ជនជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី​ស្នើ​សមត្ថកិច្ច​ជួយ​បង្ក្រាប​អ្នក​​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍

ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ភូមិ​គងយុ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ភូមិ​ជិត​ខាង​ចូល​ទៅ​កាប់​ឈើ​ពី​ក្នុង​ព្រៃ​សហគមន៍​អភិរក្ស​ជា​បន្តបន្ទាប់​យក​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ បើ​ទោះ​បី​សហគមន៍​អភិរក្ស​ព្រៃឈើ​ហាម​ឃាត់​យ៉ាង​ណា​ក្តី។ មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក (ADHOC) បារម្ភ​ពី​ការ​កើន​ឡើង​នៃ​ការ​បំផ្លាញ​ព្រៃឈើ​ធ្វើ​ឡើង​ដោយ​ជនជាតិ​ភាគ​តិច​ខ្លួន​ឯង​កាន់។

​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​គងយុ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ចាត់​វិធានការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ជនជាតិ​ដើម​ភាគ​តិច​ដែល​កំពុង​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ធ្វើ​ជា​មុខ​របរ​លក់​ទៅ​ឲ្យ​ឈ្មួញ។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍​ភូមិ​គងយុ ប្រទះឃើញ​ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ភូមិ​គងធំ ឃុំ​ប៉ាតេ និង​ភូមិ​ព្រិល ឃុំ​បរខាំ ក្នុង​ស្រុក​អូរយ៉ាដាវ ជា​ក្រុមៗ​នាំ​គ្នា​អារ​រំលំ​ឈើ​មូល​ក្នុង​ព្រៃ​សហគមន៍​ប្រមាណ ២០​ដើម កាល​ពី​សប្ដាហ៍​មុន​នេះ។

តំណាង​សហគមន៍​ភូមិ​គងយុ លោក រចំ យឺក បញ្ជាក់​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ថា ជនជាតិ​ដើម​ភាគ​តិច​កាន់​តែ​ច្រើន​នាំ​គ្នា​ចូល​ព្រៃ​កាប់​ឈើ​ធ្វើ​មុខ​របរ ចំណែក​សហគមន៍​អភិរក្ស​ព្រៃ​ឈើ​មិន​មាន​លទ្ធភាព​ហាម​ឃាត់​ពួកគេ​បាន​ឡើយ។ លោក​ថា ប្រសិន​អាជ្ញាធរ​មិន​ជួយ​បង្ក្រាប​ទាន់​ពេល​វេលា​ទេ ព្រៃឈើ​នៅ​សេសសល់​ក្នុង​ព្រៃ​សហគមន៍​នឹង​ត្រូវ​កាប់​យក​ឈើ​តូច​ធំ​អស់​គ្មាន​សល់៖ «ឈើ​គេ​យក​ទៅ​លក់​អស់​ហើយ យើង​ទៅ​ឃាត់​ហាម ប៉ុន្តែ​គេ​អត់​ស្ដាប់​យើង​សោះ»

របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក ខេត្ត​រតនគិរី នៅ​ក្នុង​ខែ​កញ្ញា នេះ​សហគមន៍​ចំនួន​បី​ក្រុម​នៅ​ស្រុក​អូរយ៉ាដាវ បាន​រាយការណ៍​ពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ជនជាតិ​ដើម​ភាគ​តិច​ខ្លួន​ឯង​ដើម្បី​យក​ដី និង​យក​ឈើ​លក់។

ទាក់ទិន​ករណី​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី លោក កែប កត់ ទទួល​ស្គាល់​ថា មន្ត្រី​ព្រៃឈើ​បាន​ចាត់​មន្ត្រី​ចុះ​ពិនិត្យ​តំបន់​ព្រៃ​សហគមន៍​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ការ​កាប់​រាន​យក​ដី និង​កាប់​ឈើ​លក់​រួច​ហើយ ជា​ពិសេស អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ឲ្យ​អាជ្ញាធរ​ប្រពៃណី រួម​មាន​ចាស់​ទុំ មេ​ភូមិ មេ​ឃុំ អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​ការ​កាប់​ឈើ​ក្នុង​ព្រៃ​អភិរក្ស។ លោក​ថា អាជ្ញាធរ​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ប្រសិន​អ្នក​ភូមិ​នៅ​តែ​មិន​ស្ដាប់​ការ​អប់រំ​របស់​អាជ្ញាធរ​​មូលដ្ឋាន៖ «យើង​មាន​ច្បាប់​ទម្លាប់​អត់​ស្អី​ទេ ចាំ​ខ្ញុំ​ឆែក​ទៅ​នាយ​ផ្នែក។ ថ្ងៃ​មុន​ចុះ​ទៅ​ជាមួយ​ខាង​ស្រុក​ម្ដង​ហើយ»

ដូច​គ្នា​នេះ​ដែរ មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី កត់សំគាល់​ថា បទល្មើស​ព្រៃឈើ​បង្ក​ឡើង​ដោយ​ជនជាតិ​ដើម​ភាគ​តិច​ខ្លួន​ឯង​មាន​សភាព​កើន​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៦។ លើស​ពី​នេះ​ទៀត ជម្លោះ​ដណ្ដើម​ដី ដណ្ដើម​ព្រៃ​រវាង​សហគមន៍ និង​សហគមន៍​ក៏​កាន់​តែ​​កើត​មាន​បន្តបន្ទាប់។ លោក​បារម្ភ​ថា ព្រៃឈើ​ឋិត​ក្នុង​តំបន់​ជនជាតិ​ដើម​អភិរក្ស​នឹង​ត្រូវ​កាប់​បំផ្លាញ​ប្រសិន​អាជ្ញាធរ​នៅ​តែ​បន្ត​អនុគ្រោះ​ឲ្យ​ដោះស្រាយ​តាម​រយៈ​អាជ្ញាធរ​ប្រពៃណី​នោះ៖ «សហគមន៍​គ្នា​គាត់​មិន​ពេញ​ចិត្ត​ដែល​សហគមន៍​មួយ​ខំ​ការពារ​ព្រៃ ហើយ​សហគមន៍​មួយ​ទៀត​ទៅ​កាប់​ឈើ​របស់​គាត់។ អាជ្ញាធរ​គាត់​ពិបាក​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ព្រោះ​គាត់​គិត​ថា ជនជាតិ​ដើម​ភាគ​តិច»

នៅ​ក្នុង​ខែ​កញ្ញា នេះ សហគមន៍​កាណាតធំ ឃុំ​តាលាវ ស្រុក​អណ្ដូងមាស រាយការណ៍​ថា សមាជិក​សហគមន៍​ខ្លះ​កាប់​រាន​ព្រៃ​ត្រៀម​បម្រុង​យក​ដី និង​កាប់​យក​ឈើ​លក់​ទៅ​ឲ្យ​ឈ្មួញ។ រី​ឯ​សហគមន៍​ភូមិ​ឡែ ឃុំ​លំជ័រ រាយការណ៍​ថា សហគមន៍​ភូមិ​សោម​គល់​ទាំង​ភូមិ នាំ​គ្នា​ទៅ​កាប់​ព្រៃ​​ការពារ​សហគមន៍​ភូមិ​ឡែ ដើម្បី​យក​ដី​ដាំ​ដំណាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។