វ៉ូវីណាម​កម្ពុជា ត្រៀមខ្លួនរួច​រាល់ ក្នុងការ​បង្កើតកំណត់ត្រាថ្មីនៅកីឡាអាស៊ីឆ្នេរខ្សាច់

ក្រុមអត្ត​ពលិក​កីឡាវ៉ូវីណាម​កម្ពុជា បាន​​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​សម្រេច​ការ​តាំង​ចិត្ត​របស់ពួក​គេ គឺ​ការ​ស្វែង​រក​មេដាយ​ឲ្យបាន នៅ​ក្នុង​ការ​ប្រកួត​កីឡាអាស៊ីឆ្នេរខ្សាច់​ លើក​ទី​៥ ដែល​កំពុង​ធ្វើ​នៅ​ទី​ក្រុងដាណាង ប្រទេស​វៀតណាម។

karate

​ បើ​ទោះ​បីជា ក្រុម​វ៉ូវីណាម​កម្ពុជា មិន​ធ្លាប់​បង្ហាញ​សមត្ថ​ភាព ក្នុងការ​​ប្រកួត​លើ​ខ្សាច់ ប៉ុន្តែ​ការ​ចេញ​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​វៀតណាម ប្រមាណ២​ខែ កន្លង​មក​នេះ វា​បាន​ធ្វើ​ឲ្យក្រុម​វ៉ូវីណាម​កម្ពុជា ហាក់​មាន​ទំនុកចិត្តខ្លាំង ក្នុងការ​ដណ្តើម​​បាន​មេដាយ បន្ថែម​ទៅ​លើ​ការ​ឈ្នះ​មេដាយ​គ្រប់​កម្រិតរបស់​ក្រុមកីឡាប៉េតង់​របស់​កម្ពុជា។

លោក ទេព ជីវសុខុម គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កីឡាវ៉ូវីណាម​កម្ពុជា បាន​ប្រាប់ថា៖​«បើ​ទោះ​បីជា នេះ​ជា​បទ​ពិសោធ​លើក​ដំបូង​របស់​ពួក​យើង ប៉ុន្តែការប្រកួតនៅលើ​ខ្សាច់ក៏​ដោយ នៅ​លើ​តាបពី​ក៏​ដោយ គឺ​អត់អី​នោះ​ទេ ព្រោះ​កម្រិត​បច្ចេកទេសនៃការប្រកួត វាដូច​តែ​គ្នា​ទេ ហេតុនេះ​យើង​មាន​សង្ឃឹម​ក្នុង​ការ​ដណ្តើម​បាន​មេដាយ​ក្នុង​កម្រិត​ណា​មួយ មិនខាន»។

ក្រុម​​អត្តពលិក​កីឡាវ៉ូវីណាម​ចំនួន​១០​នាក់(ស្រី​៣នាក់) រួម​ជាមួយ​គ្រូ​បង្វឹក​២​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​ដល់ទីក្រុង​ដាណាង ប្រទេស​វៀតណាម កាល​ពី​ថ្ងៃពុធ ម្សិល​មិញ ហើយ​ពួក​គេ​ត្រូវ​ប្រកួតប្រជែង​នៅ​លើ​វិញ្ញាសាសម្តែង​​ចំនួន​៩ ​ចាប់​ពី​ថ្ងៃ​ទី​៣០ ខែកញ្ញា និងបញ្ចប់​នៅថ្ងៃ​ទី​២ ខែវិច្ឆិកា។

លោក ទេព ជីវសុខុម បានបញ្ជាក់ថា៖​«នៅ​តំបន់​អាស៊ីនេះ មាន​ប្រទេស​ច្រើន អាច​ប្រកួតកីឡាវ៉ូវីណាម​នេះ​បាន ប៉ុន្តែ​​គូប្រកួត​ដ៏​ខ្លាំង​របស់​យើង​គឺ​មាន​វៀតណាម ដែលជាម្ចាស់ផ្ទះ និង​ម្ចាស់ក្បាច់​គុន​នេះ ហើយ​ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ដែល​សុទ្ធតែ​បាន​ទៅ​ហាត់​នៅ​វៀតណាម ដើម្បី​ផ្សាំ​ទៅនឹងទី​លាន​ត្រូវ​ប្រកួត​នោះ ក៏​ជា​ក្តី​កង្វល់​មួយ​របស់យើង​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ ដោយ​សារ​យើងបាន​ទៅ​ហ្វឹក​ហាត់នៅ​ប្រទេសវៀតណាម​រយៈ​ពេល​២​ខែនោះ ធ្វើ​ឲ្យ​កម្រិត​បច្ចេក​ទេស​របស់យើង​មាន​ការ​កើន​ឡើង អ៊ីចឹង​យើងមានសង្ឃឹម​ក្នុងការ​ដណ្តើម​បានមេដាយ​ជូន​ជាតិ គឺ​យើងមាន​ទំនុក​ចិត្ត​៧០​ភាគ​រយ»៕

The post វ៉ូវីណាម​កម្ពុជា ត្រៀមខ្លួនរួច​រាល់ ក្នុងការ​បង្កើតកំណត់ត្រាថ្មីនៅកីឡាអាស៊ីឆ្នេរខ្សាច់ appeared first on CamboSport.