វត្ត​ប៉ាក់ណាម​ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម​មិន​សូវ​មាន​ពុទ្ធបរិស័ទ​ទៅ​ចូល​រួម​កាន់​បិណ្ឌ

វត្ត​មួយ​នៅ​ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម មិន​សូវ​មាន​ពុទ្ធបរិស័ទ​ទៅ​ចូលរួម​កាន់​បិណ្ឌ​ច្រើន​ទេ នៅ​ក្នុង​រដូវ​កាន់​បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។ ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​ខេមរៈរាជាការាម ហៅ​វត្ត​ប៉ាក់ណាម ស្ថិត​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល ខ្វះ​ដាច់​ចង្ហាន់ ព្រោះ​គ្មាន​ពុទ្ធបរិស័ទ​ទៅ​ដាក់​បិណ្ឌ។

«សំឡេង​ភ្លេង​ពិណពាទ្យ» ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ចេញ​ពី​វត្ត​ប៉ាក់ណាម ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម ដើម្បី​ដង្ហោយ​ហៅ​ពុទ្ធ​បរិស័ទ​មក​ចាប់​កុសលផល​បុណ្យ​នៅ​វត្ត​ជាយ​ដែន​មួយ​នេះ។
បណ្ដា​វត្ត​មួយ​ចំនួន​នៅ​ភ្នំពេញ ជាង ១០​ថ្ងៃ​មក​នេះ មាន​ពុទ្ធិ​បរិស័ទ​ទៅ​ធ្វើ​បុណ្យ​ដាក់​បាត្រ ប្រគេន​ចង្ហាន់​ច្រើន​ហូរហែ រហូត​ព្រះសង្ឃ​ឆាន់​មិន​អស់​។ ប៉ុន្តែ ព្រះសង្ឃ​ប្រាំមួយ​អង្គ​គង់នៅ​ប៉ាក់ណាម បែរជា​ពេលខ្លះ​ត្រូវ​ដាច់​ចង្ហាន់​ទៅ​វិញ។

ព្រះចៅ​អធិការ​វត្ត​ប៉ាក់ណាម ព្រះ​ភិក្ខុ ចាប់ ឡាយស៊ែ ព្រះជន្ម ២៥​ព្រះវស្សា មាន​ថេរដីកា​ថា ការ​ដាក់​បិណ្ឌ​កន្លង​មក វេន​ខ្លះ​មាន​ពុទ្ធ​បរិស័ទ​ខ្លះ​បាន​មក​ដាក់​បិណ្ឌ ប៉ុន្តែ​មាន​វេន​ខ្លះ​ទៀត ព្រះសង្ឃ​ដាច់​ចង្ហាន់ ព្រោះ​គ្មាន​ពុទ្ធ​បរិស័ទ​មក​កាន់​បិណ្ឌ។ ព្រះចៅ​អធិការ​បន្ត​ថា វត្ត​នេះ ប្រសិន​បើ​គ្មាន​កម្មវិធី​បុណ្យ​ទាន គឺ​គ្មាន​ពុទ្ធបរិស័ទ​មក​ធ្វើ​បុណ្យ​នៅ​វត្ត​នេះ​ទេ៖ «»។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ជា​វេទ​ទី​១១ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ស្រុក​កោះធំ ដែល​រស់​នៅ​ឆ្ងាយៗ​ពី​វត្ត​បាន​ប្រមូល​គ្នា​ប្រហែល​ជា ៨០​នាក់ ដាក់​បិណ្ឌ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ។ ការ​ដាក់​បិណ្ឌ​ក៏​ទទួល​បាន​ការ​ជួយ​សម្រួល​ពី​តម្រួត​ព្រំដែន ខណៈ​ពលរដ្ឋ​វៀតណាម មួយ​ចំនួន​មាន​អ្នក​ឈ​ឃ្លាំ​មើល និង​អ្នក​លក់​នំ​ចំណី​ពេញ​បរិវេណ​វត្ត​នោះ​ដែរ។ បើ​ទោះ​ជា​​ចេះ​និយាយ​ខ្មែរ ក៏​ពួកគេ​មិន​និយាយ​ខ្មែរ​ដែរ ខណៈ​អ្នក​ខ្លះ​មក​រស់​នៅ​ទី​នេះ​ជាង ៣០​ឆ្នាំ​ទៅ​ហើយ។ ទាំង​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​បាន​ក្លាយ​ជា​ជនជាតិ​ភាគ​តិច​ក្នុង​ភូមិ​វៀតណាម លើ​ដី​កំណើត​របស់​របស់​ខ្លួន។

មេ​ភូមិ​ព្រែកជ្រៃ ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល លោក ទង់ ស្រឿន ដែល​ដឹកនាំ​ពិធី​កាន់​បិណ្ឌ​នេះ​ប្រាប់​ថា លោក​និង​ពលរដ្ឋ​ក្នុង​ភូមិ​របស់​លោក​តែងតែ​មក​កាន់​បិណ្ឌ​នៅ​វត្ត​ប៉ាក់ណាម ជា​រៀង​រាល់​ឆ្នាំ។ លោក​បន្ត​ថា ប្រសិនបើ​ពលរដ្ឋ​ចូល​រួម​កសាង​វត្ត​នេះ​ឲ្យ​បាន​គង់វង្ស ឬ​រីក​ចំរើន​គឺ​ដូច​នឹង​ចូល​រួម​ការពារ​ព្រំដែន​របស់​ប្រទេស​កម្ពុជា នៅ​ក្នុង​តំបន់​នេះ​ដែរ៖ «»។

ពលរដ្ឋ​មួយ​រូប គឺ​​លោកស្រី យីង ពៅ ដែល​ចូល​រួម​កាន់​បិណ្ឌ​ដែរ សម្ដែង​ចិត្ត​សប្បាយ​រីករាយ​នៅ​ពេល​បាន​ចូលរួម​ធ្វើ​បុណ្យ​នៅ​វត្ត​ជាប់​ព្រំដែន​មួយ​នេះ។ លោកស្រី​ថា លោកស្រី​និង​ក្រុម​គ្រួសារ​នឹង​ឆ្លៀត​ពេល​មក​ធ្វើ​បុណ្យ​នៅ​វត្ត​នេះ​បន្ត​ទៀត៖ «»។

សព្វថ្ងៃ​វត្ត​ខេមរៈរាជាការាម ហៅ​វត្ត​ប៉ាក់ណាម មាន​ព្រះសង្ឃ​គង់​នៅ​ចំនួន ៦​អង្គ និង​យាយ​តា​មួយ​គ្រួសារ ស្រលាញ់​ព្រះពុទ្ធ​សាសនា តស៊ូ​នៅ​បម្រើ​ព្រះសង្ឃ​តាំង​ពី​អំឡុង​ឆ្នាំ​១៩៨០ រហូត​មក​ដល់​ពេល​នេះ។ វត្ត​ដែល​ស្ថិត​ក្នុង​ភូមិ​ប៉ាក់ណាម ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម ហ៊ុមព័ទ្ធ​ដោយ​ជនជាតិ​វៀតណាម រស់​នៅ​ទី​នោះ។

លោក​អ្នក​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​វត្ត​ប៉ាក់ណាម អាច​ធ្វើ​ដំណើរ​ទៅ​តាម​ក្រុង​តាខ្មៅ ឆ្លង​កាត់​ស្ពាន​ស្វាយរលំ រួច​បន្ត​ដំណើរ​តាម​ផ្លូវ​លេខ​២១បេ (B) តាម​បណ្ដោយ​ទន្លេ​បាសាក់ ចម្ងាយ​ប្រហែល ៩០​គីឡូម៉ែត្រ ទៅ​ដល់​បារ៉ាស់​ប៉ុស្តិ៍​យាម​របស់​នគរបាល រួច​បត់​ឆ្វេង​ដៃ ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្នុង​ភូមិ​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ ទើប​បាន​ដល់​វត្ត​ប៉ាក់ណាម។ ផ្លូវ​ចូល​ភូមិ​សង​ខាង​ផ្លូវ​សុទ្ធ​តែ​ផ្ទះ​របស់​ជនជាតិ​វៀតណាម។

​មាន​ការ​រិះគន់​ថា អាជ្ញាធរ​មិន​បង្ក​ភាព​ងាយស្រួល​ឲ្យ​ពលរដ្ឋ​មក​ពី​ចម្ងាយ ជា​ពិសេស​អ្នក​នៅ​ភ្នំពេញ ដែល​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​នេះ។ ជាក់​ស្ដែង​កាល​ពី​ឆ្នាំ​២០១៥ សមាគម​ខ្មែរ​ក្រោម​មួយ​ដង្ហែ​កឋិន​ចូល​វត្ត បែរ​ជា​ក្រុម​សមត្ថកិច្ច​ចាក់​សោ​បិទ​ទ្វារ​វត្ត និង​ចាប់​ឃុំ​ខ្លួន​ព្រះចៅ​អធិការ ប៉ុន្តែ​ក្រោយ​ព័ត៌មាន​អា​ស្រូវ​នេះ​បែក​ធ្លាយ ទើប​មាន​ការ​បើកទ្វារ​វត្ត និង​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​មក​ទទួល​កឋិន​វិញ។

ពលរដ្ឋ​វៀតណាម ដែល​រស់​នៅ​ទី​នោះ ទោះ​រស់​នៅ​ជិត​វត្ត​ក្តី ប៉ុន្តែ​គេ​មិន​បាន​មក​ធ្វើ​បុណ្យ​នៅ​វត្ត​របស់​ខ្មែរ​ទេ ព្រោះ​គេ​មាន​ជំនឿ​ផ្សេង​ពី​នេះ។

ព្រះសង្ឃ​គង់​នៅ​វត្ត និង​ចំណុះ​ជើង​វត្ត​ប្រាប់ ប្រសិនបើ​រដូវ​បុណ្យទាន​សំខាន់ៗ ដូចជា​ពិធី​កាន់​បិណ្ឌ ឬ​បុណ្យ​ភ្ជុំ​បិណ្ឌ បុណ្យ​កឋិន បុណ្យ​ចូល​ឆ្នាំ​ខ្មែរ  មាន​ពុទ្ធបរិស័ទ​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​ច្រើន ប៉ុន្តែ​បើ​ថ្ងៃ​ធម្មតា​ព្រះសង្ឃ​ស្ទើរ​ដាច់​ចង្ហាន់ ឬ​ក៏​ត្រូវ​ចេញ​បិណ្ឌ​បាត្រ​នៅ​កន្លែង​ឆ្ងាយៗ​ពី​វត្ត​ទើប​បាន​ចង្ហាន់។

​ចំណុះ​ជើង​វត្ត លោកតា សឹម មៀច និង​ភរិយា​របស់​លោក​ដែល​ស្ម័គ្រស្មោះ​បម្រើ​ព្រះសង្ឃ​ជាង ៣០​មក​ហើយ​នោះ អះអាង​ថា តិច ឬ​ច្រើន លោក​និង​ភរិយា​របស់​លោក​បាន​បម្រើ​ព្រះសង្ឃ ឬ​រៀបចំ​ធ្វើ​ចង្ហាន់​ដល់​ព្រះសង្ឃ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន៖ «»។

វត្ត​ប៉ាក់ណាម  សង់​នៅ​លើ​ផ្ទៃដី​បណ្ដោយ ៧០០​ម៉ែត្រ និង​ទទឹង ៣០០​ម៉ែត្រ។ សព្វថ្ងៃ​នេះ​មាន​ព្រះវិហារ​មួយ​សង់​ពី​ថ្ម។ ចំណែក​សាលា​ឆាន់​មួយ​ខ្នង​សង​ពី​ឈើ​កំពុង​ស្ថិត​ក្នុង​សភាព​ទ្រុឌទ្រោម។ វត្តមាន​ក៏​មាន​អគារ​សាលារៀន​ដែរ ប៉ុន្តែ​គ្មាន​គ្រូបង្រៀន ហើយ​ក៏​គ្មាន​សិស្ស​មក​រៀន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។