្ជុំបិណ្ឌ​ចប់ ​ទើប​ដោះស្រាយ​កុំ​ឲ្យ​ខាត​ពេលវេលា ណាមួយ​អ្នក​ជិះ​ម៉ូតូ​អត់​មាន​លុយ​ទៀត អ៊ីចឹងសុំ​ឲ្យ​ខាង​ម្ចាស់​រថយន្ត​ជួយ​សម្រួល​ផង ព្រោះ​រថយន្ត​ក៏​ខូចខាត​តិចតួច​ដែរ ទើប​ម្ចាស់​រថយន្ដ​ព្រមឱ្យ​ម្ចាស់​ម៉ូតូ​លើក​ម៉ូតូ​ជិះ​ទៅ​ផ្ទះ​ដោយ​មិន​បាន​សំណង​អ្វី​ទាំងអស់​ដើម្បី​បញ្ចប់រឿង​តែ​ម្ដង
​ទៅ​៕