ជំនន់​ទឹក​ភ្លៀង​លិច​ខេត្ត​ចំនួន​១០​នៅ​កម្ពុជា​ប៉ុន្តែ​ពុំ​ទាន់​ដល់​ចំណុច​ប្រកាស​អាសន្ន

បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ក្នុង​សប្ដាហ៍​នេះ មាន​ខេត្ត​ចំនួន​១០ នៅ​ទូទាំង​ប្រទេស​កំពុង​ជន់​លិច​ដោយ​ទឹក​ជំនន់​ទឹក​ភ្លៀង។ ស្ថាប័ន​ពាក់ព័ន្ធ​បាន​អំពាវនាវ​អោយ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ផល​ប៉ះពាល់​ពី​ជំនន់​ទឹក​ភ្លៀង​នេះ ថ្វី​ត្បិត​តែ​ពុំ​ទាន់​មាន​ចំណុច​ប្រកាស​អាសន្ន​ក៏​ដោយ។

ខេត្ត​ដែល​កំពុង​ជន់​លិច​ទាំង​១០​នោះ​រួម​មាន ខេត្ត​កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ពោធិ៍សាត់ កំពង់ឆ្នាំង និង​ខេត្តស្វាយរៀង ប៉ុន្តែ​នៅ​ពុំ​ទាន់​ឈាន​ដល់​ចំណុច​ប្រកាស​អាសន្ន​នៅ​ឡើយ។

នាយ​ខុទ្ទកាល័យ និង​ជា​អនុ​ប្រធាន​ព័ត៌មាន​និង​ទំនាក់ទំនង នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ កញ្ញា ថា ថ្វី​ត្បិត​តែ​ខេត្ត​ទាំង​នេះ​កំពុង​ជន់​លិច​ប៉ុន្តែ​ពុំ​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ។ លោក​ថា ខេត្ត​ទាំង​១០​នោះ គឺ​មាន​ស្ថានភាព​លិច​ផ្លូវ​ថ្នល់ និង​ទឹក​ភ្លៀង​ហូរ​កាត់​ផ្លូវ​ប៉ុន្តែ​មិន​មាន​ប៉ះពាល់​ជា​ធំដុំ​នោះ​ទេ។ លោក​ថា មាន​ការ​លិច​ផ្ទះ​ពលរដ្ឋ​ពី​១០ ទៅ​២០ ខ្នង​នៅ​តាម​កន្លែង​នីមួយៗ និង​ខូច​ផ្លូវ​លំ និង​ផ្លូវ​គ្រោះ​ក្រហម ប៉ុន្តែ​មិន​ចោទ​ជា​បញ្ហា​នោះ​ឡើយ៖ «ក្នុង​រូបភាព​តូចតាច​វា​អត់​មាន​ភាព​ធ្ងន់ធ្ងរ។ ខេត្ត​កំពង់ធំ​គ្រាន់​តែ​កម្ពស់​ទឹក​វា​ឡើង​ជិត​ដល់​ចំណុច​ប្រកាស​អាសន្ន ស្ទឹងសែន​វា​នៅ​ខ្វះ​ប្រហែល​២ ៣ តឹក​ទៀត ដែល​ថា​វា​ដល់ គ្រាន់​តែ​វា​អត់​ឡើង​ដល់»។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ទៀត​ថា ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​ឧត្ដរមានជ័យ ដូច​ជា​ក្រុង​សំរោង អន្លង់វែង ស្រុក​ចុងកាល និង​ស្រុក​ត្រពាំង​ប្រាសាទ​ជា​ដើម កំពុង​រង​ការ​លិច​លង់​ច្រើន​ជាង​ខេត្ត​ផ្សេងៗ ដោយសារ​តំបន់​ក្បែរ​ជួរ​ភ្នំ​ដងរែក នោះ​មាន​ភ្លៀង​ធ្លាក់​ច្រើន។

ទាក់ទង​បញ្ហា​នេះ អភិបាល​ខេត្ត​ឧត្ដរមានជ័យ លោក ស ថាវី ថ្លែង​ថា មាន​ការ​ជន់​លិច​ទឹក​ភ្លៀង​ក្នុង​ក្នុង​មួយ​ចំនួន ដូចជា ស្រុក​ត្រពាំងប្រាសាទ បាន​​ស្រក ប៉ុន្តែ​ទៅ​កើន​នៅ​ស្រុក​អន្លង់វែង បន្ទាប់​ពី​ស្រក​នៅ​ស្រុក​អន្លង់វែង ទៅ​ជន់​នៅ​ក្រុង​សំរោង ស្រក​ពី​ក្រុង​សំរោង ទៅ​ជន់​នៅ​ស្រុក​ចុងកាល់​វិញ លោក​ថា អាជ្ញាធរ​ក៏​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ«ខេត្ត​បាន​ដាក់​ចេញ​ជា​គោលការណ៍​រួច​ហើយ​តាម​បណ្ដា​ក្រុង​ស្រុក​ត្រៀម​ទី​ទួល​សុវត្ថិភាព ទី​២ តាម​បណ្ដា​ឃុំ​សង្កាត់​ត្រូវ​តាមដាន»

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​២៧ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៣ តុលា ថា តំបន់​វាល​ទំនាប​និង​ខ្ពង់​រាប​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ដោយ​មាន​បរិមាណ​កើន​ឡើង​ពី​បង្គួរ​ទៅ​ច្រើន។ តំបន់​មាត់​សមុទ្រ អាច​នឹង​មាន​ភ្លៀង​ពី​មធ្យម​ទៅ​ច្រើន។

ទន្ទឹម​នឹង​គ្នា​នេះ ក្រសួង​ធនធាន​ទឹក បាន​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​ពី​ការ​បង្ការ​គ្រោះថ្នាក់​ផ្សេងៗ ដោយ​ការ​ជន់​លិច​នេះ និង​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​យក​ចិត្ត​ទុកដាក់ និង​ប្រុង​ប្រយ័ត្ន នៅ​អំឡុង​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣ ខែ​តុលា ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង នៅ​ផ្នែក​មួយ​ចំនួន​នៃ​ខេត្ត​ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង កណ្ដាល តាកែវ និង​ខេត្ត​កំពត។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ អះអាង​ថា គណៈកម្មាធិការ​ក៏​បាន​ត្រៀម​លក្ខណៈ​ជួយ​អន្តរាគមន៍​នៅ​ពេល​មាន​អាសន្ន​មក​ដល់​ផង​ដែរ។ លោក​ក៏​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ដែល​រង​ប៉ះពាល់​ពី​ជំនន់​ទឹក​ភ្លៀង​នេះ អោយ​បន្ត​ការ​ប្រុងប្រយ័ត្ន​ពិសេស​យក​ចិត្ត​ទុក​ដាក់​មើល​កុមារ​តូចៗ បង្ការ​គ្រោះថ្នាក់​ផ្សេងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។