យន្ដហោះ​«Etihad»​ត្រឡប់​មក​ចុះ​ចត​វិញ ព្រោះ​មាស៊ីន​ប្រតិកម្ម​ខូច

យន្ដហោះប៊ូអ៊ីង (Boeing 777) របស់ក្រុមហ៊ុនអាកាសចរណ៍ «Etihad» បានហោះត្រឡប់​មក​ចុះចត​ជា​បន្ទាប់​វិញ បន្ទាប់​ពី​ហោះ​ចេញ​បានបន្តិច ពីរាជាណាចក្រ «Abou Dhabi» នៃប្រទេស​អេមៀរ៉ាត់អារ៉ាប់រួម។ ការ​ចុះចត​យ៉ាង​ប្រញ៉ាប់​ប្រញាល​នេះ បណ្ដាល​មក​ពី​ម៉ាស៊ីន​​ប្រតិកម្ម​មួយ​​ចំហៀង​​របស់​យន្ដហោះ បានខូច។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខ្លួនឯង។
យន្ដហោះ​«Etihad»​ត្រឡប់​មក​ចុះ​ចត​វិញ ព្រោះ​មាស៊ីន​ប្រតិកម្ម​ខូច

រូបថតជំនួស៖ យន្ដហោះប៊ូអ៊ីង របស់ក្រុមហ៊ុនអាកាសចរណ៍ «Etihad» ដែលមានផ្សែងហុយ ពីក្រោយម៉ាស៊ីនប្រតិកម្ម។ (រូបថត AirPlane Pic)

អ្នកដំណើរច្រើនរយនាក់ នៅយន្ដហោះប៊ូអីង ដែលហោះឆ្ពោះ ទៅប្រទេសអូស្ត្រាលី កាលពីថ្ងៃអង្គារ បាន​ជួប​នូវ​ហេតុការណ៍ ដ៏គួរឲ្យភ័យភិតមួយ បន្ទាប់ពីយន្ដហោះ ដែលពួកគេជិះនេះ បានរងគ្រោះ ព្រោះការ​ខូច​ម៉ាស៊ីន​ប្រតិកម្ម​មួយ​ចំហៀង នៅពេលដែលយន្ដហោះ បានងើបខ្លួនហោះចេញពីព្រលានបានបន្តិច។ ជា​សំណាង​ល្អ ពួក​គេ​មិន​មាន​នរណា​ម្នាក់​រងរបួសទេ បន្ទាប់ពីយន្ដហោះ បានត្រឡប់មកចុះចត ដោយសុវត្តិភាពវិញ នៅ​ព្រលាន​យន្ដហោះ​ដដែល។

គ្រោះថ្នាក់បានកើតឡើង នៅក្រោយការហោះងើបខ្លួនពីដី កាលពីថ្ងៃអង្គារទី២៧ ខែកញ្ញានេះ វេលាម៉ោង ១១ និង១៥នាទី ម៉ោងក្នុងស្រុក នៃយន្ដហោះ​ប៊ូអីង (Boeing 777) នៃក្រុមហ៊ុនអាកាសចរណ៍ «Etihad» មួយ​គ្រឿង ដែលបានហោះចេញ ពីព្រលានយន្ដហោះអន្តរជាតិ នៃរាជាណាចក្រ «Abou Dhabi» របស់​ប្រទេស​អេមៀរ៉ាត់​អារ៉ាប់​រួម ដើម្បីឆ្ពោះទៅកាន់ក្រុង ស៊ីដនី នៃប្រទេសអូស្ត្រាលី។ នេះបើតាមការអះអាង របស់​អ្នក​នាំ​ពាក្យ​នៃ​​ក្រុមហ៊ុន​​អាកាសចរណ៍​​ខ្លួនឯង នៅថ្ងៃបន្ទាប់។

អ្នកនាំពាក្យរូបនោះ បានបញ្ជាក់ថា៖ «នៅមុនការចុះចត អ្នកបើកបរយន្ដហោះ រួមនឹងសមាជិកបម្រើការ នៅ​លើ​យន្ដហោះ បានអនុវត្តន៍តាមក្រម​ប្រតិបត្តិ នៃការចុះចតជាបន្ទាន់ ដែលពួកគេបានធ្វើជាទៀតទាត់ នៅ​រៀង​រាល់​ការហ្វឹកហាត់»។ លោកបានសាទរ ដល់ក្រុមសមាជិកបម្រើការ នៅលើយន្ដហោះទាំងនោះ ទាក់ទង​នឹង​ការ​សម្រេច​បាន នូវ​ក្រមប្រតិបត្តិនោះ ប្រកបដោយជំនាញ បូករួមទាំង​សភាពនឹងនរ របស់ពួកគេ ដើម្បី​ធានា​ទៅ​ដល់​សុវត្ថិភាព របស់អ្នកដំណើរ រហូតដល់ការចុះចត បានចប់ចុងចប់ដើម។

កាលពី​ថ្ងៃ​ទី៣១ ខែឧសភាកន្លងទៅ អ្នកដំណើរជាច្រើននាក់ របស់យន្ដហោះអ៊ែរប៊ូស (Airbus A330-200) បាន​រងរបួស នៅពេលដែលយន្ដហោះមួយគ្រឿងនេះ របស់ក្រុមហ៊ុនអាកាសចរណ៍ដដែល បាន​ហោះ​ទៅ​ប៉ះ នឹង​«ខ្យល់គួច»ដ៏ខ្លាំងមួយ នៅមុនការចុះចត នៃជើងហោះហើររបស់ខ្លួន ក្នុងព្រលានយន្ដហោះ នៃ​រដ្ឋធានី​ម៉ានីល ប្រទេសហ្វីលីពីន។

ក្រុមហ៊ុនអាកាសចរណ៍ «Etihad» ជាក្រុមហ៊ុនមួយដែលមានភាពរីកចម្រើនមិនឈប់ឈរ និងខ្លាំងក្លា នៅ​ក្នុង​រយៈ​ពេល​ចុងក្រោយនេះ។ ការរីកចម្រើននេះ មានមូលហេតុមួយភាគធំ បណ្ដាលមក​ពី​ទីតាំង​កណ្ដាល​​ដ៏​ល្អ នៃ​ព្រលាន​យន្ដហោះ «Abou Dhabi» ដែលជាកន្លែងជួបប្រមូលផ្ដុំ នៃជើងហោះហើរនានា និងធំៗ នៅ​ក្នុង​ពិភព​លោក។ ក្រុមហ៊ុននេះ មានយន្ដហោះ នៅក្នុងបញ្ជីហោះហើររបស់ខ្លួន ចំនួន១២៣គ្រឿង (រាប់ទាំង​​យន្ដហោះ​ប៊ូអីង ទាំង​​យន្ដហោះ​អ៊ែរប៊ូស)។ យន្ដហោះចំនួន ១៧៩គ្រឿងទៀត កំពុងស្ថិតក្នុងការបញ្ជាទិញ ហើយ​នឹង​ត្រូវ​ដឹក​បញ្ជូន យក​ទៅ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍នេះ នៅមុនឆ្នាំ២០២៥៕