ជំងឺឆ្កែឆ្កួតសម្លាប់មនុស្សពី ៣៥០០០ ទៅ ៥០០០០ នាក់រៀងរាល់ឆ្នាំ

ជំងឺឆ្កែឆ្កួត គឺជាជំងឺបណ្តាលមកពីវីរុសដែលអាចបង្ការបាន ប៉ុន្តែកាចសាហាវដែលបាន និងកំពុងសម្លាប់មនុស្សពី ៣៥,០០០ ទៅ ៥០,០០០ នាក់ទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ របាយការណ៍របស់ អង្គការសុខភាពពិភពលោក បង្ហាញថា ៤០% នៃជនរងគ្រោះពីជំងឺនេះ គឺក្មេងដែលមានអាយុក្រោម១៥ឆ្នាំ ហើយជារៀងរាល់ឆ្នាំមានមនុស្សច្រើនជាង ១៥លាននាក់ទូទាំងពិភពលោក ដែលបានចាក់ថ្នាំបង្ការជំងឺនេះក្រោយពេលសត្វខាំ។

សម្រាប់ឆ្នាំ២០១៦នេះ ទិវាពិភពលោកប្រឆាំងជំងឺឆ្កែឆ្កួត ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “អប់រំ ចាក់ថ្នាំបង្ការ លុបបំបាត់” ។ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមហ៊ុនសាណូហ្វីកម្ពុជា ដែលជាសាខាមួយ នៃក្រុមហ៊ុនថែទាំសុខភាពឈានមុខគេលំដាប់ពិភពលោក ក៏បានចូលរួម ប្រារព្ធទិវាពិភពលោកប្រឆាំង ជំងឺឆ្កែឆ្កួតនេះផងដែរ នៅការិយាល័យកណ្តាលរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៃក្រុមហ៊ុនសាណូហ្វីកម្ពុជា។

នាយិកាគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា លោកស្រី ដាវ ធូង៉ា (Ms. Dao Thu Nga) លើកឡើងនៅក្នុង ទិវាពិភពលោកប្រឆាំងជំងឺឆ្កែឆ្កួតថា៖ ក្រុមហ៊ុនសាណូហ្វី តែងតែបេ្តជ្ញាធ្វើការងារ ដែលពាក់ព័ន្ធនឹង ជំងឺសំខាន់ៗនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនតែងតែគាំទ្រ និងចូលរួមប្រារព្ធទិវាប្រឆាំងជំងឺឆ្កែឆ្កួតនេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងលើកកម្ពស់ការ យល់ដឹងជាសាធារណៈ អំពីជំងឺឆ្កែឆ្កួតនៅកម្ពុជា។”

យោងតាមការសិក្សារបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងចន្លោះពីថ្ងៃទី០១ ខែមករា ដល់ទី៣១ ខែធ្នូ ឆ្នាំ២០១៤ មានមនុស្សចំនួន២១ ៧៨២នាក់ ត្រូវបានបញ្ជូនមក ឬមកខ្លួនឯងដល់មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតសរុបមានចំនួន១២៦ ៣៨២លើក។ ជំងឺនេះ អាចត្រូវបានចម្លងតាមរយៈឆ្កែ និងឆ្មានៅពេលវាខាំ ក្រញ៉ៅ ឬលិឍត្រង់កន្លែង មានរបួសបានដោយងាយ ដោយវាចម្លងមេរោគ LYSSA VIRUSES។ នៅពេលដែលអ្នកត្រូវបានខាំ ដោយសត្វឆ្កែ ឬឆ្មាដែលមានជំងឺនេះ ទឹកមាត់វានឹងចម្លងវីរុសនេះ ទៅជាជាលិកាក្រោមស្បែក និងសាច់ដុំ។

