កំណត់​ត្រា​​ដែល​​អ្នក​គាំទ្រ​​​អាច​មិន​ចាប់​អារម្មណ៍​​នឹង​ ឡៅ​ ចន្រ្ទា ពេល​ប្រកួត​ខ្សែ​ក្រវាត់​

ឡៅ​ ចន្រ្ទា​ ​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ អ្នក​ប្រដាល់​ដែល​​ទទួល​បាន​ជោគជ័យ​មួយ​រូប​ បន្ទាប់​ពី​រូប​គេ​ឈ្នះ​ការ​ប្រកួត​ជា​បន្ត​​បន្ទាប់​ក្នុង​នោះ​ឈ្នះ​ការ​ប្រកួត​លើ​ជើង​ខ្លាំង​រៀម​ច្បង​ក្នុង​ស្រុក​ជា​ច្រើន​ និង​​បាន​ផ្តួល​កីឡាករ​បរទេស​ជា​ច្រើន​នាក់​មក​ហើយ។

 

កំណត់​ត្រា​​ដែល​​អ្នក​គាំទ្រ​​​អាច​មិន​ចាប់​អារម្មណ៍​​នឹង​ ឡៅ​ ចន្រ្ទា ពេល​ប្រកួត​ខ្សែ​ក្រវាត់​

ឡៅ ចន្ទ្រា (ខៀវ) ប្រកួត​ផ្តាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​លើក​ទី​១ ឈ្នះ សុខ សុវណ្ណ (ក្រហម)

 

ក្នុង​អាជីព​ប្រដាល់​របស់​ ឡៅ ចន្ទ្រា​ ​មាន​​ចំណុច​ពិសេស​​ខ្លះ​ៗ​ដែល​​​អ្នក​ស្នេហា​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​មួយ​ចំនួន​ប្រហែល​ជា​មិន​បាន​ចាប់​អារម្មណ៍។ ប្អូន​ប្រុស​បង្កើត​របស់​ ឡៅ ស៊ីណាត​​ឲ្យ​ដឹង​ថា​ រូប​គេ​បាន​ចូល​រួម​ប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់​២​​​លើក​មក​​ហើយ​​គឺ​ឈ្នះ​ខ្សែ​ក្រវាត់​​ទាំង​២​លើក​​តែ​ម្តង។ ទី​មួយ​រូប​គេ​ឈ្នះ​ខ្សែ​ក្រវាត់​​នៅ​សង្វៀន​ CTN​ និង​ខ្សែ​ក្រវាត់​ទី​២​រូប​គេ​ឈ្នះ​​​នៅ​សង្វៀន​ PNN។

 

អ្វី​ដែល​ពិសេស​ទៀត​នោះ​ រាល់​​ការ​ប្រកួត​​ទាំង​អស់​​នៅ​ក្នុង​​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទាំង​ពីរ​លើក​កន្លង​មក​​ ឡៅ ចន្ទ្រា​មិន​ធ្លាប់​បរាជ័យ​​ម្តង​ណា​ឡើយ​​ក្នុង​នោះ​​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​ និង​វគ្គ​ផ្តាច់​ព្រ័ត្រ​គឺ​ឈ្នះ​ទាំង​អស់។ នេះ​ហើយ​ជា​កំណត់​ត្រា​របស់​គេ។

បច្ចុប្បន្ន​ ឡៅ ចន្ទ្រា​ កំពុង​ចូល​រួម​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​​នៅ​សង្វៀន​បាយ័ន​ដែល​នេះ​ជា​ការ​ប្រកួត​លើក​ទី​៣​ហើយ។ ២​ប្រកួត​កន្លង​មក​​ក្នុង​ការ​ប្រកួត​ខ្សែ​ក្រវាត់​នេះ រូប​គេ​បាន​ផ្តួល​ជើង​ខ្លាំង​រៀម​ច្បង​ ផល សោភ័ណ្ឌ និង​ ផ្តួល​កីឡាករ​មក​ពី​ថៃ។ ចាំ​មើល​ អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​រូប​នេះ​រក្សា​ភាព​មិន​ដែល​ចាញ់​​ទៀត​​ទេ​ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់?

 

កំណត់​ត្រា​​ដែល​​អ្នក​គាំទ្រ​​​អាច​មិន​ចាប់​អារម្មណ៍​​នឹង​ ឡៅ​ ចន្រ្ទា ពេល​ប្រកួត​ខ្សែ​ក្រវាត់​ឡៅ ចន្ទ្រា ឈ្នះ​ខ្សែ​ក្រវាត់​លើក​ទី​២ ​ក្រោយ​ឈ្នះ សូត្រ ប៊ុនធី

 

តាម​ការ​សាង​ស្នាដៃ​ និង​​កេរ្តិ៍ឈ្មោះ​ល្បី​​​រន្ទឺ​ទូទាំង​ប្រទេស​ ឡៅ ចន្ទ្រា​ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​អតីត​អ្នក​ប្រដាល់​​ល្បី​ៗ​ដូច​​ជា​ អេ ភូថង, ជ័យ​ កុសល, ឡុង​ សុវណ្ណឌឿន, ព្រំ​ សំណាង​ជា​ដើម៕

 

អត្ថបទ៖​ នួន​ ស៊ីណា​​