រឿងអាស្រូវ លោក​សួង ម៉េង​ឡុង អគ្គនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ ក្រសួង​សង្គមកិច្ច ត្រូវបាន​លាតត្រដាង

ភ្នំពេញ៖ លោកសួង ម៉េងឡុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានរងការចោទប្រកាន់ ពីមន្ត្រីមួយចំនួនថា បានប្រើអំណាច និងឥទ្ធិពលរបស់ខ្លួន បញ្ចូលកូនឈ្មោះ ឡុង ឈន់ ក្នុងក្របខណ្ឌពិសេស ជាគ្រូបង្រៀនកម្រិតឧត្តម នៅវិទ្យាស្ថានជាតិសង្គមកិច្ច របស់ក្រសួងសង្គមកិច្ច។ ជាមួយនឹងការចោទប្រកាន់នេះ មន្ត្រីរាជការទាំងនោះ ក៏បានសំណូមពរ ឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ចុះពិនិត្យលើករណីនេះផង។

យោងតាមលិខិតដាក់ ជូនអង្គភាពប្រឆាំង អំពើពុករលួយ  បានឲ្យដឹងថា ក្រសួង ស្ថាប័ន មន្ត្រីរាជការ ចូលក្របខណ្ឌរដ្ឋ តាមការប្រឡង និងការបញ្ចូលពិសេស គឺផ្អែកលើសមត្ថភាពបុគ្គល ប៉ុន្តែលោកសួង ម៉េងឡុង អគ្គនាយករដ្ឋបាល និងហិរញ្ញ វត្ថុ នៃក្រសួងសង្គមកិច្ច បានប្រើឥទ្ធិពល និងអំណាចបញ្ចូលកូនបង្កើត ឈ្មោះ ឡុង ឈន់ ក្នុងក្របខណ្ឌពិសេស ដែលកំពុងសិក្សានៅក្រៅប្រទេស។

យោងតាមលិខិតស្នើសុំ របស់ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន  និងយុវនីតិសម្បទា ទិស្តីការគណៈរដ្ឋមន្ត្រី ផ្តល់ក្របខណ្ឌពិសេស ចំនួន ១៩កន្លែង សម្រាប់មន្ត្រីរាជការ ជាគ្រូបង្រៀនកម្រិតឧត្តម បម្រើការងារ នៅវិទ្យាស្ថានជាតិសង្គមកិច្ច របស់ក្រសួងសង្គមកិច្ច ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ តទៅ។ ប៉ុន្តែក្របខណ្ឌពិសេស ចំនួន១៩នាក់ អ្នកខ្លះមានសមត្ថភាព អ្នកខ្លះបក្ខពួក (លុយ) និងអ្នកខ្លះកូនអ្នកធំ មានក្របខណ្ឌ ប៉ុន្តែគ្មានវត្តមាន នៅវិទ្យាស្ថានទេ។ ជាក់ស្តែងឈ្មោះ ឡុង ឈន់ (កើតថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៣) ជាកូនបង្កើតលោកសួង ម៉េងឡុង អគ្គនាយករដ្ឋបាល និងហរិញ្ញវត្ថុ (ខ្នងបង្អែកយ៉ាងធំ នៅក្រសួងសង្គមកិច្ច) ប្រើឥទ្ធិពល និងអំណាចបញ្ចូលកូន ក្នុងក្របខណ្ឌពិសេស ជាគ្រូបង្រៀនកម្រិតឧត្តម នៅវិទ្យាស្ថានជាតិសង្គមកិច្ច។

មន្ត្រីនៅវិទ្យាស្ថានជាតិសង្គមកិច្ច បានបញ្ជាក់ថា ឈ្មោះ ឡុង ឈន់ (កូនបង្កើតលោក សួង ម៉េងឡុង) គ្មាននៅក្នុងស្រុកខ្មែរទេ គឺសិក្សានៅក្រៅប្រទេស។ បន្ទាប់ពីមានក្របខណ្ឌ ជាគ្រូបង្រៀន មិនដែលឃើញមុខទេ ប៉ុន្តែដោយសារខ្នងបង្អែក បក្ខពួកអ្នកធំ ហើយឪពុកប្រើឥទ្ធិពល និងអំណាច គឺក្រោយបញ្ចូលក្របខណ្ឌ បង្គាប់ការមក ធ្វើជំនួយការផ្ទាល់ ឪពុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ប៉ុន្តែនៅសិក្សា នៅក្រៅប្រទេស គឺខុសប្រកាស ស្តីពីការបញ្ជូនក្របខណ្ឌមន្ត្រីរាជការ សម្រេចត្រង់ ប្រការ២ ត្រូវឆ្លងកាត់ការធ្វើកម្មសិក្សា រយៈពេល១២ខែ។

នៅក្នុងលិខិតដាក់ទៅ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា នៅក្នុងក្រសួងសង្គមកិច្ច កើតមានអំពើអយុត្តិធម៌ និងបក្ខពួក ពុករលួយ យ៉ាងខ្លាំង (រៀបចំកូន ប្អូន និងបក្ខពួក ជាច្រើនកន្លែងសំខាន់ៗ ហើយស៊ីឈ្មោះមន្ត្រី ជាប់កិច្ចសន្យា ជំនួយការ ទីប្រឹក្សា ថ្នាក់ស្មើនាយកដ្ឋាន អគ្គនាយក និងអនុរដ្ឋលេខាធិការ ជាច្រើន។

ជាមួយគ្នានេះ មន្ត្រីនៅក្រសួងសង្គមកិច្ច ក៏បានសំណូមពរ ដល់អង្គភាពប្រឆាំងអំពើពុករលួយ ចុះពិនិត្យករណីឈ្មោះ ឡុង ឈន់ អំពីការចូលក្របខណ្ឌពិសេស ហើយអវត្តមានបំរើការងារ និងបក្ខពួកពុករលួយ ប្រើប្រាស់ថវិកា គ្មានតម្លាភាព របស់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ផង។

លោក សួង ម៉េងឡុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលជាច្រើនដង មិនមានអ្នកទទួល។

សូមជម្រាបថា ពាក់ព័ន្ធលោក សួង ម៉េងឡុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា គឺមានអាស្រូវជាច្រើន ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ ដែលនឹងត្រូវមន្ត្រីរាជការ នៅក្នុងក្រសួង លាតត្រដាងការពិត ដើម្បីឲ្យរដ្ឋមន្ត្រីក្រសួង និងអង្គភាពប្រឆាំងអំពើពុករលួយ បានដឹង ដើម្បីចាត់វិធានការ តាមច្បាប់៕

រឿងអាស្រូវ លោក​សួង ម៉េង​ឡុង អគ្គនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ ក្រសួង​សង្គមកិច្ច ត្រូវបាន​លាតត្រដាង