ជារៀងរាល់ឆ្នាំស្ទើរតែគ្រប់ប្រទេស រដ្ឋាភិបាល អង្គការ និងស្ថាប័ននានា តែងតែប្រារព្ធ និងរៀបចំបង្កើតកម្មវិធី “ទិវាពិភពលោកប្រឆាំងជំងឺឆ្កែឆ្កួត” ដើម្បីពង្រីកវិសាលភាពនៃការយល់ដឹងអំពីជំងឺនេះ និងបន្តលើកកម្ពស់នូវវិធីបង្ការ និងការពារនៅតំបន់សហគមន៍ ដែលងាយរងគ្រោះពីជំងឺនេះ។ ការស្រាវជ្រាវមួយនៅផ្នែកអេពីដេមីសាស្ត្រ និងផ្នែក វីរុសសាស្ត្រ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីកំណត់រកវិធីដែលល្អជាងគេទាំងប្រសិទ្ធភាព និងទាំងតម្លៃ សម្រាប់ការ បង្ការបឋម (មិនទាន់មានឆ្កែខាំ) និងសម្រាប់ការបង្ការជំងឺឆ្កែឆ្កួត លើមនុស្សបន្ទាប់ពីត្រូវបានឆ្កែខាំក្នុងប្រទេសកម្ពុជា និងប្រទេសដទៃទៀត។ ការខិតខំប្រឹងប្រែងនេះ គឺដើម្បីជួយដល់ប្រជាជនកម្ពុជាព្រម ទាំងអាជ្ញាធរនានា ខណៈពួកគេកំពុងធ្វើការងារ ដើម្បីឆ្ពោះទៅរកគោលដៅនៃការតាំងចិត្តរបស់ សហគមន៍អាស៊ាន ដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួតទូទាំងសកលលោក ឲ្យបាននៅត្រឹមឆ្នាំ២០២០។

គួរបញ្ជាក់ថា ប្រសិនបើអ្នកត្រូវបានខាំ ក្រញ៉ៅ ឬរងរបួសតាមរូបភាពណាមួយក្តី ដោយសត្វឆ្មា ឬជាពិសេសដោយសត្វឆ្កែ ដែលអ្នកគិតថាវាឆ្កួត អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យកាន់ តែឆាប់កាន់តែប្រសើរ។ ប្រសិនបើអ្នកមិនបាន ចាក់ថ្នាំបង្ការត្រឹមត្រូវ ហើយរង់ចាំរហូតដល់ចេញរោគសញ្ញានោះ អ្នកនឹងប្រឈមគ្រោះថ្នាក់ខ្ពស់រហូតដល់បាត់បង់ជីវិត។ ប្រសិនបើអ្នកសង្ស័យថា អ្នកបានឆ្លងជំងឺនេះ សូមទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ដើម្បីទទួលបានដំបូន្មាន ឬការចាក់ថ្នាំបង្ការ។ ប្រសិនបើអ្នកសង្ស័យថា មានការចម្លងជំងឺឆ្កែឆ្កួតនៅក្នុងសហគមន៍របស់អ្នក អ្នកត្រូវបង្ខាំងសត្វឆ្កែរបស់អ្នកទុកក្នុងបរិវេណផ្ទះ និងចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត ដល់ឆ្កែរបស់អ្នក ដើម្បីការពារក្រុម គ្រួសាររបស់អ្នក។

ក្នុងករណីមានឆ្កែខាំ លោកអ្នកគួរអនុវត្តវិធីបង្ការបឋមដូចខាងក្រោម៖
1. ត្រូវលាងសម្អាតមុខរបួសជាមួយទឹកសាប៊ូ ដោយម៉ត់ចត់ រយៈពេល១៥នាទី។ ប្រសិនបើគ្មានសាប៊ូ ត្រូវលាងសម្អាតដោយប្រើទឹកស្អាតធម្មតា។
2. លាបថ្នាំសម្លាប់មេរោគ (ថ្នាំកម្ចាត់មេរោគ POVIDONE)។
3. ចៀសវាងការដេរភ្ជិតមុខរបួសបើអាចធ្វើបាន
4. ឆាប់ទៅពិគ្រោះជាមួយមជ្ឈមណ្ឌលបង្ការ ជំងឺឆ្កែឆ្កួតក្រោយសត្វខាំជាបន្ទាន់។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជំងឺឆ្កែឆ្កួតសម្លាប់មនុស្សពី ៣៥០០០ ទៅ ៥០០០០ នាក់រៀងរាល់ឆ្នាំ

ជំងឺឆ្កែឆ្កួតសម្លាប់មនុស្សពី ៣៥០០០ ទៅ ៥០០០០ នាក់រៀងរាល់ឆ្នាំ

ជំងឺឆ្កែឆ្កួតសម្លាប់មនុស្សពី ៣៥០០០ ទៅ ៥០០០០ នាក់រៀងរាល់ឆ្នាំ