សួន សេរីរដ្ឋា៖ អាចារ្យ A ជាមេចោរកម្រិត A

ក្រៅពីក្រុមអ្នកសារព័ត៌មានខ្លួនឯង ពាក្យ​ប្រមាថរបស់លោក សេង ប៊ុនវ៉េង ហៅអាចារ្យ A ដែលហៅ​ក្រុម​អ្នក​កាសែត ជា​​សត្វ​​ត្មាត ឬ​ចោរនោះ បានទទួលប្រតិកម្ម ពីប្រធានគណបក្សអំណាចខ្មែរ យ៉ាងចាស់ដៃ។ លោក សួន សេរីរដ្ឋា បាន​ហៅ​នាយក​វិទ្យុ ABC លោក​អាចារ្យ A ថាជា«មេចោរកម្រិត A»។
សួន សេរីរដ្ឋា៖ អាចារ្យ A ជាមេចោរកម្រិត A

ពីឆ្វេងទៅស្ដាំ៖ លោក សេង ប៊ុនវ៉េង ហៅអាចារ្យ A នាយកវិទ្យុ ABC និងលោក សួន សេរីរដ្ឋា ប្រធានគណបក្ស អំណាចខ្មែរ។ (រូបថតលើហ្វេសប៊ុក)

គឺ«អាចារ្យ A ហៅ អាចោរ A នោះទេ ដែលវាជា មេចោរកម្រឹត A រហូតដល់​ថ្នាក់​នាយរដ្ឋមន្ត្រី​ស្រុក​ខ្មែរ ក៏​សុខ​ចិត្ត​បំបាក់​មន្ត្រី ដែលខំអនុវត្តន៍ច្បាប់ ដើម្បីយកចិត្ត អាចោរ A នេះដែរ» នេះជាការឧទានឡើងខ្លាំងៗ របស់​លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ តបទៅលោក សេង ប៊ុនវ៉េង ដែលបានថ្លែង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ប្រមាថ​អ្នកសារព័ត៌មាន ថាជាសត្វត្មាត ឬជាចោរ។

លោក សេរីរដ្ឋា បានថ្លែងដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក ក្នុងនាមលោក​ជាអតីត​អ្នកសារព័ត៌មាន​មួយ​រូប និងបានអះអាងថា លោក​មិន​ដែល​ឃើញអ្នកកាសែតខ្មែរ ដើរលួច ដើរប្លន់ ទ្រព្យរបស់គេទេ បើទោះ​ជា​ពួក​គេ មាននិន្នាការប្រកាន់ ឬមិន​ប្រកាន់​គណបក្ស​នយោបាយក៏ដោយ។ តែផ្ទុយទៅវិញ ប្រធាន​គណបក្ស​រូប​នេះ បានថ្លែងឡើងថា៖ «សង្គម​ខ្មែរ និង​ពលរដ្ឋខ្មែរ ហែលឆ្លងសមុទ្រទុក្ខ មិនរួចរហូតដល់ថ្ងៃនេះ គឺ​ដោយ​សារតែ ពួក​អាចោរ ពាក់​ឈ្មោះ អាចារ្យ នេះ​​ហើយ»។

ការប្រមាថ​អ្នកសារព័ត៌មាន ពីសំណាក់លោក សេង ប៊ុនវ៉េង ត្រូវបានក្រុមអ្នកសារព័ត៌មាន សំដែង​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា រាប់តាំងពីថ្ងៃទី២៧ ខែកញ្ញាមក។ ក្រុមអ្នកសារព័ត៌មានខ្លះ បានទាមទារឲ្យនាយកវិទ្យុ ABC ដែល​មាន​ដើមកំណើតជាថៃរូបនេះ ធ្វើការសុំទោសជាសាធារណៈ។ ក្រុមអ្នកសារព័ត៌មានទាំងនោះ បាន​ធ្វើ​អត្ថា​ធិប្បាយ​ថា ការលើកឡើងរបស់លោក សេង ប៊ុនវ៉េង គឺជា​ការសង​សឹក​ទៅលើអ្នកសារព័ត៌មាន ដែល​បាន​រាយការណ៍ ពីសកម្មភាពមិនប្រក្រតីមួយចំនួនរបស់លោក ក្នុងពេលកន្លងមក រួមមានទាំងការ​បំពាន​ច្បាប់ ​អសីលធម៌​ ការលើកទឹកចិត្ត​ ឲ្យ​ស្ត្រី​បម្រើការ​ក្នុង​ហាង​ខា​រា​អូ​ខេ លក់ខ្លួន​ឲ្យ​ពួក​អ្នកមាន​លុយ និង​ប្រើប្រាស់​រថយន្ត​​គិលាន​​សង្គ្រោះ​​ទៅដឹក​ទឹក​​ត្របែក​លក់​ ដោយ​ខុសច្បាប់​ជាដើម​។

តែមេដឹកនាំ​គណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ទំនងជាដឹងប្រវត្តិលោក «អាចារ្យ A» ច្បាស់ជាង​អ្នក​សារព័ត៌មាន។ លោក រដ្ឋា បានចោទជាសំណួរដូច្នេះ៖ «តើអាចោរ A វាជានណា ?» មុននឹងឆ្លើយ​ដោយ​ខ្លួនលោក មកវិញថា៖ «វារកស៊ីជួញដូរ លក់គ្រឿងទឹកផ្លែឈើ អត់ច្បាប់ អត់ចុះបញ្ជី - យករថយន្តបិទស្លាកសង្គ្រោះបន្ទាន់ រួចដឹកទំនិញអត់ច្បាប់ - ចតរថយន្តបង្រៀនបើកបរ របស់ខ្លួននៅលើផ្លូវ ដែលគេហាមចត -  ហើយឥឡូវ មក​ចោទ​អ្នកកាសែតខ្មែរ ថាជាចោរ ដែលខ្លួនឯងជាចោរ គឺធ្វើអាជីវកម្មជាចោរ ជ្រកក្រោម​ស្លាក​មនុស្សធម៌​នោះ?»៕