អ្នកម្ដាយគួរដឹងអ្វីខ្លះពេលប្រសូតកូនមុនកំណត់

6 Videos


ការប្រសូតកូនមុនកំណត់ ឬ មិនគ្រប់ខែ វាកើតឡើងដោយមូលហេតុច្រើនយ៉ាង តើត្រូវធ្វើដូចម្តេចដើម្បីឱ្យទារកមានលក្ខណៈពេញលេញបាន ? សូមនាំចំណេះដឹងមួយពីទស្សនាវដ្តីសុខភាពបរទេស មកបង្ហាញជូនឱ្យអ្នកម្តាយទាំងឡាយត្រៀមជាមុន នូវការប្រសូតកូនមុនកាលកំណត់ ។ ទារកដែលបើកភ្នែកមកឃើញពិភពលោក ត្រឹម ៣៧ សប្តាហ៍ ចាត់ទុកជាទារកដែលកើតមុនកាលកំណត់(មិនគ្រប់ខែ) ហើយចាំបាច់ត្រូវទទួលការថែទាំយ៉ាងពិសេសបំផុតពីគ្រូពេទ្យ រហូតទាល់តែមានសុវត្ថិភាព ទាំងនេះដោយសារសួត និង អវយវៈដទៃទៀតនៅវិវឌ្ឍមិនទាន់ពេញលេញ ។

ចំណុចគួរប្រយ័ត្ន!!!!
ទារកប្រសូតមុនកំណត់ នៅពេលត្រឡប់មកផ្ទះហើយ បើសិនមានអាការក្តៅខ្លួន គ្រុន ខ្លួនលឿន ភ្នែកលឿង បៅដោះបានតិច ឬ មិនបៅសោះ គួរនាំកូនទៅជួបគ្រូពេទ្យភ្លាម ។ នៅពេលទារកស្ថិតនៅក្នុងកែវ (NICU)

NICU (Neonatal Intensive Care Unit – ផ្នែកថែទាំទារក) ឬ បន្ទប់សង្គ្រោះទារក ឪពុកម្តាយត្រូវតែដឹង ព្រោះក្នុងដំណាក់កាលដំបូងនៃជីវិតកូន ត្រូវស្ថិតនៅក្នុងបន្ទប់នេះ អាចរយៈពេល ១ សប្តាហ៍ ឬ ១ ខែ ដែលចំណុះទៅតាមអាយុគភ៌របស់ទារកប្រសូត ដាក់ក្នុងកែវឱ្យមានភាពកក់ក្តៅ និង ការពារមិនឱ្យឆ្លងរោគ ដោយមានឧបករណ៍ខ្វាត់ខ្វែង ប៉ុន្តែចូរកុំបារម្ភ ព្រោះឧបករណ៍ទាំងនោះ សម្រាប់ជួយថែទាំទារក រហូតទាល់តែមានសុវត្ថិភាព ទើបគ្រូពេទ្យអនុញ្ញាតឱ្យចេញទៅផ្ទះ ។ ទារកទាំងនេះច្រើនមានទម្ងន់ចាប់ពី ២ គីឡូក្រាមឡើងទៅ ។

ថែទាំយ៉ាងណា នៅពេលយកកូនមកផ្ទះ ?
ការយកកូនមកផ្ទះ ជាពេលវេលាមួយដែលឪពុកម្តាយ ត្រូវមើលថែទាំយ៉ាងប្រយ័ត្នប្រយែង ព្រោះទារកងាយនឹងឆ្លងរោគផ្សេងៗណាស់ ព្រោះប្រព័ន្ធភាពស៊ាំនៅមិនទាន់ពេញលេញ ។

កំណត់បរិមាណអ្នកមកមើល
នរណាៗក៏គេចង់ឃើញសមាជិកគ្រួសារថ្មីដែរ តែបងប្អូន ឬ មិត្តជិតខាងដែលមកមើល អាចមានអ្នកឈឺ ឬ មានជំងឺប្រចាំកាយផ្សេងៗផងដែរ ។ ឪពុកម្តាយអាចប្រាប់ថា «កូនខ្ញុំកើតមុនកំណត់ នៅមិនទាន់រឹងមាំល្អទេ» ។

ចៀសវាងនាំកូនទៅទីសាធារណៈ

ប្រសិនបើមិនចាំបាច់ មិនត្រូវនាំកូនទៅក្រៅផ្ទះទេ បើត្រូវទៅជួបគ្រូពេទ្យ ត្រូវណាត់ជាមុនសិន និង ទៅពេលព្រឹក កុំឱ្យរង់ចាំយូរ ។

ទំនាក់ទំនងស្បែកឪពុកម្តាយ នឹងស្បែកទារក
ការស្រាវជ្រាវបានរកឃើញថា ការបីកូនដោយមានរុំកន្សែង ដាក់ផ្អឹបនឹងដើមទ្រូងឪពុក ឬ ម្តាយ ធ្វើឱ្យស្បែកទារក និង ស្បែកឪពុកម្តាយប៉ះទង្គិចគ្នា ជួយឱ្យពន្លឿនការវិវឌ្ឍសុខភាពរបស់ទារកបាន ។

បរិយាកាស និង អនាម័យ

គួរសម្អាតផ្ទះឱ្យមានអនាម័យ មុននឹងនាំទារកចូលផ្ទះ បើសិនមានសត្វចិញ្ចឹមក្នុងផ្ទះ ត្រូវយកចេញឱ្យឆ្ងាយពីទារក ។ សីតុណ្ហភាពនៅក្នុងផ្ទះ មិនត្រូវឱ្យក្តៅពេក ឬ ត្រជាក់ពេក ឱ្យសីតុណ្ហភាពទាបជាងខាងក្រៅបន្ទប់ 4-5 អង្សា តែមិនគួរឱ្យទាបជាង ២៥ អង្សាឡើយ ។

ព្យាយាមឱ្យកូនបៅទឹកដោះម្តាយ
ទឹកដោះម្តាយមានគុណសម្បត្តិដ៏មហិមា ជួយឱ្យទារកកើតមិនគ្រប់ខែរឹងមាំលឿនណាស់ អ្នកម្តាយត្រូវផ្តល់ទឹកដោះឱ្យកូនឱ្យបានញឹកញាប់ ព្រោះក្លិនខ្លួនរបស់ម្តាយបានជំរុញឱ្យកូនចង់តែបៅដោះម្តាយ ។ ប្រសិនទារកពិបាកបៅ ចូរអ្នកម្តាយច្របាច់ទឹកដោះ រួចបន្តក់ដាក់មាត់កូន ទារកនឹងរៀនបឺត ប្រមាណ ២ សប្តាហ៍ ទារកនឹងពូកែបៅដោះហើយ ៕
សូរ្យរិទ្ធ (baby.kapook)