​ជីវិត​ថ្លៃ​! ទារក​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​បន្ទាប់​ស្ថិត​នៅ​ក្នុង​គំនរ​បាក់​បែក​នៃ​អាគារ​អស់​៣០​ម៉ោង​​

បន្ទាប់​ពី​មាន​ហេតុការណ៍​រញ្ជួយ​ផែនដី​កម្រិត​ ៦.៤ នៅ​ភាគ​ខាង​ត្បូង​នៃ​ទី​ក្រុង​ Tainan ប្រទេស​តៃវ៉ាន់​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​​មក ​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់​ នៅ​បន្ត​ការងារ​ស្រាវជ្រាវ​រុករក​ជួយ​សង្គ្រោះ​មនុស្ស​ជាង​១២០​ នាក់​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​នៅ​បន្ត​​ជាប់​នៅ​ក្រោម​គំនរ​ថ្ម​បាក់បែក​នៃ​អាគារ​​កម្ពស់​ ១៧ ជាន់​មួយ​ដែល​បាន​ដួល​រលំ​ក្នុង​ហេតុការណ៍​រញ្ជួយ​ផែនដី​នោះ​ ។

ខណៈ​ដែល​ក្រុម​ជួយ​សង្គ្រោះ​បន្ត​ប្រតិបត្តិការ​ការងារ​ជួយ​សង្គ្រោះ​ ចំនួន​អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​រញ្ជួយ​ផែនដី​នេះ​ បាន​កើន​ឡើង​ដល់​ចំនួន​ ២៨​ នាក់​ ដែល​ក្នុង​នោះ​ជន​រងគ្រោះ​ភាគ​ច្រើន​ គឺ​​ស្លាប់​នៅ​ក្នុង​អាគារ​ចំណាស់​ឈ្មោះ​ Wei-guan Golden Dragon ដែល​រួម​មាន​ទារិកា​អាយុ​ ១០​ថ្ងៃ​ផង​ដែរ​ ។ ជាមួយ​គ្នា​នេះ​ដែរ​ ក្នុង​ចំណោម​​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ក្នុង​គំនរ​បាក់​បែក​នោះ​ មាន​ទារិកា​អាយុ​ ៦​ ខែ​ ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​ បន្ទាប់​ពី​បាន​ជាប់​នៅ​ក្នុង​​គំនរ​ថ្ម​ អស់​រយៈពេល​ជាង​៣០ ម៉ោង​មក​ ។

គួរ​បញ្ជាក់​ថា​ អាគារ​មួយ​នេះ​​ត្រូវ​បាន​កសាង​ឡើង​ក្នុង​​ទសវត្ស​ឆ្នាំ​ ១៩៩០​ និង​​មាន​មនុស្ស​រស់នៅ​ ២៥៦​ នាក់​ ហើយ​​នៅ​ជិត​កន្លែង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ មាន​សាច់​ញាតិ​ជនរងគ្រោះ​ជា​ច្រើន​ដែល​នៅ​រស់​ចាំ​ដំណឹង​ពី​សាច់ញាតិ​របស់​ខ្លួន​ដែល​រស់​នៅ​ក្នុង​អាគារ​នោះ​យ៉ាង​អន្ទះសា​។ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ Chang អាយុ​ ៤២ ឆ្នាំ​ បាន​ប្រាប់​ថា​ គាត់​កំពុង​រង់​ចាំ​ដំណឹង​ពី​កូន​ស្រី​អាយុ​ ២៤ ឆ្នាំ​ របស់​គាត់​ដែល​រស់​នៅ​ជាន់​ទី​៥​ នៃ​អាគារ​នេះ​ ។

ចំណែក​ឯ​មន្ត្រី​តៃវ៉ាន់​​ វិញ​ បាន​បើក​ការ​ស៊ើប​អង្កេត​លើ​អាគារ​នេះ​ ត្បិត​ថា​នៅ​ក្នុង​ពេល​រញ្ជួយ​ដី​ ជាន់​ខាង​ក្រោម​បាន​ដួល​រលំ​លើ​គ្នា​បន្ត​បន្ទាប់​មុន​ពេល​ដែល​អាគារ​ទាំង​មូល​ដួល​រលំ​ទាំង​ស្រុង។ តាម​អភិបាល​ក្រុង​ Tainan បាន​ឲ្យ​ដឹង​ថា​​ លោក​បាន​ទំនាក់ទំនង​ជាមួយ​តុលាការ​ និង​រដ្ឋអាជ្ញា​ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​​ ហើយ​​លោក​ក៏​បាន​បង្កើត​នូវ​គណៈកម្មការ​ឯករាជ្យ​ចំនួន​៣​ ដើម្បី​ថែរក្សា​ភស្តុតាង​ក្នុង​អំឡុង​ពេល​ជួយ​សង្គ្រោះ​ ដើម្បី​ជួយ​ដល់​អ្នក​ដែល​រស់​នៅ​ទី​នោះ​ ប្រសិន​បើ​ពួកគេ​ចង់​ដាក់​ពាក្យ​បណ្ដឹង​ក្នុង​ពេល​​ខាង​មុខ​។ លោក​ព្រម​ទាំង​បាន​លើក​ឡើង​ដែរ​ថា​ ប្រសិន​បើ​អ្នក​សាងសង់​អាគារ​នេះ​ធ្វើ​ខុស​ច្បាប់​ នោះ​គេ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​​។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖

  • ​ជីវិត​ថ្លៃ​! ទារក​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​បន្ទាប់​ស្ថិត​នៅ​ក្នុង​គំនរ​បាក់​បែក​នៃ​អាគារ​អស់​៣០​ម៉ោង​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: