ទីកន្លែង​ដែល​អាថ៌កំបាំង​បំផុត​របស់​ពិភពលោក​

បច្ចុប្បន្ន​នេះ​ គេ​ពិបាក​និយាយ​ថា​​មាន​កន្លែង​អាថ៌កំបាំង​​នៅ​លើ​ពិភពលោក​ណាស់​ ព្រោះ​ថា មនុស្ស​តែង​តែ​ព្យាយាម​ទៅ​អោយ​ដល់​នូវ​កន្លែង​នានា​ បើ​ទោះបី​ជា​វា​ស្ថិត​នៅ​ឆ្ងាយ​ឬ​លំបាក​យ៉ាងណា​ក៏​ដោយ​ ជា​ពិសេស​អ្នក​ដែល​ចង់​ដឹង​ចង់​លឺ​ និង​អ្នក​ដែល​ចូល​ចិត្ត​ដំណើរ​ផ្សង​ព្រេង​។ ប៉ុន្តែ​ពេល​នេះ​ យើង​សូម​លើក​យក​នូវ​ទីកន្លែង​ដ៏​អាថ៌កំបាំង​បំផុត​របស់​ពិភពលោក​ដែល​សូម្បី​តែ​​អ្នក​ធ្វើ​ដំណើរ​ដែល​ចូលចិត្ត​រុករក​ក៏​មិន​ងាយ​នឹង​បាន​ឃើញ​ ឬ​អាច​និយាយ​បាន​ថា​ជា​កន្លែង​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​បាន​។ ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម​៖

១. Svalbard Global Seed Vault នៅ​ប្រទេស​Norway

កន្លែង​នេះ​ស្ថិត​នៅ​ក្នុង​ភ្នំ​ថ្ម​ខ្សាច់​នៃ​កោះ​Spitsbergen​របស់​ប្រទេស​ Norway​ នៅ​តំបន់​ដាច់​ស្រយាល​Arctic Svalbard Archipelago ចម្ងាយ​១៣០០០Km ពី​ប៉ូល​ខាង​ជើង​។ វា​ជា​ឃ្លាំង​ដែល​មាន​សុវត្ថិភាព​និង​រឹងមាំ​​​បំផុត​​រក្សា​ទុក​គ្រាប់​ពូជ​ធញ្ញជាតិ​​ដែល​ជិត​និង​បាត់បង់​​ក្នុង​ពិភពលោក​ ដើម្បី​ប្រឆាំង​នឹង​មហន្តរាយ​ពិភពលោក​ ដោយ​ក្នុង​នោះ​មាន​គ្រាប់​ពូជ​ធញ្ញជាតិ២៥០​លាន​គ្រាប់​មក​ពី​ជុំវិញ​ពិភពលោក​ ត្រូវ​បាន​ប្រមូល​មក​រក្សា​ទុក​នៅ​ក្នុង​កញ្ចប់​ពិសេស​ដែល​​បួន​ស្រទាប់​ ក្នុង​​ឃ្លាំង​​ដែល​មាន​កម្ដៅ​ ដើម្បី​ប្រឆាំង​នឹង​សំណើម​​។ ទីនេះ​ផ្ដល់​នូវ​គំរូ​គ្រាប់​ពូជ​ធញ្ញជាតិ​ដែល​អាច​ត្រូវ​បាន​បាត់​បង់​ដោយ​គ្រោះថ្នាក់​នានា​ បញ្ហា​ឧបករណ៍​​ ឬ​គ្រោះ​ធម្មជាតិ​ជា​ដើម​។

ទីកន្លែង​ដែល​អាថ៌កំបាំង​បំផុត​របស់​ពិភពលោក​

មូល​ហេតុ​ដែល​អ្នក​វិទ្យាសាស្ត្រ​ ជ្រើសរើស​ទីនេះ​ ព្រោះ​​​វា​ជា​កោះ​ដែល​មិន​ទទួល​រង​ការ​រញ្ជួយ​ មាន​រយៈ​កម្ពស់​១៣០​ម៉ែត​ពី​កម្រិត​ទឹក​សមុទ្រ​ ដែល​អាច​ធានា​បាន​ថា​ តំបន់​នេះ​នៅ​តែ​ស្ងួត​ បើ​ទោះបី​ការ​ផ្លាស់​ប្ដូរ​អាកាសធាតុ​ធ្វើ​ឲ្យ​ទឹកកក​រលាយ​ក៏​ដោយ​ ដែល​នេះ​អាច​ផ្ដល់​សុវត្ថិភាព​ដល់​គ្រាប់​ពូជ​ធញ្ញជាតិ។ វា​ត្រូវ​បាន​គេ​បើក​ឲ្យ​ដំណើរការ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០០៨។

២. Ni’ihau កោះ​Hawaii

វា​ជា​កោះ​ដ៏​តូច​បំផុត​ដែល​មាន​ប្រជាជន​ហាវ៉ៃ​រស់​នៅ និង​ជា​កន្លែង​ដែល​ល្អ​បំផុត​សម្រាប់​ការ​សម្រាក​នៅ​តំបន់​ត្រូពិក។ កោះ​នេះ​ត្រូវ​បាន​ស្ដេច​ហាវ៉ៃ​ Khamehamehaលក់​ទៅ​ឲ្យ​គ្រួសារ​Robinson ដែល​ជា​ម្ចាស់​ចម្ការ​ដ៏​មាន​ស្តុកស្តម្ភ​នៅ​ឆ្នាំ​១៨៦៣។ នៅ​លើ​កោះ​នេះ​ មាន​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍​ប្រហែល​១៣០​នាក់​ ដែល​ជា​ជនជាតិ​ដើម​ហាវ៉ៃ​ រស់​នៅ​ និង​ធ្វើ​ការងារ​ដោយ​មិន​មាន​ផ្លូវ​ស្អាត សេវា​ទូរស័ព្ទ​ បំពង់​ឧស្ម័ន​ បំពង់​ទឹក​ហូរ​ និង​ហាង​លក់​ទំនិញ​​ឡើយ​។ ចំណែក​មធ្យោបាយ​ដឹកជញ្ជូន​ គឺ​សេះ​ និង​កង់។ អគ្គិសនី​បាន​មក​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ហើយ​ទំនិញ​ប្រើប្រាស់​ត្រូវ​ចាំ​ដល់​​​កប៉ាល់​ដឹក​ទំនិញ​ធំៗ​យក​មក​លក់​។ បច្ចុប្បន្ន​នេះ​ កោះ​នេះ​នៅ​តែ​មិន​បើក​ទូលាយ​ឲ្យ​មាន​អ្នក​ចូល​ទៅ​ដដែល​ ដោយ​មិន​អាច​មាន​នរណា​ទៅ​លេង​នៅ​ទីនោះ​ដោយ​គ្មាន​ការ​អញ្ជើញ​ពី​អ្នក​លើ​កោះ​ឡើយ​ ហើយ​ម្យ៉ាង​ទៀត​ មាន​ឆ្មាំ​យាម​ចាំ​មើល​មិន​ឲ្យ​មាន​ការ​ប៉ុនប៉ង​ចូល​ចត​លើ​កោះ​នេះ​ឡើយ​។

ទីកន្លែង​ដែល​អាថ៌កំបាំង​បំផុត​របស់​ពិភពលោក​
​​៣. Royal Air Force Menwith Hill ប្រទេស​អង់គ្លេស​

វា​គឺ​ជា​មូលដ្ឋាន​កងទ័ព​នៅ North Yorkshire ប្រទេស​អង់គ្លេស​ ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ស្ថានីយ​ត្រួតពិនិត្យ​អេឡិចត្រូនិក​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ដើម្បី​ចាប់​យក​ព័ត៌មាន​សំងាត់​​ពី​ការ​ទំនាក់ទំនង​នានា​ សម្រាប់​ចក្រភព​អង់គ្លេស​ និង​សហរដ្ឋអាមេរិក​។ វា​ជា​មូលដ្ឋាន​ការ​សំងាត់​​សំខាន់​បំផុត​ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩៥៤ ដើម្បី​តាមដាន​ការ​ទំនាក់​ទំនង​របស់​សហភាព​សូវៀត​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​។ ចំណែក​បច្ចុប្បន្ន​នេះ​ គ្មាន​នរណា​ដឹង​ថា​ វា​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាងណា​នោះ​ទេ​ ប៉ុន្តែ​គេ​ជឿ​ថា​វា​ត្រូវ​បាន​ប្រើ​ជា​កន្លែង​ស៊ើប​អង្កេត​សកម្មភាព​ភេរវកម្ម​អន្តរជាតិ​ និង​ការ​ជួញដូរ​គ្រឿង​ញៀន​ ​ជា​ស្ថានីយ​លើ​ដី​សម្រាប់Satellites​របស់​សហរដ្ឋអាមេរិក​ និង​មាន​ទំនាក់ទំនង​ទៅ​និង​បណ្ដាញ​ចារកម្ម​អន្តរជាតិ​ដែល​រួម​មាន​ អូស្ត្រាលី​ កាណាដា​ ញូហ្សឺឡែន​ អង់គ្លេស​ និង​សហរដ្ឋអាមេរិក​។

ទីកន្លែង​ដែល​អាថ៌កំបាំង​បំផុត​របស់​ពិភពលោក​

៤. Vatican Secret Archives ប្រទេស​វ៉ាទីកង់​

វា​ជា​បណ្ណាល័យ​មិន​ធម្មតា​មួយ​ ដោយ​វា​ជា​បណ្ណាល័យ​ដែល​មាន​លក្ខណៈ​ឯកជន​បំផុត​ក្នុង​ពិភពលោក​។ វា​មាន​តម្កល់​នូវ​ឯកសារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​សម្ដេច​ប៉ាប​​ទាំង​អស់​ចាប់​តាំង​ពី​សតវត្ស​ទី​៨​។ បណ្ណាល័យ​នេះ​​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដែល​មិន​មែន​ជា​ជនជាតិ​វ៉ាទីកង់​ចូល​នោះ​ទេ​រហូត​ដល់​ឆ្នាំ​១៨៨១​ ហើយ​បណ្ណាល័យ​នេះ​រក្សា​ឯកសារ​ដែល​មាន​ការ​សំងាត់​បំផុត​ដោយ​ចាក់​សោរ​។ មួយ​វិញ​ទៀត​ ​អ្នក​ដែល​ចង់​មើល​ត្រូវ​ឆ្លង​កាត់​ដំណើរការ​ដាក់​ពាក្យ​សុំ​យ៉ាង​ស្មុគស្មាញ​ ហើយ​ដែល​មាន​តែ​បញ្ញវន្ត​ប៉ុណ្ណោះ​ដែល​អាច​ដាក់​ពាក្យ​ស្នើសុំ​ចូល​បណ្ណាល័យ​នេះ​បាន​ ដោយ​មាន​បញ្ជាក់​​ព័ត៌មាន​ផ្ទាល់​ខ្លួន​ និង​គោលបំណង​នៃ​ការ​ស្រាវជ្រាវ​។

ទីកន្លែង​ដែល​អាថ៌កំបាំង​បំផុត​របស់​ពិភពលោក​

 

៥. Area 51 ប្រទេស​Nevada

ពាក្យ​Area 51​ត្រូវ​បាន​ប្រើ​ជា​លើក​ដំបូង​បំផុត​នៅ​ក្នុង​ឯកសារ​របស់​CIA ក្នុង​សម័យ​សង្គ្រាម​នៅ​វៀតណាម​ ដែល​វា​ជា​មូលដ្ឋាន​យោធា​ ដែល​រក្សា​ការ​សម្ងាត់​បំផុត​របស់​សហរដ្ឋ​អាមេរិក។​ រាល់​សកម្មភាព​នៅ​ក្នុង​Area 51 ត្រូវ​បាន​ចាត់​ទុក​ជា​ការ​សម្ងាត់​បំផុត​ ហើយ​មាន​ការ​ហាម​ឃាត់​យ៉ាង​តឹងរ៉ឹង​មិន​ឲ្យ​​អ្នក​ក្រៅ​ចូល​ទៅ​កាន់​ទីនេះ​ឡើយ​។

ទីកន្លែង​ដែល​អាថ៌កំបាំង​បំផុត​របស់​ពិភពលោក​

ប្រែ​សម្រួល​៖ Sophany
ប្រភព​៖

​​

  • ទីកន្លែង​ដែល​អាថ៌កំបាំង​បំផុត​របស់​ពិភពលោក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: