លោក​អ៊ុន ទេវ៉ាន់ដា គ្រូប​ង្រៀន​អក្សរ​ប្រៃយ៍​ភាសា​ជប៉ុន​មុន​គេ​នៅ​កម្ពុជា

ជួប​ជាមួយ​គេហទំព័រ​ CAMBOMAG លោក​អ៊ុន​ ទេវ៉ាន់ដា ដែល​ធ្លាប់​ធ្វើ​ជា​គ្រូបង្រៀន​អក្សរ​ប្រៃយ៍​ភាសា​ជប៉ុន​មុន​គេ​នៅ​កម្ពុជា​ ដែល​សព្វ​ថ្ងៃ​នេះ​លោក​ជា​និស្សិត​អាហារូបករណ៍​របស់​រដ្ឋាភិបាល​ជប៉ុន​ ត្រៀម​នឹង​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ មុខ​ជំនាញ​វប្បធម៌​ភាសាវិទ្យា​ នៃ​សាកល​វិទ្យាល័យ​សិក្សា​ស្រាវជ្រាវ​បរទេស​តូក្យូ​។ ហើយ​លោក​បាន​ត្រៀម​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​អចលន​ទ្រព្យ​មួយ​របស់​ជប៉ុន​ មុន​នឹង​ត្រឡប់​មក​មាតុ​ភូមិ​កំណើត​វិញ​។

លោក​អ៊ុន​ ទេវ៉ាន់ដា​ គឺ​ជា​អតីត​និស្សិត​ជំនាន់​ទី​ពីរ​នៃ​ដេប៉ាតឺម៉ង់​ភាសា​ជប៉ុន របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ នៅ​ឆ្នាំ​ទី​៣​ លោក​បាន​បង្រៀន​ភាសា​ជប៉ុន​ទៅ​កាន់​ជន​ពិការ​ភ្នែក​ដោយ​ប្រើប្រាស់​អក្សរ​ប្រៃយ៍​(អក្សរ​ស្ទាប) នៅ​សមាគម​ជន​ពិការ​ភ្នែក​កម្ពុជា។ លោក​បាន​និយាយ​ថា​៖ ការ​បង្រៀន​ភាសា​ជប៉ុន​ទៅ​កាន់​ជន​ពិការ​ភ្នែក ពិត​ជា​បទ​ពិសោធន៍​មួយ​ដ៏​មាន​តម្លៃ​ និង​មិន​អាច​កាត់​ថ្លៃ​បាន​ទេ​។ ហើយ​លោក​ក៏​បាន​យក​បទ​ពិសោធន៍​មួយ​នេះ​ទៅ​ធ្វើ​ការ​រៀបរាប់​ ប្រកួតប្រជែង​ថ្លែង​សុន្ទរកថា​ជា​ភាសា​ជប៉ុន​ផង​ដែរ​ ហើយ​ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ នៅ​ឆ្នាំ​២០១២។

