ប្រយ័ត្ន​ប្រយោគ​មួយ​ឃ្លា​ក្នុង​ Facebook ​ក្លាយ​ជា​ប្រយោគ​ទឹកភ្នែក

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​យើង​សង្កេត​ឃើញ​ថា Facebook បាន​ក្លាយ​ជា​បណ្ដាញ​សង្គម​មួយ​ដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​កម្ពុជា​ ក្នុង​ការ​ទំនាក់ទំនង ចែក​រំលែក​​ឬ​ស្វែង​រក​ព័ត៌មាន ​បញ្ចេញ​មតិយោបល់ និង​ ចែក​រំលែក​អារម្មណ៍​ផ្ទាល់​ខ្លួន​ជាដើម។

ទន្ទឹម​នឹង​អត្ថប្រយោជន៍​ដ៏​សំបូរ​បែប​នោះ វា​ក៏​អាច​ផ្ដល់​ទុក​ទោស​ដល់​អ្នក​ផង​ដែរ បើ​សិន​ជា​​អ្នក​ប្រើប្រាស់​​វា​មិន​បាន​ត្រឹម​ត្រូវ ព្រោះ​ពេល​ខ្លះ​គ្រាន់​តែ​ប្រយោគ​មួយ​ឃ្លា​ក្នុង​ Status ឬ Comment ក៏​អាច​ឲ្យ​អ្នក​ជួប​បញ្ហា​ផង​ដែរ។

ខាង​ក្រោយ​នេះ​គឺ​ជា​ ប្រភេទ​ប្រយោគ​ដែល​អ្នក​មិន​គួរ​ប្រើប្រាស់​ក្នុង Status ឬ Comment នៅ​លើ​ Facebook ឡើយ ៖

1. ការ​ជេរ​ប្រមាថ ឬ បរិហារកេរ្តិ៍

អ្នក​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិយោបល់​ ប៉ុន្តែ​បើ​សិន​ជា​ការ​បញ្ចេញ​យោបល់​របស់​អ្នក​គឺ​ជា​ការ​បរិហារ​កេរ្តិ៍​អ្នក​ដទៃ ដោយ​គ្មាន​ភស្តុតាង​ច្បាស់​លាស់ ឬ ការ​បញ្ចេញ​មតិ​បែប​ជេរ​ប្រមាថ​ដោយ​មិន​ដឹង​ច្បាស់​ពី​ រឿងរ៉ាវ​ពិត​ប្រាកដ។ សកម្មភាព​បែបនេះ​វា​អាច​ធ្វើ​អោយ​មនុស្ស​ម្នាក់​ដែល​គ្មាន​កំហុស ​ដោយ​គ្រាន់​តែ​រង​ការ​​បង្កាច់​បង្ខូច​​ពី​នរណា​ម្នាក់​ត្រូវ​ខូចកិត្តិយស់​ដោយ​សារ​តែ​អ្នក ហើយ​បើ​សិន​ជា​ជន​រង​គ្រោះ​ធ្វើ​ពាក្យ​បណ្តឹង​គេ​ក៏​អាច​ចោទ​ប្រកាន់​អ្នក​ដូចគ្នា ។

ករណី​ជាក់​ស្តែង​​ដែល​ឧស្សាហ៍​ប្រទះ​ឃើញ​​នៅ​​ក្នុង​ Facebook គឺ​នារី​​ណា​ម្នាក់​​ត្រូវ​បាន​ជន​អនាមិក​ធ្វើ​ការ​ Fake Profile រួច​បង្ហោះ​ពាក្យ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ​ថា មនុស្ស​ម្នាក់​នោះ​គឺ​ជាស្រី​ដែល​មិន​​ល្អ ស្រី​ដែល​មិន​ផ្តល់​កិត្តិយស់​ដល់​ឪពុក​ម្តាយ​ជា​ដើម ទាំង​ដែល​សមី​ខ្លួន​ពិត​ប្រាកដ​មិន​ទាំង​ដឹង​ខ្លួន​ផង​​ថា​មាន​គេ​ Fake Profile ។ បើ​សង្កេត​មើល​ទៅ​លើ Comment នឹង​មាន​សុទ្ធ​តែ​ពាក្យ​ជេរ បណ្តារសា ជា​ច្រើន ហើយ​អ្នក​ដែល​បាន​បញ្ចេញ​មតិ​ទាំង​នោះ​មិន​ទាំង​ដឹង​ថា អ្វី​ដែល​ពួក​គាត់​កំពុង Comment គឺ​ជា​រឿង​ដែល​ប្រឌិត​ឡើង​ដោយ​ជនអនាមិក​ ដើម្បី​ធ្វើ​បាន​នារី​រង​គ្រោះ​តែ​ប៉ុណ្ណោះ

