ព្រះអង្គម្ចាស់ ធម្មិកោ ត្រៀម​ខ្លួន​ឲ្យ​ហើយ តែ​ត្រៀម​ធ្វើ​អ្វី?

ត្រៀមខ្លួនធ្វើអ្វី ព្រះអង្គម្ចាស់? បើតាមការបង្ហោះ នៅលើគណនីហ្វេសប៊ុក របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​បញ្ជាក់​ថា ព្រះអង្គនិងគណបក្សព្រះអង្គ «ត្រៀមធនធានមនុស្ស ដើម្បីដឹកនាំរាជរដ្ឋាភិបាល និង​អនុវត្តន៍​ការ​ផ្លាស់​ប្តូរ ស្របទៅតាមពាក្យសសន្យា ជូនប្រជារាស្ត្រ ដែលជាម្ចាស់ឆ្នោត»។
ព្រះអង្គម្ចាស់ ធម្មិកោ ត្រៀម​ខ្លួន​ឲ្យ​ហើយ តែ​ត្រៀម​ធ្វើ​អ្វី?

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅក្នុងកិច្ចប្រជុំមួយ នៅស្នាក់ការគណបក្សតំបន់ ក្នុងខេត្តព្រះសីហនុ។ (រូបថតលើហ្វេសប៊ុក)

តាមពិតទៅ ការបង្ហោះនូវ«ការត្រៀមខ្លួន» នៅលើគណនីហ្វេសប៊ុក របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នេះ បានធ្វើឡើង តាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំទៅម៉ិញមកម្លេះ។ តែដោយសារថ្ងៃនេះ ជាខួបមួយឆ្នាំ ទើបព្រះអង្គ​ម្ចាស់​យក​ការបង្ហោះនោះ មកចែករំលែក (Share) ឡើងវិញ នៅមុននេះបន្តិច ដោយសរសេរអមថា៖ «ត្រៀមខ្លួន​ឲ្យ​ហើយ»។

ត្រៀមខ្លួនពីអ្វី និងធ្វើអ្វី? នៅក្នុងសារ ដែលព្រះអង្គបង្ហោះ តាំងពីឆ្នាំមុននោះ បានឲ្យដឹងថា៖ «ខែសីហា ឆ្នាំ​២០១៨: គ.ជ.ប បានប្រកាសជាផ្លូវការថា គណបក្ស សង្រ្គោះជាតិ បានឈ្នេះឆ្នោតហើយ។ យើងត្រៀម​ធន​ធាន​មនុស្ស ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងអនុវត្តន៍ការផ្លាស់ប្តូរ ស្របទៅតាមពាក្យសសន្យា ជូនប្រជារាស្ត្រ ដែល​ជា​ម្ចាស់​ឆ្នោត។»។

សារនោះ បានសរសេរបន្ត ដោយធ្វើការរៀបរាប់ ជាតួលេខឡើងថា៖

១ - រាជរដ្ឋាភិបាល: ប្រសិនបើយើងទុក ២៥ ក្រសួងដដែល ហើយយើងដាក់រដ្ឋមន្ត្រី ១ រដ្ឋលេខាធិការ ១ និង អនុរដ្ឋលេខាធិការ ១ យើងត្រូវការ ៧៥ នាក់ ។ ថែម ខុទ្ទការល័យនីមួយៗ និងអគ្គលេខាធិការដ្ឋាន​នីមួយៗ យើង​ត្រូវការធនធានយ៉ាងតិច ក៏ ