កូនតូចមិនព្រមបៅ គួរដោះស្រាយយ៉ាងណា?

6 Videos


ករណីកូនទើបកើតដំបូងពេលកូនមិនព្រមបៅដោះម្តាយភាគច្រើនដោយសារឥរិយាបថនៃការបៅដោះមិនត្រឹមត្រូវធ្វើឲ្យបៅមិនបានទឹកដោះពេលមិនបានទឹកដោះកូននឹងក្រេវក្រោធរួចបដិសេធបៅដោះម្តាយដែលធ្វើឲ្យម្តាយយល់ខុសថាមិនមានទឹកដោះទាំងដែលម្តាយមានទឹកដោះគ្រប់គ្រាន់ ។ ដូច្នេះត្រូវដោយការបំបៅដោះកូនឲ្យត្រូវវិធីមិនមែនកែដោយការផ្តល់បៅដោះគោម្សៅឡើយសម្រាប់កូនអាយុក្រោម ៦ ខែ ។ អ្នកម្តាយណាដែលមានបញ្ហារឿងកូនមិនព្រមបៅដោះ សាកល្បងតិចនិកពីអ្នកជំនាញដូចខាងក្រោម…។

*ហេតុអ្វីទារកបដិសេធបៅដោះម្តាយ ?
មានមូលហេតុជាច្រើនយ៉ាងដែលធ្វើឲ្យទារកមិនព្រមបៅដោះម្តាយភាគច្រើនការដែលទារកមិនព្រមបៅដោះតែងកើតឡើងពីមូលហេតុច្រើនជាងមួយ ប៉ុន្តែបើទារកបានទទួលទឹកដោះគោម្សៅតាំងពីក្រោសម្រាលថ្មីៗអាចនាំឲ្យមិនព្រមបៅទឹកដោះម្តាយ ។
-បើក្បាលដោះម្តាយធំខ្លាំងមានលក្ខណៈផតឬខ្វាក់អាចធ្វើឲ្យការបៅដោះកាន់តែពិបាកប៉ុន្តែមិនមែនថាធ្វើមិនបានទេ ។
-ទារកមួយចំនួនមិនពេញចិត្តបៅដោះឬបៅដោះមិនបានល្អ ដោយសារបានទទួលផលប៉ះពាល់ពីថ្នាំដែលបានទទួលអំឡុងការសម្រាល ។
-ការប្រើឧបករណ៍បូមទារកក្នុងពេលសម្រាលក៏អាចមានផលឲ្យទារកបៅមិនបានល្អ ឬមិនចង់បៅដោះម្តាយ ។
-ភាពខុសប្រក្រតីរបស់មាត់ក៏អាចជាមូលហេតុឲ្យទារកមិនបានព្រមបៅដោះដែរ ។

*គួរធ្វើដូចម្តេចបើកូនមិនបៅដោះម្តាយ ?
អ្នកម្តាយគួរចាប់ផ្តើមច្របាច់ទឹកដោះរបស់ខ្លួននិងយកទឹកដោះដំបូង(Colostrum)បញ្ចុកដល់កូន ។ បើនៅច្របាច់ទឹកដោះដំបូងមិនសូវចេញអាចប្រើទឹកលាយស្ករតែម្យ៉ាងក្នុងកំលុង ២-៣ ថ្ងៃដំបូង ក៏បានទារកភាគច្រើននឹងចាប់ផ្តើមបៅ ។ នៅពេលដែលទារកចាប់ផ្តើមបៅដោះបានល្អត្រូវបញ្ឈប់ការបញ្ចុករួចឲ្យកូនបៅពីដោះម្តាយ ។ មុននឹងម្តាយនិងទារកត្រូវអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះគួរចាត់ឲ្យម្តាយនិងកូនបានទទួលការជួយពីអ្នកជំនាញក្នុងការបំបៅដោះឲ្យបានត្រឹមត្រូវ ។

កត្តាសំខាន់បំផុតមួយដែលជះឥទ្ធិពលឲ្យទារកព្រមបៅដោះឬអត់គឺម្តាយត្រូវមានទឹកដោះច្រើនគ្រប់គ្រាន់ ។ បើម្តាយមានទឹកដោះច្រើនលើសមិនថាយ៉ាងណាកូននឹងបៅដោយខ្លួនឯង ក្នុងកំលុងអាយុ ៤-៨ សប្តាហ៍ ។ ដូច្នេះការព្យាយាមឲ្យម្តាយមានទឹកដោះច្រើនគ្រប់គ្រាន់មានសារសំខាន់ជាងការចៀសវាង ទឹកដោះគោម្សៅ ព្រោះដបទឹកដោះគោម្សៅមានចំណែករារាំងការបៅដោះម្តាយ ឬអាចប្រើវិធីផ្សេងដូចជាការបញ្ចុកពីចានល្អជាង ។

-សិក្សាពីឥរិយាបថការបំបៅដោះដែលត្រឹមត្រូវពីអ្នកជំនាញដោយផ្ទាល់ពេលទារកចាប់ផ្តើមបៅដោះត្រូវច្របាច់ទឹក ដោះ ដើម្បីឲ្យទឹកដោះហូរចូលមាត់និងសាកល្បងឲ្យបៅពីសុដន់ខាងដែលចូលចិត្តឬពីសុដន់ដែលមានទឹកដោះច្រើនជាងមុន មិនគួរចាប់ផ្តើមពីសុដន់ដែលទារកបង្ហាញអាការប្រឆាំងឡើយ ។
-បើទារកព្រមហាមាត់បៀមក្បាលដោះគេនឹងចាប់ផ្តើមបៅនិងលេបទឹកដោះ ប៉ុន្តែបើទារកមិនព្រមបៅដោះកុំបង្ខំព្រោះវាមិនមែនជាវិធីត្រឹមត្រូវឡើយហើយទារកនឹងបង្ហាញអាការមិនសប្បាយចិត្ត ។

*តើអាចរក្សានិងបង្កើនបរិមាណទឹកដោះបានដូចម្តេច ?
ត្រូវច្របាច់ទឹកដោះចេញឲ្យញឹកញាប់បំផុតតាមដែលអាចធ្វើបានយ៉ាងតិចបំផុត ១ ថ្ងៃ ៨ ដង ដោយប្រើឧបករណ៍បូមទឹកដោះគុណភាពល្អបូមទាំងសងខាង ។ ការច្របាច់សុដន់អំឡុងពេលបូមអាចជួយបង្កើនប្រសិទ្ធភាពក្នុងការបូមនិងជួយបង្កើនបរិមាណទឹកដោះ ។ ពិសេសគឺព្យាយាមឲ្យកូនបៅដើម្បីឲ្យមានការផលិតទឹកដោះជាប្រចាំ ៕