ភ្ញាក់ផ្អើល​ទារក​ចម្លែក ទើប​កើត​មុខ​ចាស់​

ភ្នំពេញ៖ ហេតុការណ៍ដ៏កម្រជួបប្រទះមួយ បានកើតឡើងលើទារកជនជាតិបង់ក្លាដេសម្នាក់ដោយរូបគេមានមុខមាត់ខុសពីក្មេងដទៃ គឺដូចតាចាស់អាយុ ៧០ ទៅ៨០ឆ្នាំ។ទារកនេះកើតនៅស្រុក Magura មានស្បែកជ្រីវជ្រួញ ភ្នែកក្រហូង ខ្នងកោង និងរោមខ្នងក្រាស់ដែលគេកម្របានជួបប្រទះ។ ពេលកើតភ្លាម ក្រុមគ្រូពេទ្យក្នុងស្រុក បានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើលស្រឡាំងកាំង តែបានជឿថាទារកនេះប្រាកដជាកើតជំងឺកម្រមួយឈ្មោះថា Progeria ។

ជំងឺ Progeria បង្កឡើងដោយកំហុសហ្សែនមួយ រួចបណ្ដាលឲ្យប្រូតេអ៊ីនប្រែជាខុសប្រក្រតី។ ពេលកោសិកាប្រើប្រាស់ប្រូតេអ៊ីនខុសប្រក្រតីនេះ គេហៅវាថាជំងឺ Progerin ដែលធ្វើឲ្យរាងកាយចាស់ជាងអាយុយ៉ាងលឿនបំផុត។ ក្រោយពេលសិក្សាស្រាវជ្រាវ គេរកឃើញថាក្នុងចំណោមក្មេង ៤លាននាក់ មានម្នាក់ប៉ុណ្ណោះកើតជំងឺខាងលើ។ចំណែកអ្នកភូមិវិញ បន្ទាប់ពីទទួលដំណឹងថាមានក្មេងចម្លែក ពួកគេជាច្រើនបានទៅលេងគ្រួសារក្មេងប្រុសនេះ ព្រោះចង់ឃើញផ្ទាល់ភ្នែក។ ឯក្រុមគ្រូពេទ្យ កំពុងតាមដានសុខភាព និងការវិវឌ្ឍរបស់ក្មេងយ៉ាងយកចិត្តទុកដាក់ពេលនេះ តែមិនច្បាស់ថាអាចព្យាបាលឬក៏អត់ឡើយ។ នេះព័ត៌មាននៅស្រុកគេ ៕

ភ្ញាក់ផ្អើល​ទារក​ចម្លែក ទើប​កើត​មុខ​ចាស់​