ដូច​នេះ​បើ​សិន​អ្នក​គ្រាន់​តែ​ឃើញ​នរណា​ម្នាក់​ចែក​រំលែក​ការ​បរិហារកេរ្តិ៍​អ្នកណា​ម្នាក់​ ឬ រឿង​រ៉ាវ​អ្វី​មួយ ដោយ​ខ្លួន​អ្នក​មិន​ដឹង​ពី​ប្រភព​នៃ​រឿង​រ៉ាវ​ច្បាស់​លាស់ សូម​កុំ​បញ្ចេញ​មតិ​ដែល​ជេរប្រមាថ​ បរិហារកេរ្តិ៍ ឬ ចែក​រំលែក​រឿងរ៉ាវ​​ទាំង​នោះ​ឲ្យ​សោះ។

2. ការ​គំរាម​កំហែង​​អ្នក​ដទៃ​

បើ​សិន​ជា​អ្នក​មាន​រឿង​រ៉ាវ​ជា​មួយ​នរណា​ម្នាក់ ហើយ​អ្នក​​ជា​​បុគ្គល​​ស្អាត​ស្អំ​ដែល​មិន​បាន​ប្រព្រឹត្តិ​អ្វី​ខុស​នោះ​ Facebook មិន​មែន​ជា​កន្លែង​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក​នោះ បើ​សិន​ជា​អ្នក​ធ្វើ​ការ​គំរាម​នរណា​ម្នាក់​តាម​រយៈ​ Status , Comment ឬ Chat អ្នក​​ដែល​រង​ការ​គំរាម​អាច​នឹង​ធ្វើ​ពាក្យ​បណ្តឹង​ប្ដឹង​អ្នក​បាន​​។

3. ការ​រៀបរាប់​ពី​សកម្មភាព​គ្រប់​យ៉ាង​របស់​អ្នក

យើង​មិន​ប្រាកដ​ថា​ មិត្តភ័ក្ដិ នៅ​ក្នុង​ Facebook របស់​យើង​សុទ្ធ​តែ​ជា​មនុស្ស​ល្អ ទាំង​អស់​នោះ​ទេ ជួន​កាល​អាច​នឹង​មាន​ក្រុម​ទុច្ចរិត​បន្លំ​ធ្វើ​ជា​មិត្ត​របស់​អ្នក ហើយ​តាម​ដាន​សកម្មភាព​របស់​អ្នក​តាម​រយះ Status របស់​អ្នក​ ដែល​បណ្ដាល​ឲ្យ​អ្នក​អាច​នឹង​ជួប​រឿង​អកុសល​នៅ​ថ្ងៃ​ណា​មួយ​។

ដូចនេះ​សង្ឃឹម​ថា​ប្រិយមិត្ត​ទាំង​អស់​នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន​ពី​ការ​ប្រើប្រាស់​ប្រយោគ​នៅ​ក្នុង​ បណ្តាញ​សង្គមFacebook ៕

អត្ថបទដោយ ៖ ឌី
រក្សាសិទ្ធិដោយ ©ខេមបូមេក

  • ប្រយ័ត្ន​ប្រយោគ​មួយ​ឃ្លា​ក្នុង​ Facebook ​ក្លាយ​ជា​ប្រយោគ​ទឹកភ្នែក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: