ឈ្វេងយល់ពីបញ្ហាធ្លាក់សខុសប្រក្រតី

ឈ្វេងយល់ពីបញ្ហាធ្លាក់សខុសប្រក្រតី

ការឈឺថ្កាត់អាចកើតមានឡើងនៅគ្រប់ផ្នែកទាំងឡាយនៃរាងកាយសូម្បីបរិវេណទីសម្ងាត់អវយវភេទក៏ដោយ ។ ដូច្នេះស្ត្រីគួរយកចិត្តទុកដាក់ចំពោះអនាម័យនិងសុខភាពនៃអវយវភេទរបស់ខ្លួនឲ្យល្អក្នុងចៀសវាងការធ្លាក់សខុសប្រក្រតី ។

-ភាពអាប់អួជាមូលហេតុនៃការធ្លាក់សខុសប្រក្រតី
នៅអំឡុងរដូវភ្លៀងភាពសើមនៅបរិវេណទ្វារមាសជាប្រការសំខាន់ដែលត្រូវយកចិត្តទុកដាក់ ។ ស្ត្រីអាចកើតរមាស់នៅ បរិវេណនេះឬអាចសង្កេតឃើញថាទ្វារមាសធុំក្លិនខ្លាំងដោយសារភាពផ្អាប់ ហើយអាចបណ្តាលឲ្យស្ត្រីកើតធ្លាក់សខុសប្រក្រតី ។ស្ត្រីអាចធ្លាក់សដែលមានសភាពសៗអន្ធឹលៗនៅអំឡុងពេលមុនមករដូវឬស្ត្រីខ្លះអាចមានជាតិទឹកខាប់ៗថ្លាៗអំឡុងពេលមានការជម្រុះអូវុលជារឿងធម្មតាហើយអ្នកខ្លះដែលទទួលទានថ្នាំពន្យារកំណើតក៏អាចមានធ្លាក់សច្រើនជាងអ្នកឯ ទៀតហើយក៏មិនមែនជារឿងប្លែកដែរ ។ ប៉ុន្តែនៅពេលទ្វារមាសចាប់ផ្តើមមានបញ្ហានោះការធ្លាក់សរបស់អ្នកនឹងប្រែប្រួល ។

-ធ្លាក់ស មូលហេតុពីមេរោគផ្សិត
អាការសំខាន់នៃការធ្លាក់សប្រភេទនេះគឺ រមាស់ ហើយកើតដុំតូចៗស្រដៀងទឹកដោះដែលទារកភើចេញ ។ ស្ត្រីអាចព្យាបាលបានដោយថ្នាំសម្លាប់មេរោគផ្សិតប៉ុន្តែបើសិនមិនប្រាកដក្នុងចិត្តអ្នកគួរទៅជួបគ្រូពេទ្យជំនាញផ្នែករោគស្ត្រីដើម្បី វិនិច្ឆ័យពីមូលហេតុ ។

-ធ្លាក់សដោយសារមេរោគបាក់តេរី
បើសិនការធ្លាក់សមានអាការធ្ងន់នោះប្រាកដជាទ្វារមាសអ្នកឆ្លងមេរោគបាក់តេរីហើយលក្ខណៈនៃធ្លាក់សនោះគឺមានពណ៌ លឿងឬរាងខៀវៗដែលអ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យព្រោះចាំបាច់ត្រូវប្រើថ្នាំអង់ទីប៊ីយ៉ូទិកក្នុងការព្យាបាល ។

-កម្ចាត់ភាពអាប់អួដើម្បីឲ្យស្រួលខ្លួន
អាការផ្អាប់សើមនៅពេលភ្លៀងធ្លាក់ជាដើមហេតុនៃអាការអាប់អួបំផុតដូច្នេះស្ត្រីដែលនិយមស្លៀកពាក់ម៉ូដរឹបរាងអាចធ្វើឲ្យផ្អាប់សើមនិងបណ្តាលឲ្យមានបញ្ហាសុខភាព ។ ប៉ុន្តែបើចៀសពីប្រើម៉ូដរឹបរាងមិនបានទេគួរធ្វើតាមការណែនាំខាងក្រោម៖
-ព្យាយាមជ្រើសរើសម៉ូដដែលរឹបរាងតិចបំផុត។
-ប្រើខោទ្រនាប់ដែលជាកំណាត់កប្បាសឬកំណាត់កូតុង មិនគួរប្រើម៉ូដកំណាត់នីឡុងឬសរសៃសំយោគ ។
-ពេលចូលបន្ទប់ទឹករួចរាល់ហើយកុំភ្លេចជូតផ្តិតបរិវេណប្រដាប់ភេទឲ្យស្ងួត ។
-ប្រើកំណាត់អនាម័យនិងសំឡីអនាម័យទៅតាមការចាំបាច់ ហើយព្យាយាមប្តូរឲ្យញឹកញាប់រៀងរាល់ ២-៣ ម៉ោងម្តង ហើយបើមិនមែនមករដូវទេមិនគួរប្រើទេ ។
-ត្រៀមក្រដាសសើមនិងកំណាត់អនាម័យដាក់តាមខ្លួនគ្រប់ពេល ព្រោះនៅបន្ទប់ទឹកខ្លះអាចសម្អាតមិនបានគ្រប់គ្រាន់ ។ ដូច្នេះការប្រើវត្ថុផ្ទាល់ខ្លួនទើបទុកចិត្តបានថាស្អាតប្រកបដោយសុវត្ថិភាព ៕

ប្រភព ៖ pmhotnews

  • ឈ្វេងយល់ពីបញ្ហាធ្លាក់សខុសប្រក្រតី已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:សុខភាព
Tags: