សំបុត្រ​ការ​ច្រើន​ពេក​ មិន​ដឹង​ទៅ​មួយ​ណា​ ចឹង​សាក​អនុវត្ត​គោលការណ៍​ ៨០/២០​នេះ​ទៅ​មើល​

អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ធ្លាប់​ជួប​នូវ​ស្ថានភាព​មួយ​ដែល​ក្នុង​១ខែ​ៗ​មាន​សំបុត្រ​ចូល​រួម​អាពាហ៍ពិពាហ៍​ច្រើន​លើស​លប់​ដល់​ថ្នាក់​មិន​ដឹង​មាន​លុយ​ពី​ណា​ទៅ​ចង​ ។ ដូច្នោះ​ដើម្បី​ជា​ជំនួយ​ពួក​យើង​នឹង​លើក​ឡើង​ពី​គោលការណ៍​មួយ​ដែល​អ្នក​ទាំង​អស់​គ្នា​អាច​យក​មក​សម្រេច​ចិត្ត​ ។

អ្នក​ណា​ជា​អ្នក​រក​ឃើញ​គោល​ការណ៍​៨០/២០​នេះ​ ?

គោលការណ៍​នេះ​ត្រូវ​បាន​បង្កើត​ដោយ​អ្នក​សេដ្ឋកិច្ច​វិទូ ជនជាតិ​អ៊ីតាលី​ លោក​ Vilfredo Pareto ។ គាត់​បាន​លើក​ឡើង​ឧទាហរណ៍​ជា​ច្រើន​​ទាក់​ទង​នឹង​ជំនួញ ឬ ជីវភាព​ប្រចាំ​ថ្ងៃ​របស់​យើង​ទាំង​អស់​គ្នា​ ដែល​ភាគ​ច្រើន​សុទ្ធ​តែ​គោរព​តាម​គោលការណ៍​នេះ​ ។​

ដូច្នោះ​​អ្វី​ទៅ​​ជា​គោលការណ៍​ ៨០/២០​ ?

គោលការណ៍​នេះ​ លោក​Pareto ចង់​សំដៅ​ទៅ​លើ​ ការ​ជ្រើស​រើ​ស​សកម្មភាព​ឬ​អ្វី​ដែល​​​សំខាន់​ប្រហែល​ត្រឹម​តែ​២០ភាគរយ​ ដែល​វា​អាច​​អោយ​លទ្ធផល​ដល់​ទៅ​ ៨០ភាគរយ, គាត់​ចង់​អោយ​អ្នក​ទាំងអស់​គ្នា​ជ្រើស​យក​ការងារ​ណា​ដែល​សំខាន់​ ក្នុង​ជីវិត​របស់​អ្នក​មក​ធ្វើ​មុន​មិន​មែន​ធ្វើ​រឿង​ជា​ច្រើន​ដែល​មិន​បាន​ផល​ដល់​ជីវិត​អ្នក​នោះ​ទេ​ ។

ឧទាហរណ៍​​ដូច​ជា​ ៖ ក្នុង​ថ្នាក់​រៀន​មួយ​ ការ​និយាយ​ឆ្លើយ​ឆ្លង​រវាង​គ្រូ​និង​សិស្ស គឺ ភាគ​ច្រើន​បាន​មក​ពី​សិស្ស​ក្នុង​ថ្នាក់​ប្រមាណ​តែ​២០​ភាគរយ​ប៉ុណ្ណោះ​ ហើយ​ការ​និយាយ​ឆ្លើយ​ឆ្លង​ ២០​ភាគរយ​ទៀត​គឺ​មក​សិស្ស​ប្រមាណ​៨០​ភាគរយ​ក្នុង​ថ្នាក់​ដែល​មិន​សូវ​និយាយ​ ។​ មាន​ផ្សេង​ទៀត​ដូច​ជា​ ៖ ខោ​អាវ​ក្នុង​ទូ​របស់​អ្នក​ (អ្នក​អាច​ប្រើ​ប្រាស់​ច្រើន​តែ​ប៉ុន្មាន​សម្រាប់​ប៉ុណ្ណោះ ដូច​ជា​ខោអាវ​ទៅ​រៀន​ ជាដើម​) ឬ មិត្តភក្តិ​ក្នុង​ថ្នាក់​របស់​អ្នក​(​មាន​ប្រហែល​តែ​ ៣ ទៅ​ ៥​ នាក់​ប៉ុណ្ណោះ​ដែល​អ្នក​ចំណាយ​ពេល​លេង​សើច​ជាមួយ​ច្រើន​ ដល់​ទៅ​៨០%​នៃ​ម៉ោង​ទំនេរ​ ​​​ ។

ទោះ​បី​ពេល​ខ្លះ​យើង​ តែង​ជួប​សមាមាត្រ​ 90:10 ឬ​ 70:30 ​ ក៏​ពិត​រហូត​មែន​តែ​សកម្មភាព​ភាគ​ច្រើន​សុទ្ធ​តែ​ចេញ​ពី​ គោលការណ៍​របស់​បុរស​អ៊ីតាលី​មួយ​រូប​នេះ​ ។

តើ​គោលការណ៍​នេះ​មា​ន​ប្រយោជន៍​អ្វី​ដល់​អ្នក​ ?

គោលការណ៍​នេះ​ត្រូវ​បាន​មនុស្ស​ជោគជ័យ​ជាច្រើន​យក​មក​ប្រើ​ប្រាស់​ដើម្បី​សម្រេច​គោល​ដៅ​របស់​គេ​ ជាពិសេស​ក្នុង​ការ​គ្រប​គ្រង​ពេល​វេលា​ ៖ ក្នុង​១ថ្ងៃ​យើង​មាន​ពេល​២៤​ម៉ោង​ដូច​គ្នា​ ចុះ​ហេតុ​ដូចម្ដេច​បាន​ជា​គេ​អាច​ធ្វើ​ការ​មាន​លទ្ធផល​ច្រើន​យ៉ាង​ដូច​នេះ​ ?

គន្លឹះ​ដែល​ពួក​អ្នក​ជោគ​ជ័យ​តែង​ធ្វើ​ គឺ តែង​យក​ការងារ​ណា​ដែល​សំខាន់​បំផុត​ប្រចាំ​ថ្ងៃ​មក​ធ្វើ​មុន​ មិន​មែន​យក​ការងារ​ស្រួល​មក​ធ្វើ​មុន​ ហើយ​ទុក​ការងារ​សំខាន់​ដែល​ពិបាក​នៅ​ក្រោយ​នោះ​ទេ​ ។

ឧទាហរណ៍​​​ ៖​ អ្នក​មាន​កិច្ចការ​ផ្ទះ​សំខាន់​មួយ​នៅ​ចុង​សប្ដាហ៍​ដែល​ត្រូវ​ធ្វើ​អោយ​លោក​គ្រូ​អោយ​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​ថ្មី​ចូល​មក​ដល់​ ។ ចឹង​ព្រឹក​ថ្ងៃ​អាទិត្យ​ភ្លាម​អ្នក​ត្រូវ​សម្រេច​ការងារ​នោះ​អោយ​កាន់​តែ​លឿន​កាន់​តែ​ល្អ​ អ្នក​មិន​ត្រូវ​យក​ពេល​នោះ​ទៅ​ធ្វើ​រឿង​មិន​សូវ​បាន​ផល​នោះ​ឡើយ​ ដូច​ជា​ លេង​ទូរស័ព្ទ​ ឬ មើល​ទូរទស្សន៍​នោះ​ឡើយ ។​ ការ​ដែល​អ្នក​តែង​តែ​បង្អង់​ក្នុង​ការ​ធ្វើ​ការងារ​អ្វី​មួយ​​បែប​នេះ​តែង​នាំ​អោយ​អ្នក​មាន​ទម្លាប់​ខ្ជិល​ និង​​ ទទួល​លទ្ធផល​បាន​តិច​តួច ។

ចឹង​ចុះ​ពេល​សំបុត្រ​ការ​មក​ច្រើន​ពេក​ គួរ​ធ្វើ​ដូច​ម្ដេច​ ?

ដូច​បាន​ពន្យល់​ខាង​លើ​ អ្នក​ត្រូវ​ជ្រើស​រើស​មនុស្ស​ដែល​សំខាន់​ មិន​មែន​ទៅ​គ្រប់​ការ​អញ្ជើញ​ហៅ​នោះ​ទេ​ បើ​សិន​ជា​អ្នក​កំពុង​មាន​បញ្ហា​លុយ​កាក់​ស្រាប់​ ។ អ្នក​ត្រូវ​មើល​ថា​ ជន​នោះ​មាន​សកម្មភាព​ទំនាក់​ទំនង​ជាមួយ​យើង​ច្រើន​ឬ​អត់​ ស្ថិត​នៅ​ក្នុង​ចំណោម​ ២០%​ មនុស្ស​សំខាន់​ ឬ ក្នុង​ចំណោម​ ៨០%​មនុស្ស​ទូទៅ​ ?

ឧទាហរណ៍​ ៖ អ្នក​មាន​លុយ​ត្រឹមតែ​ ១០០ដុល្លារ​ ហើយ​កូន​ក៏​ជិត​ដល់​ពេល​បង់​លុយ​សាលា​វគ្គ​ថ្មី​ អង្ករ​ក្នុង​បាវ​ក៏​អស់​ ខ្លួន​ក៏​ឈឺ​ត្រូវ​ទិញ​ថ្នាំ​លេប​ ស្រាប់​តែ​ពេល​នោះ​​​មាន​សំបុត្រ​ការ​ចំនួន​ ៥​ ដែល​សន្មត​ថា​អ្នក​ចង​ដៃ​គេ​២០ដុល្លារ​ក្នុង​១រោង​ចុះ​ ។ តើ​អ្នក​នឹង​ទៅ​ទាំង​៥​រោង​ ឬ យ៉ាង​ដូចម្ដេច​ ? ចម្លើយ​ ៖ បើ​សិន​ជា​អ្នក​កំពុង​មាន​បញ្ហា​ហិរញ្ញវត្ថុ​ អ្នក​គួរ​ជ្រើស​រើស​ការ​ចូល​រួម​ណា​ដែល​សំខាន់​ ត្រឹម​តែ​ ២ ឬ ៣​ តែប៉ុណ្ណោះ ។

វា​គ្មាន​ហេតុផល​ណា​ដែល​អ្នក​ត្រូវ​ទុក​អោយ​កូន​ខ្លួន​ឯង​ ដាច់​បាយ​ ឬ ជីវភាព​ខ្លួន​ឯង​ដុនដាប​ដើម្បី​ចូលរួម​ពិធី​ជ័យ​មង្គល​របស់​អ្នក​ដទៃ​នោះ​ទេ​(ក្រុម​៨០%) ។ ចឹង​ជា​ចុង​ក្រោយ​ សង្ឃឹម​ថា​អត្ថបទ​នេះ​នឹង​អាច​ជួយ​អ្នក​បាន​ខ្លះ​​ តែ​មិន​មែន​ន័យ​ថា​អ្នក​មិន​ត្រូវ​ទៅ​ចូល​រួម​កម្មវិធី​របស់​គេ​នោះ​ទេ គោលការណ៍​នេះ​គ្រាន់​តែ​​ជា​ជំនួយ​សម្រាប់​អ្នក​ នៅ​ពេល​ដែល​អ្នក​ខ្វះ​ខាត​ដើម្បី​យក​មក​ពិចារណា​ប៉ុណ្ណោះ​ ។​ ​

ប្រែ​សម្រួល​ដោយ​ ៖ Limbique

  • សំបុត្រ​ការ​ច្រើន​ពេក​ មិន​ដឹង​ទៅ​មួយ​ណា​ ចឹង​សាក​អនុវត្ត​គោលការណ៍​ ៨០/២០​នេះ​ទៅ​មើល​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: