បទ​យកការណ៍៖ បច្ចេកវិទ្យា​ទំនើប​កំពុង«កាត់ផ្តាច់»ភាពស្និទ្ធស្នាល និពន្ធដោយ : ភិរុណ ឧត្តម       September-30-2016, 3:00 pm         5518

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បទ​យកការណ៍៖ បច្ចេកវិទ្យា​ទំនើប​កំពុង«កាត់ផ្តាច់»ភាពស្និទ្ធស្នាលភ្នំពេញ៖ ទំនាក់ទំនង​រវាង គ្រួសារ មិត្ត​ភ័ក្តិ បងប្អូន និង​មនុស្សម្នា​ទូទៅ កំពុង​ត្រូវបាន​ឃ្លាតឆ្ងាយ ពីគ្នា​បន្តិចម្តងៗ។ មូលហេតុ គឺ​ដោយសារ​បុគ្គលម្នាក់ៗបាន និង​កំពុង​វក់វី​នឹង​បច្ចេកវិទ្យាទំនើបៗ ដូចជា ទូរស័ព្ទដៃ អាយ​ភែ​ត (iPad) និង​សម្ភារ​កម្សាន្តផ្សេងៗទៀត។ ពេល​ជួបគ្នាម្តងៗ បុគ្គល ម្នាក់ៗមិនសូវ​ជជែក​គ្នា ឬ​ចូលរួម​ក្នុងការ​ពិភាក្សា​នោះទេ។ ផ្ទុយទៅវិញ ពួកគេ​គិតតែ​ពី​មើល​ទូរស័ព្ទ​លេង​ហ្វេ​ស​ប៊ុ​ក​ទៅវិញ។

មនុស្ស​មួយចំនួនធំ​កំពុង​ពេញនិយម​ប្រើប្រាស់​មធ្យោបាយទំនើបៗដូចជា ទូ​ស័ព្ទ​ដៃ ហ្វេ​ស​ប៊ុ​ក ស្កា​យ (Skype) ឡាញ (Line) ឬ​វ៉ា​យ​ប៊ើ (Viber) ក្នុងការ​ទំនាក់ទំនង​ទៅកាន់​គ្រួសារ មិត្ត​ភ័ក្តិ និង​អ្នកដទៃ​ផ្សេងទៀត​ជាជាង​ការជួបគ្នា​ផ្ទាល់។

មធ្យោបាយទំនើបៗទាំងនោះ អាចជួយ​ឲ្យ​ពួកគេ​បាន​ជួបគ្នា​ដោយ​ងាយ​ពិតមែន ប៉ុន្តែ​វា​បានធ្វើ​ឲ្យ​ទំនាក់ទំនង និង​ភាពស្និទ្ធស្នាល​កំពុង​ឃ្លាតឆ្ងាយ​ពីគ្នា។ មនុស្ស​មួយចំនួន ដើរ​ស្ទើរតែ​បុកគ្នា​នៅតាម​ទីសាធារណៈ ព្រោះ​រវល់​ឈ្ងោក​ចុច​ទូរស័ព្ទ។ អ្នកខ្លះ​ទៀត​លែង​ចង់​ជួប​មិត្ត​ភ័ក្តិ និង អ្នក​ដ៏​ទៃ ព្រោះ​មាន​ទូរស័ព្ទ ឬ​អាយ​ភែ​ត(iPad) កំដរ​ពេល​អផ្សុក។

ជា​មេ​គ្រួសារ​ក្នុងចំណោម​សមាជិក៤នាក់ លោក អៀង ពិសិដ្ឋ បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ថា៖ «ភាពស្និទ្ធស្នាល​គ្រួសារ​លោក​កំពុង​ថយចុះ​ម្តងបន្តិចៗ ពីព្រោះ​កូនប្រុស​ទាំងពីរ​កំពុង​ឈ្លក់ វង្វេង​នឹង​ទូ​ស័ព្ទ​សេរី​ថ្មី ម្នាក់ៗរវល់​ចុច​ហ្គេម និង​ឆែក​អ៊ី​ន​ធឺ​ណែ​ត​មើល​រូបភាពផ្សេងៗ ភ្លេច បាយ ភ្លេច​ទឹក និង​ភ្លេច​ពេលវេលា​រៀនសូត្រ​នៅផ្ទះ​ទៀតផង»។ លោក​បន្ត​ទាំង​ទឹកមុខ​ទំនង​ខឹង​បន្តិច​ថា៖«សូម្បីតែ​ពេលបាយ  ក៏​ពួកគេ​ចុច​ទូរស័ព្ទ គ្មាន​និយាយ​រក​ខ្ញុំ​អី​មួយ​ម៉ាត់...។ ហើយ ការសន្ទនា​ភាសា​អង់គ្លេស​រវាង​ខ្ញុំ​ជាមួយ​ពួកគេ​រៀងរាល់​យប់​ក៏ត្រូវ​កាត់ផ្តាច់​ដែរ»។

ភាពស្និទ្ធស្នាល​រវាង​មិត្ត​ភ័ក្តិ​មួយចំនួន​ក៏​កំពុង​រេចរឹល​ម្តងបន្តិចៗផងដែរ ដោយហេតុថា ពួកគេ ចំណាយពេល​កម្សាន្ត​ជាមួយ​អ៊ី​ន​ធើ​ណែ​ត ច្រើនជាង​ការ​ណាត់ជួប​ជុំគ្នា ហើយ​បើ​បាន​ជួបជុំគ្នា ម្តងម្កាល​ក៏​មិនសូវ​បាន​និយាយ​រកគ្នា​នោះដែរ ព្រោះម្នាក់ៗមមាញឹក​នឹង​ហ្វេ​ស​ប៊ុ​ក ឬ​លេង ហ្គេមរៀងៗខ្លួន។

នៅក្នុង​ហាង​កាហ្វេ (Free) អ៊ី​ន​ធើ​ណែ​ត​មួយកន្លែង​នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង យុវជន​មួយចំនួន អង្គុយ​ជួបជុំគ្នា​ជា​ក្រុម ប៉ុន្តែម្នាក់ៗហាក់​មិនសូវ​បាន​និយាយស្តី​រកគ្នា។ អ្នកញៀន​នឹង​ហ្វេ​ស​ប៊ុ​ក ផ្ញើរ​សារ​ឥត​ទំនេរ រីឯ​អ្នក​វក់វី​នឹង​ហ្គេម​ក៏​កំពុង​ញាប់ដៃ​ផងដែរ រីឯ​អ្នក​គ្មាន​សម្ភារៈ​ទំនើប​បាន ត្រឹម​អង្គុយ​ផឹក​កាហ្វេ និង​មើល​ទូរ​ទ​ស្ស៍​ធម្មតា។ ចំណែក​អ្នក​ដែល​ចូលចិត្ត​អង្គុយ​ម្នាក់ឯង​ក៏ កំពុង​ផ្តោតអារម្មណ៍​មិន​ខ្វល់ខ្វាយ​ពី​អ្នក​ដ៏​ទៃ​ផងដែរ។

កំពុង​អង្គុយ​ឈ្ងោក​មុខ​សម្លឹង​អេក្រង់​ទូរស័ព្ទ​ឥត​ព្រិច យូរៗម្តង សុ​ថៃ ក្រេប​កាហ្វេ​មួយ ក្អឹ​ក។ បន្ទាប់មក​បុរស​វ័យ២៤ឆ្នាំ​រូបនេះ បន្ត​លេង​ហ្គេម​មិន​ខ្វល់​ពី​អ្នក​នៅ​ជុំវិញខ្លួន​ឡើយ ។ យុវជន​រូបនេះ​តែង មក​អង្គុយលេង​ហ្គេម​នៅ​ហាង​កាហ្វេ​នេះ​ចាប់ពី​ម៉ោង៥ រហូតដល់​ម៉ោង៨យប់​ទើប​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ។ អង្គុយ​នៅ ស្ងៀ​ង​មិន​និយាយស្តី មិន​ខ្វល់​ពី​អ្នក​ក្បែរ​ខ្លួន សុ​ថៃ បាន ឲ្យ​ដឹងថា៖«ខ្ញុំ​ចូលចិត្ត​មក​អង្គុយ​នៅទីនេះ​ម្នាក់ឯង ជួន​លេង​ហ្គេម ជួន​លេង​ហ្វេ​ស​ប៊ុ​ក។ ដល់ពេល​ជក់​ពេក​ទៅ មិត្ត​ភ័ក្តិ​ដើរកាត់​ក៏​មិនដឹង​ដែរ ទាល់តែ​គេ​ហៅ​ទើប​ភ្ញាក់​ព្រើត...»។

ឈាន​ជើង​ចូលដល់​ក្នុង​បន្ទប់​ជួល​មួយ​ភ្លាម យុវជន​បួន​នាក់​នៅ​បន្ទប់​តូច​មួយ​រួមគ្នា​ម្តុំ​សារៈមន្ទី គុក​ទួលស្លែង ពួកគេ ម្នាក់ៗរវល់រៀងៗខ្លួន មិនសូវ​បាន​ជជែក​គ្នា​នោះទេ អ្នកខ្លះ​បើក Computer លេង​ហ្វេ​ស​ប៊ុ​ក អ្នកខ្លះ​ដេក​និយាយ​ទូរស័ព្ទ អ្នក​ខ្លះទៀត​អង្គុយលេង​ហ្គេម​យ៉ាង ស្ងៀមស្ងាត់។ យុវជន​ម្នាក់ ក្នុងចំណោម​យុវជន​បីនាក់​ផ្សេងទៀត ដា​រ៉ា​រិ​ទ្ធ ជា​និស្សិត​ឆ្នាំ​ទី​បី បាន​ឲ្យ​ដឹងថា ពួកគេ​មិនសូវ​បាន​សម្តែង​ភាពស្និទ្ធស្នាល​ជាមួយគ្នា​ឡើយ។  នៅពេល​ថ្ងៃ​ជាប់រវល់​សិក្សា និង​ត្រូវ​បំពេញការងាររៀងៗខ្លួន ពោលគឺ​ពួកគេ​អាច​ជួបគ្នា​បានតែ​ពេលយប់ ប៉ុណ្ណោះ។ ដា​រ៉ា​រិ​ទ្ធ អះអាងថា៖«ពួក​ខ្ញុំ​នៅក្បែរ​គ្នា​មែន តែ​មិនសូវ​បាន​និយាយ​ជាមួយគ្នា​ទេ។ ពួកយើង​អាច ជជែក​គ្នា​បាន​តិចតួច នៅពេល​ហូបបាយ​ល្ងាច បន្ទាប់មក​ដេក​ចុច​ទូរស័ព្ទរៀងៗ ខ្លួន»។

ទោះជា​យ៉ាងណាក៏ដោយ និន្នាការ​នេះ​ក៏​ត្រូវបាន​អ្នកជំនាញ​ផ្នែក​សង្គម​មួយចំនួនទទួលស្គាល់​ផងដែរ​ថា ការទំនាក់ទំនង​គ្នា​ដោយផ្ទាល់​របស់​មនុ​ស្សទូ​ទៅក្នុង​សង្គម កំពុង​មានការ ថយចុះ​ជាបណ្តើរៗ ខណៈ​សម្ភារៈទំនើបៗកាន់តែ​សម្បូរបែប​ក្នុងសង្គម​បច្ចុប្បន្ន។

លោក ឈ​ត ប៊ុន​ថង សាស្ត្រាចារ្យ​ផ្នែក​ទស្សនៈ​វិទ្យា​នៃ​រាជបណ្ឌិតសភា​កម្ពុជា មើលឃើញថា​បច្ចុប្បន្ននេះ​មនុស្ស​មួយចំនួនធំ​កំពុង​ពេញនិយម​ប្រើប្រាស់​មធ្យោបាយទំនើបៗ ដើម្បី​ទំនាក់ ទំនង​គ្នា ជាជាង​ការជួបគ្នា​ផ្ទាល់ ដូចជា តាម​ទូ​ស័ព្ទ​ស្មា​ត​ហ្វូ​ន ស្កា​យ(Skype) វ៉ា​យ​ប៊ើ (Viber) និង​ហ្វេ​ស​ប៊ុ​ក​ជាដើម។ល។ លោក​បាន​បន្ថែមទៀតថា ថ្វី​ដ្បិត​មធ្យោបាយទំនើបៗទាំងនេះ អាចជួយ​ឲ្យ​ពួកគេ​ជួបគ្នា​បាន​ដោយ​ងា​យក​ពិតមែន ប៉ុន្តែ​វា​ក៏​មិនបាន​បង្ហាញ​ឲ្យ​ឃើញ​នូវ ទិដ្ឋភាព​គ្រប់​ជ្រុងជ្រោយ និង​មិនអាច​សម្តែង​ភាពស្និទ្ធស្នាល​ដូច​ការជួបគ្នា​ផ្ទាល់​នោះដែរ។ សាស្ត្រាចារ្យ​រូបនេះ លើកឡើងថា៖«ការទំនាក់ទំនង​គ្នា​ដោយផ្ទាល់​កំពុង​ត្រូវបាន​កាត់បន្ថយ បន្តិចម្តងៗហើយ ព្រោះ​សម័យនេះ​គេ​ចូលចិត្ត​ប្រើ​មធ្យោបាយទំនើបៗជាង»។

លោក ឈ​ត ប៊ុន​ថង បញ្ជាក់​បន្ថែមទៀតថា ថ្វី​ដ្បិត​មធ្យោបាយ​ទំនាក់ទំនងទំនើបៗទាំងនេះ បាន និង​កំពុង​កាត់ផ្តាច់​ភាពស្និទ្ធស្នាល​បន្តិចម្តងៗមែន ប៉ុន្តែ​វា​កំពុង​ក្លាយជា​ជម្រើស ដ៏​ចាំ បាច់​មួយ​សម្រាប់​មនុស្ស​សម័យថ្មី ពីព្រោះម្នាក់ៗសុទ្ធសឹង​ជាប់រវល់​នឹង​ការងារ​រៀងខ្លួន ម្យ៉ាង វិញទៀត​ពួកគេ​មួយចំនួន​បាន​ចាក​ចេញពី​គ្រួសារ ដើម្បី​ទៅ​បំពេញការងារ​នៅតាម​ទីកន្លែង ឆ្ងាយៗ ដូច្នេះ​ពួកគេ​មិនសូវមាន​ពេល​ស្កាត់​រកគ្នា​ដោយផ្ទាល់​នោះទេ៕