លោក​បាន​រៀបរាប់​ថា​៖ «មុន​ដំបូង​ ខ្ញុំ​ស្គាល់​ប្រធាន​សមាគម​ជន​ពិការ​ភ្នែក​កម្ពុជា​ តាម​រយៈ​អ្នក​កាសែត​ជនជាតិ​ជប៉ុន​ម្នាក់​ ដែល​ខ្ញុំ​ធ្វើ​ជា​អ្នក​បកប្រែ​អោយ​។ គាត់​បាន​សួរ​នាំ​ខ្ញុំ​ទាក់ទង​ទៅ​នឹង​រឿង​ដែល​គាត់​ចង់​អោយ​មាន ការបង្រៀន​ភាសា​ជប៉ុន​ដល់​ជន​ពិការ​ភ្នែក​ក្នុង​សមាគម​របស់​គាត់​។ គាត់​ចង់​អោយ​ជន​ពិការ​ភ្នែក ទទួល​បាន​ការសិក្សា​ភាសា​បរទេស​មួយ​ផ្សេង​ទៀត​ក្រៅ​ពី​ភាសា​អង់គ្លេស​។ នៅ​ពេល​នោះ​ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា​ តើ​ធ្វើ​ដូចម្ដេច​ទើប​អាច​បង្រៀន​អក្សរ​ជប៉ុន​ទៅ​កាន់​មនុស្ស​ដែល​ពុំ​អាច​មើល​ឃើញ​អ្វី​សោះ​នោះ​បាន​។ ម៉្យាង​ទៀត​ ទំរាំ​តែ​អក្សរ​កាន់ជិ​ដែល​ជប៉ុន​ខ្ចី​មក​ពី​ចិន​នោះ​ មិន​ដឹង​ជា​ពិបាក​បង្រៀន​ប៉ុណ្ណា​ទេ។ គាត់​និយាយ​ថា​ គាត់​ព្យាយាម​ទាក់ទង​រក​គ្រូ​ផ្សេង​ៗ​ដែរ​ ប៉ុន្ដែ​គ្មាន​នរណា​ម្នាក់​ព្រម​ទទួល​បង្រៀន​ឡើយ​។

នៅ​ពេល​នោះ គាត់​បាន​អោយ​តារាង​អក្សរ​ប្រៃយ៍​(អក្សរ​ស្ទាប) ភាសា​ជប៉ុន​ ប្រដាប់​សម្រាប់​ចុច​អក្សរ​ និង​ក្តារ​សម្រាប់​ចុច​អក្សរ​មួយ​ឈុត​ ដែល​ជា​ឧបករណ៍​សិក្សា​របស់​ជន​ពិការ​ភ្នែក​មក​អោយ​ខ្ញុំ​។ ដោយ​សារ​តែ​មិន​អាច​បង្រៀន​ដោយ​ប្រើ​អក្សរ​ជប៉ុន​ធម្មតា​បាន​ គឺ​ត្រូវ​បង្រៀន​ដោយ​ប្រើ​អក្សរ​ប្រៃយ៍​ ហើយ​ពួកគេ​ទាំងអស់​គ្នា​អាច​យល់​អក្សរ​នេះ​បាន​ដោយ​ប្រើ​ចង្អុល​ដៃ​របស់​គេ​ស្ទាប​អក្សរ​ដែល​គេ​បាន​ចុច​នោះ​។ ខ្ញុំ​យក​តារាង​អក្សរ​ជប៉ុន​នោះ​មក​មើល​ចុះ​មើល​ឡើង​ ហើយ​ស្ទាប​ចុះ​ស្ទាប​ឡើង​តែ​ម្នាក់​ឯង​ ហើយ​គិត​ក្នុង​ចិត្ត​ថា​ ខ្ញុំ​ត្រូវ​តែ​សាកល្បង​ធ្វើ​ការងារ​មួយ​នេះ។ ខ្ញុំ​ស្រមៃ​ដល់​សិស្ស​ពិការ​ភ្នែក​ ដែល​អាច​និយាយ​ភាសា​ជប៉ុន​បាន​។ ស្រមៃ​ត្រឹម​តែ​ប៉ុណ្ណេះ​ ខ្ញុំ​ក៏​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​បាត់​ទៅ​ហើយ​។ បេះដូង​របស់​ខ្ញុំ​លោត​ដុក​ដាក់​ៗ ពេល​ដែល​ឃើញ​សិស្ស​ពិការ​ភ្នែក​របស់​ខ្ញុំ​ ដែល​មាន​គ្នា​ប្រមាណ​ជាង​ដប់​នាក់​។ ពួកគេ​ម្នាក់​ៗ​ មាន​អ្នក​ខ្លះ​អាច​មើល​ឃើញ​បាន​បន្ដិចបន្ដួច​ទៅ​តាម​អាកាសធាតុ​ និង​សុខភាព​របស់​ពួកគេ​ ហើយ​អ្នក​ខ្លះ​ទៀត​គឺ​មើល​ពុំ​ឃើញ​អ្វី​ទាល់​តែ​សោះ​តែ​ម្ដង​​។ ខ្ញុំ​ត្រូវ​ចំណាយ​ពេល​រៀប​ចំ​ឯកសារ​សម្រាប់​​ពួក​គេ​ប្រហែល​ជា​បី​ម៉ោង​ ដើម្បី​បង្រៀន​រយៈ​ពេល​មួយ​ម៉ោង​បាន​ ។ ពួកគេ​មាន​កូន​ម៉ាញ៉េ​តូច​ម្នាក់​មួយ​ៗ ហើយ​នៅ​ចុង​ម៉ោង​សិក្សា​ ខ្ញុំ​ត្រូវ​តែ​រំលឹក​ឡើង​វិញ​នូវ​វេយ្យាករណ៍​ រឺ​ក៏​ពាក្យ​ដែល​ខ្ញុំ​បាន​បង្រៀន​នៅ​ក្នុង​ថ្ងៃ​នេះ​ម្តង​ទៀត​ ដើម្បី​អោយ​ពួក​គេ​ថត​សំឡេង​។ បើ​ប្រៀបធៀប​ជា​មួយ​សិស្ស​ដែល​មាន​​ភ្នែក​ភ្លឺ​មើល​ឃើញ​ធម្មតា​ សិស្ស​ដែល​ពិការ​​ភ្នែក​ ពួក​គេ​មាន​ការ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​​ជាង​។ សូម្បី​តែ​ម៉ោង​សំរាក​ក៏​ពួក​គេ​ព្យាយាម​ស្តាប់​សារ​ចុះ​សារ​ឡើង​ នូវ​កាសែត​មេរៀន​ដែល​ពួកគេ​បាន​ថត​ជាមួយ​ខ្ញុំដែរ​ ហើយ​ព្យាយាម​ទន្ទេញ​ពាក្យ​ក្នុង​ភាសា​ជប៉ុន​ទៀត​ផង​។ ខ្ញុំ​ពិត​​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ នៅ​ពេល​ឃើញ​ពួក​គេ​ប្រឹងប្រែង​សង្វាត​រៀន​សូត្រ​បែប​នេះ។ ហេតុនេះ​ហើយ​ទោះ​បី​ជា​នៅ​ចុង​ម៉ោង​សិក្សា​ខ្ញុំ​មាន​ការនឿយហត់​ចំពោះ​ការ​ថត​សំឡេង​អោយ​ពួកគេ​បន្តិច​ក៏​ពិតមែន​ ក៏​ខ្ញុំ​ព្យាយាម​ថត​សំឡេង​អោយ​ពួកគេ​ដោយ​ទឹក​ចិត្ត​សប្បាយ​រីករាយ​ដែរ​។

