ស្ថានភាព​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ខេត្ត​ស្ទឹងត្រែង

ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ៤០​គ្រួសារ ដែល​បដិសេធ​មិន​ព្រម​ទទួល​យក​សំណង​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ឃុំ​ក្បាលរមាស ស្រុក​សេសាន នៅ​ខេត្ត​ស្ទឹងត្រែង បាន​ប្រារព្ធ​ពិធី​កាន់​បិណ្ឌ និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ដូច​ពលរដ្ឋ​ខ្មែរ​ដែរ។ ក្នុង​រយៈពេល​នៃ​ពិធី​កាន់​បិណ្ឌ​នេះ ​ជនជាតិ​ដើម​ភាគតិច​ព្នង ចាត់​ទុក​ពិធី​បុណ្យ​នេះ បង្កប់​ខ្លឹមសារ​ទំនៀមទម្លាប់​​ជាតិ​ជ្រាលជ្រៅ ដែល​ពួកគេ បាន​ប្រតិបត្តិ​ជាង​៣០​ឆ្នាំ​មក​ហើយ ទោះបី​ជា​អ្នក​ភូមិ​មាន​ជីវភាព​ខ្វះខាត​ក្ដី។

ភូមិ​ក្បាលរមាស ឃុំ​ក្បាលរមាស ស្រុក​សេសាន ​ជា​តំបន់​ដាច់​ស្រយាល​មួយ ដែល​សំបូរ​ដោយ​ព្រៃ​ចម្ងាយ​ជាង ៨០ គីឡូ​ម៉ែត្រ ភាគ​ខាង​ត្បូង​ឆៀង​ខាង​កើត​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង។ ពលរដ្ឋ​រស់នៅ​ទីនោះ​ភាគ​ច្រើន ជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង បាន​ប្រតិបត្តិ​ប្រពៃណី​លក្ខណៈ​ព្រះពុទ្ធ​សាសនា​ខ្មែរ ហើយ​អ្នក​ភូមិ​បាន​ចែក​វេន​គ្នា​ធ្វើ​ចង្ហាន់​នាំ​យក​នំ​ចំណី​ផ្កា​ភ្ញី ទៀន​ធូប​ទៅ​ប្រគេន​ព្រះសង្ឃ តាម​ជំនឿ និង​រាប់បាត្រ​បោះ​បាយ​បិណ្ឌ។

ជនជាតិ​ដើម​ភាគ​តិចព្នង លោក ដាំ សំណាង ឲ្យ​ដឹង​ថា អ្នក​ភូមិ​បាន​ខិតខំ​នាំ​គ្នា​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ បើ​ទោះបីជា ពួក​គេ​មាន​ជីវភាព​ខ្វះខាត មិន​ដូច​ប្រជាពលរដ្ឋ​​នៅ​តាម​ទីក្រុង​ក៏ដោយ។ តែ​យ៉ាងណា​ពួកគេ​ក៏​មិន​ភ្លេច​ទំនៀមទម្លាប់​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ដែរ។ លោក​មាន​ជំនឿ​ថា ការ​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ក្នុង​ជំនឿ​នៃ​ព្រះពុទ្ធ​សាសនា អាច​ជួយ​រំដោះ​បាបកម្ម​ឱ្យ​សាច់​​ញាតិ​ដែល​ស្លាប់​ទៅ ដោយ​ ឧទ្ទិស​មគ្គផល កុសល​ផល​បុណ្យ​តាម​រយៈ​ព្រះ​សង្ឃ។ ចំណែក​នៅ​ក្នុង​សង្គម​ខ្មែរ​វិញ​ ការ​ប្រារព្ធ​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​ជា​ឱកាស​ឱ្យ​ក្រុម​គ្រួសារ​បាន​ជួបជុំ​គ្នា និង​ផ្ទល់​សេចក្ដី​ល្អ​​ជា​ច្រើន​​​ជាមួយ​គ្នា។ ក្រៅ​ពី​នេះ​ទៀត ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​ព្នង ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ពួក​គេ​តែង​នាំ​គ្នា​សម្អាត​ទីកន្លែង​គោរព​បូជា​អារក្ស​អ្នកតា ដើម្បី​សែន​ព្រេន មាន​មាន់​ស្ងោរ ផ្កា និង​នំ​ចំណី​ជាដើម៖ «ជឿ​លើ​ជំនឿ​ព្រះពុទ្ធសាសនា​ច្រើន​ដែរ បន្ទាប់​មក​គាត់​ធ្វើ សាមញ្ញៗ​ការ​ធ្វើ​បុណ្យ​ការ​ជួប​ជុំ​គ្នា ការ​សំពះ​ព្រះសង្ឃ​ចង្ហាន់។ អ្វី​ដែល​សំខាន់​គាត់​មិន​ភ្លេច​ជំនឿ​ប្រពៃណី​សាសនា​របស់​គាត់​របៀប​សែន​ព្រេន។ ការ​ទៅ​វត្ត​ក៏​ទៅ សែន​នៅ​ផ្ទះ​គាត់​ក៏​សែន​ដែរ»

អាចារ្យ​វត្ត​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង លោក កឹម ឌឿង រំឭក​ថា ជាង​៣​ទសវត្សរ៍​កន្លង​មក​នេះ អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ព្នង បាន​ប្ដូរ​ប្រពៃណី​ខ្លះៗ​ប្រកាន់​ភ្ជាប់​ទំនៀមទម្លាប់​ប្រពៃណី​ដូច​ខ្មែរ ដូចជា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ បុណ្យចូលឆ្នាំ និង បុណ្យ​ផ្កា​ជាដើម។ លើស​ពី​នេះ អ្នក​ភូមិ​តែង​និយម​និយាយ​ភាសា​ជនជាតិ​ដើម​ភាគ​តិច​ព្នង ភាសា​ឡាវ និង​ភាសា​ខ្មែរ​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

លោក​ថា នៅ​ភូមិ​ក្បាលរមាស មាន​វត្ត​ព្រះពុទ្ធ​សាសនា​តែ​មួយ​គត់​ដែល​អ្នក​ភូមិ​នាំ​គ្នា​បង្កើត​ឡើង ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​បែប​ព្រះពុទ្ធសាសនា។ ចាប់​ពី​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ រហូត​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ អ្នក​ភូមិ​បាន​ចែក​វេន​គ្នា​ធ្វើ​ចង្ហាន់​នាំ​យក​នំ​ចំណី​ផ្កា​ភ្ញី ទៀន​ធូប​ទៅ​ប្រគេន​ព្រះសង្ឃ​តាម​ជំនឿ និង​រាប់បាត្រ​បោះ​បាយ​បិណ្ឌ ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​បុព្វការី​ជន​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត ហើយ​មិន​ទាន់​បាន​ទៅ​ចាប់​ជាតិ​សោយ​សុខ​នៅ​ឋានសួគ៌ ឲ្យ​មក​ទទួល​យក​ចំណី​អាហារ​តាម​រយៈ​ព្រះសង្ឃ ដែល​បាន​បង្សុកូល​បញ្ជូន​ទៅ​ដល់​ដួង​ព្រលឹង​បុព្វការី​ជន​ទាំង​នោះ ឆាប់​បាន​ចាប់​ជាតិ​ទៅ​កាន់​សុគតិភព៖ «ការ​បោះ​បាយ​បិណ្ឌ​ចាស់ៗ​អត់​មាន​ចូលរួម​ទេ បើ​មាន​ប្រពៃណី​សែន​ព្រេន​ចាស់​មក​ជួប​ជុំគ្នា។ ជូន​ដូនតា​ក្នុង​រយៈពេល​ខែ​ហ្នឹង​ដែរ​គឺ​សែន​ស្រូវ មាន​បាយ​ថ្មី អង្ករ​ស្រូវ​ថ្មី​អំបុក​អីហ្នឹង​គេ គេ​ជូន​ដូនតា​គេ​ដូចគ្នា​ព្រហ្មញ្ញ​សាសនា​ហ្នឹង »

អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន កត់​សម្គាល់​ថា កន្លង​ទៅ​ពលរដ្ឋ​រស់​នៅ​ភូមិ​ក្បាលរមាស បាន​ធ្វើ​បុណ្យ​ជុំ​គ្នា​លក្ខណៈ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច និង​លក្ខណៈ​ប្រពៃណី​ខ្មែរ ក៏​ប៉ុន្តែ​ចាប់​តាំង​ពី​មាន​វត្តមាន​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ស្ថានភាព​រស់​នៅ​របស់​ពួកគេ​ចាប់​ផ្ដើម​បែក​បាក់​បន្តិច​ម្តងៗ ពលរដ្ឋ​ខ្លះ​ព្រម​ចាកចេញ​ពី​លំនៅឋាន​ថ្មី និង​ពលរដ្ឋ​ខ្លះ​បដិសេធ​មិន​ទទួល​សំណង។ បញ្ហា​នេះ​ក៏​ជា​ផ្នែក​មួយ បណ្ដាល​ឲ្យ​ទិដ្ឋភាព​ពិធី​បុណ្យ​ប្រពៃណី​ព្រះពុទ្ធសាសនា និង​បែប​ជនជាតិ​ដើម​ភាគ​តិច មិន​ចុះ​សម្រុង​គ្នា៖ «កន្លង​ទៅ​ពួកគាត់​បាន​ធ្វើ​បុណ្យ​ជុំ​គ្នា គាត់​បាន​ធ្វើ​បុណ្យ​ជួប​ជុំ​គ្រួសារ។ មនុស្ស​មួយ​ភូមិ​ជួបជុំ​ធ្វើ​បុណ្យ​ក្នុង​វត្ត​អីចឹង​ទៅ។ តែ​ចាប់​តាំង​ពី​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​មក គឺ​ឃើញ​ថា ប្រជាជន​មាន​ភាព​បាក់​បែក​គ្នា។ ចំណុច​ត្រង់​នេះ​ធ្វើ​ឲ្យ​ការ​ប្រព្រឹត្ត​ទៅ​ការ​ប្រារព្ធ​ពិធី​បុណ្យទាន​ផ្សេងៗ​មាន​លក្ខណៈ​មិន​ចុះ​សម្រុង»

ពុទ្ធបរិស័ទ បុណ្យ​ភ្ជុំ ស្ទឹងត្រែង ២០១៦ ៨៥៥
ពុទ្ធ​បរិស័ទ​ទៅ​ចូលរួម​ពិធី​បុណ្យ​នៅ​វត្ត​ធម្ម​រង្ស៊ី ហៅ​វត្ត​បាចុង ក្នុង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Men Sothyr

មិន​ត្រឹម​តែ​មាន​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ក្បាលរមាស ប៉ុណ្ណោះ​ទេ ចំណែក​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ ​ ជនជាតិ​ភាគ​តិច​ឡាវ ជនជាតិ​ដើម​ភាគតិច​ខិះ និង​ជនជាតិ​ភាគតិច​ចិន នៅ​ខេត្ត​ស្ទឹងត្រែង ក៏​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ដែរ។ តែ​ដោយ​ឡែក​ជនជាតិ​ភាគ​តិច​វៀតណាម គេ​សង្កេត​ឃើញ​ថា ភាគ​ច្រើន ពុំ​បាន​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នោះ​ទេ។

ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មាន​ជំនឿ​តៗ​គ្នា ជា​យូរ​លង់​មក​ហើយ​ថា នៅ​រដូវ​​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​យមរាជ​បាន​ដោះ​លែង​ព្រលឹង​សាច់​ញាតិ​របស់​គេ​ដែល​ស្លាប់​ទាំង​អស់ បើ​ទោះ​បី​ជា​ព្រលឹង​​ខ្លះ​មាន​បាបកម្ម​ធ្ងន់ធ្ងរ ហើយ​ធ្លាក់​ខ្លួន​ទៅ​ជា​នរក​ប្រេត​យ៉ាង​ណា​ក៏ដោយ ឱ្យ​មក​ទទួល​យក​​កុសល​បុណ្យ និង​​បាយ​ទឹក នំ ចំណី ដែល​កូន​ចៅ​នៅ​រស់​បាន​ឧទ្ទិស​ឱ្យ​តាម​រយៈ​ព្រះសង្ឃ។ ក៏​ប៉ុន្តែ​ប្រសិន​បើ​នៅ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​នេះ កូន​ចៅ​​​​មិន​បាន​យក​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ព្រះ​សង្ឃ​ទេ គឺ​ព្រលឹង​អ្នក​ស្លាប់​​ខ្លះ​ដែល​ក្លាយ​ទៅ​ជា​ប្រេត​​កំពុង​ស្រេកឃ្លាន​ដែរ មិន​​បាន​ទទួល​អ្វី​ទាល់​តែ​សោះ​​នោះ នឹង​យំ​ទួញ​សោក ព្រម​ទាំង​​ដាក់​បណ្ដាសា​ផង។

អ្នក​ភូមិ​ឲ្យ​ដឹង​ទៀត​ថា បើទោះបីជា​ទិដ្ឋភាព​រស់នៅ​របស់​ពួកគាត់ កាន់​តែ​ស្ងប់ស្ងាត់​បន្តិច​ក្ដី ក៏​ប៉ុន្តែ​ពួកគេ​នៅ​តែ​រីករាយ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​បង្កប់​នូវ​ក្ដី​ព្រួយ​បារម្ភ ដោយសារ​ភូមិ​កំណើត​របស់​ពួកគេ នឹង​ក្លាយ​ជា​អាង​ស្តុក​ទឹក​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ហើយ​ប្រឈម​លិចលង់​ផ្ទះ​សម្បែង និង​វត្តអារាម​ជាដើម ប្រសិន​បើ​ទំនប់​បើក​ឲ្យ​ដំណើរការ។ លើស​ពី​នេះ ពួក​គេ​បាន​ត្រៀម​ក្បូន​បណ្ដែត​ទឹក និង​ស្វែង​រក​ទី​ទួល​ខ្ពស់​នៅ​ក្បែរ​ភូមិ គ្រោង​សង់​វត្ត​អារាម​ថ្មី ​ ទុក​ដាក់​សម្ភារ និង​សត្វ​ចិញ្ចឹម​ជាដើម។ ក្រៅ​ពី​នេះ​ក្ដី​ប្រាថ្នា​របស់​ពួកគេ ចង់​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​សំណង​ផល​ប៉ះពាល់​នៅ​តាម​ទិដ្ឋភាព​ជាក់ស្ដែង ពោល​គឺ​ពួកគេ​ខាត​បង់​ផ្ទះ​សម្បែង និង​ទ្រព្យសម្បត្តិ​អស់​ប៉ុណ្ណា រដ្ឋាភិបាល​ផ្ដល់​សំណង​ផ្អែក​តាម​តម្លៃ​ទីផ្សារ។

រដ្ឋាភិបាល​មាន​គម្រោង​ជម្លៀស​អ្នក​ភូមិ​ចេញ​ពី​លំនៅឋាន និង​ផ្ដល់​សំណង​ផ្អែក​តាម​គោល​នយោបាយ។ ពលរដ្ឋ​រស់​នៅ​ទីនោះ​ជិត ១៤០គ្រួសារ ក្នុង​នោះ​ពលរដ្ឋ​ជាង ៤០គ្រួសារ​ដែល​បដិសេធ​មិន​ព្រម​ទទួល​យក​សំណង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។