ថែស្បែក ស្វាគមន៍ឆ្នាំថ្មី

Asian beauty face closeup portrait with clean and fresh elegant lady.

ឆ្នាំចាស់​កន្លងទៅ “បញ្ហាស្បែក” តែងតែជាកង្វល់សម្រាប់មិត្តយុវវ័យ។ ដើម្បីអបអរ​ឱកាសឆ្លងឆ្នាំ​សកល ២០១៥ ឈាន​ចូល​២០១៦នេះ ខេមបូមេក សូម​ណែនាំ​ វិធីសាស្ត្រថែរក្សាសម្រស់ មួយ​ចំនួន​ ជូនដល់ប្រិយមិត្ត។ ក្រោយពីអានអត្ថបទ​នេះរួច លោកអ្នកអាចមានទំនុកចិត្ត ក្នុងការនិយាយថា “លាហើយ ស្បែកយ៉ាប់”…

បញ្ហាមុន ជា​វិបត្តិស្បែក ដែល​ជួប​ប្រទះ​ញឹកញាប់បំផុត ជាពិសេស​ចំពោះ​ វ័យជំទង់ ឬ​យុវវ័យ ប៉ុន្ដែ​យុវវ័យភាគច្រើន រមែង​យល់ខុសថា មុន កើតឡើង​តែដោយសារភាព​ស្មោគគ្រោគ ទើបនៅពេល​កើត​មុនចូលចិត្ត​លុបលាងមុខ ច្រើនដង ដែលតាមពិតទៅ ការ​សម្អាតស្បែក​ជ្រុលពេក កាន់តែធ្វើឲ្យស្បែក​មាន​សភាពកាន់តែអាក្រក់ទៅ​ ព្រោះ​ធ្វើឲ្យ​ដំណើរ​ការ​ផលិត​ខេរ៉ាទីន (Keratin) របស់កោសិកាស្បែក មិនកើត​តាមធម្មតា។

ការសម្អាតស្បែក គួរ​ធ្វើនៅពេលព្រឹក ជាពិសេស​ចំពោះអ្នកដែលលាបថ្នាំ​ព្យាបាលមុន ដើម្បី​លាង​សំណល់ថ្នាំ​ ដែលនៅសេសសល់​ចេញ ព្រោះថ្នាំ​លាបព្យាបាលមុន​ ដែល​លាបមុខ​ពេលគេង​ (អាស៊ីដពី​វីតាមីនA) អាចធ្វើឲ្យ​ស្បែកងាយ​ទទួលរងពន្លឺ។ ពេលល្ងាច​ គួរ​លាង​ក្រែមការពារ​កម្ដៅថ្ងៃ​ គ្រឿងសម្អាង និង​លាងមុខ ក្រោយពេលធ្វើកិច្ចការ​ហាលក្ដៅ បែកញើសច្រើន។

ថ្នាំព្យាបាលមុន ធ្វើឲ្យស្បែក​កាន់តែឆាប់​ទទួល​ផលប៉ះពាល់​ពី​កម្ដៅថ្ងៃ ខ្លាំងឡើង គឺធ្វើឲ្យ​ស្បែក​ឆេះ​ខ្លោច​ មាន​ស្នាមខ្មៅ និង​ស្បែកជ្រីវជ្រួញ​ ដូច្នេះ​ អ្នកដែល​ប្រើថ្នាំ​ព្យាបាលមុន​ គួរតែ​ប្រើ​ក្រែម​ការពារ​កម្ដៅថ្ងៃ​រួមជាមួយផង។

ថ្នាំការពារ​កម្ដៅថ្ងៃ ដែលមានតម្លៃ SPF ខ្ពស់ខ្លាំងពេក រវែង​ធ្វើឲ្យ​ស្បែក​រមាស់ និង​ងាយកើតមុន ហើយ​មាន​តម្លៃថ្លៃទៀតផត។ ដូច្នេះ​គួរជ្រើសរើស ឡេ SPF ឲ្យសមស្រប នឹង​ការ​ត្រូវកម្ដៅ​ថ្ងៃ តាម​កិច្ចការ​ប្រចាំថ្ងៃ​។ យល់ល្អ គួរ​ប្រើផលិតផលមាន SPF 10 – 15 ជាទូទៅ ឬប្រសិនបើ យើងត្រូវចេញ​ត្រូវថ្ងៃយូរ​ជាង​ប្រក្រតី​ គួរ​ប្រើ SPF 30 ។ ប្រការសំខាន់គឺ គួរជ្រើស​ប្រើក្រែមការពារ​កម្ដៅថ្ងៃ​ ដែល​មិនធ្វើឲ្យ​រលាក​ស្បែក ហើយ​មិនបង្កឲ្យ​ក្រហាយស្បែក។

អត្ថបទដោយ៖ NEA