អនុស្សាវរីយ៍​ដែល​ធ្វើ​អោយ​ខ្ញុំ​ចងចាំ​មិន​អាច​បំភ្លេច​បាន​ជា​មួយ​ពួកគេ​នោះ​ គឺ​នៅ​ថ្ងៃ​ដែល​ខ្ញុំ​ចាប់​ផ្តើម​បង្រៀន​ដំបូង​បំផុត​។ មាន​សិស្ស​ម្នាក់​បាន​និយាយ​ថា​ ចង់​ស្គាល់​ពី​មុខ​មាត់​របស់​ខ្ញុំ​។ នៅ​ពេល​នោះ​ខ្ញុំ​ក៏​​អោយ​គាត់​ស្ទាប​មុខ​របស់​ខ្ញុំ​។ គាត់​ក៏​លាន់​មាត់​ប្រាប់​គេ​ឯង​ថា​៖ ‹‹អូ!​ លោកគ្រូ​ពួក​យើង​ច្បាស់​ជា​សង្ហា​ហើយ​។ មុខ​ឡើង​រលោងស្រិល​ ហើយ​គ្មាន​មុន​សូម្បី​តែមួយ​គ្រាប់​ ច្បាស់​ជា​ប្រុស​ស្អាត​ហើយ​››។ ពេល​ដែល​ត្រូវ​បាន​គាត់​សរសើរ​បែប​នេះ​ ខ្ញុំ​ពិត​ជា​ត្រេកអរ​ខ្លាំង​ណាស់​ស្ទើរ​តែ​ដុះ​ស្លាប​ហោះ​ឡើង​ទៅ​លើ​បាត់​ទៅ​ហើយ​ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ដែល​មិន​ស្អាត​ សង្ហា​អី​នោះ​ទេ​ ហើយ​ពុំ​ធ្លាប់​មាន​នរណា​ម្នាក់​សរសើរ​ដូច​នេះ​ពី​មុន​មក​ឡើយ​។ ក្រោយ​មក​ប្រហែល​មួយ​ខែ​ ថ្ងៃ​មួយ​ខ្ញុំ​មិន​សូវ​ស្រួល​ខ្លួន​ សិស្ស​ទាំង​អស់​ក៏​ប្រាប់​ខ្ញុំ​ថា​៖ លោក​គ្រូ​កុំ​ព្រួយ​ចាំ​ពួកគេ​ធ្វើ​ម៉ាស្សា​អោយ​។ ពួកគេ​បាន​មក​ចោម​រោម​ព័ទ្ធ​ជុំវិញ​ខ្ញុំ​ ហើយ​ក៏​ដូរ​គ្នា​ធ្វើ​ម៉ាស្សា​អោយ​ខ្ញុំ​ម្នាក់​ម្ដង​ៗ។ ប៉ុន្ដែ​ពេល​ដែល​ធ្វើ​ម៉ាស្សា​ពួកគេ​ស្រែក​យ៉ាង​ភ្ញាក់​ផ្អើល​ថា៖ ‹‹ហ្អាក! លោក​គ្រូ​អី​ក៏​ស្គម​ខ្លាំង​ម៉្លេះ​! ខំ​ប្រឹង​ហូប​បាយ​បន្តិច​ទៅ​ណា​លោក​គ្រូ​! បាន​ឆាប់​ធំ!››។ ពេល​នោះ​ពួក​គេ​ក៏​បាន​ដឹង​ពី​រូបរាង​ពិត​ប្រាកដ​របស់​ខ្ញុំ​បាត់​ទៅ​។ ខ្ញុំ​​មាន​អារម្មណ៍​ខ្មាស​អៀន​បន្តិច​ដែរ​ ប៉ុន្តែ​វា​បាន​ក្លាយ​ទៅ​ជា​អនុស្សាវរីយ៍​ដ៏​ល្អ​មួយ​ ដែល​ធ្វើ​អោយ​ខ្ញុំ​ពេល​ខ្លះ​សើច​តែ​ម្នាក់​ឯង​ ពេល​នឹក​ទៅ​ដល់​រឿង​មួយ​នេះ​។

ពេល​នេះ​ខ្ញុំ​កំពុង​សិក្សា​នៅ​ប្រទេស​ជប៉ុន​។ ខ្ញុំ​មាន​ការ​ច្រណែន​នឹង​ទីក្រុង​របស់​ជប៉ុន​ខ្លាំង​ណាស់​។ នៅ​តាម​ដង​ផ្លូវ​នានា​ មាន​ផ្លូវ​សម្រាប់​ជន​ពិការ​ភ្នែក​ដើរ​ ហើយ​នៅ​តាម​ជណ្តើរ​យន្ត​ រថភ្លើង​ និង​ម៉ាស៊ីន​ឧបករណ៍​ផ្សេងៗ ក៏​មាន​អក្សរ​ប្រៃយ៍​សម្រាប់​ជនពិការ​ភ្នែក​អាច​ប្រើប្រាស់​បាន​ផង​ដែរ​។ វា​ធ្វើ​អោយ​ខ្ញុំ​គិត​ទៅ​ដល់​ជីវភាព​រស់​នៅ​របស់​សិស្ស​ពិការ​ភ្នែក​របស់​ខ្ញុំ​នៅ​ឯ​ស្រុក​ខ្មែរ។ ពេល​ដែល​ពួក​គេ​ចេញ​ទៅ​ក្រៅ​ម្ដង​ៗ គឺ​ត្រូវ​តែមាន​អ្នក​ចាំ​ជួយ​ជា​និច្ច ទើប​អាច​ធ្វើ​ដំណើរ​បាន​។ បើ​និយាយ​ពី​ចញ្ចើម​ថ្នល់​ស្រុក​ខ្មែរ​វិញ កុំ​ថា​ឡើយ​អ្នក​ពិការ​ភ្នែក​ សូម្បី​តែ​អ្នក​មើល​ឃើញ​ធម្មតា​ក៏​ពិបាក​ដើរ​ដែរ​។ ខ្ញុំ​ចង់​អោយ​ស្រុក​ខ្មែរ​មាន​រៀប​ចំ​កម្មវិធី​ស្ម័គ្រចិត្ត​ផ្សេងៗ ដើម្បី​ជួយ​ជនពិការ​ភ្នែក​ដូច​ជា​ប្រទេស​ជប៉ុន​ដែរ​ ដូច​ជា​ការ​បង្កើត​សៀវភៅ​អក្សរប្រៃយ៍​ ការ​រៀប​ចំ​ប្រព័ន្ធ​ថត​សំឡេង​សម្រាប់​ជន​ពិការ​ភ្នែក​ជា​ដើម​។ ខ្ញុំ​ចង់​អោយ​ប្រទេស​កម្ពុជា​ នៅ​ពេល​ដែល​រៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទី​ក្រុង​ត្រូវ​​គិត​ពី​ជន​ពិការ​ផង​។ ក្នុង​នាម​ជា​មនុស្ស​គឺ​តែង​តែ​ចង់​រស់​នៅ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​កំលាំង​ខ្លួន​ឯង​ ដឹក​នាំ​ខ្សែ​ជីវិត​របស់​ខ្លួន​អោយ​រស់​នៅ​ប្រកប​ទៅ​ដោយ​អត្ថន័យ​ និង​សុភមង្គល​ គឺ​មិន​ចង់​ពឹង​ផ្អែក​ទៅ​លើ​អ្នក​ដទៃ​គ្រប់​ពេល​វេលា​ គ្រប់​កាលៈទេសៈ​នោះ​ទេ។ ហើយ​ខ្ញុំ​ប្ដេជ្ញា​ថា​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ដើម្បី​អោយ​ជន​ពិការ​ទាំង​ឡាយ​​រស់​រាន​ទៅ​បាន​ប្រកប​ដោយ​សុភមង្គល​ ខ្ញុំ​នឹង​ស្ម័គ្រ​ចិត្ត​ជួយ​ពួក​គេ​អោយ​អស់​ពី​លទ្ធភាព​ទៅ​តាម​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​»។

លោក​អ៊ុន ទេវ៉ាន់ដា គ្រូប​ង្រៀន​អក្សរ​ប្រៃយ៍​ភាសា​ជប៉ុន​មុន​គេ​នៅ​កម្ពុជា លោក​អ៊ុន ទេវ៉ាន់ដា គ្រូប​ង្រៀន​អក្សរ​ប្រៃយ៍​ភាសា​ជប៉ុន​មុន​គេ​នៅ​កម្ពុជា លោក​អ៊ុន ទេវ៉ាន់ដា គ្រូប​ង្រៀន​អក្សរ​ប្រៃយ៍​ភាសា​ជប៉ុន​មុន​គេ​នៅ​កម្ពុជា

 

ដោយ ៖ រាជសីហ៍

  • លោក​អ៊ុន ទេវ៉ាន់ដា គ្រូប​ង្រៀន​អក្សរ​ប្រៃយ៍​ភាសា​ជប៉ុន​មុន​គេ​នៅ​កម្ពុជា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ជីវិតនិងសង្គម
Tags: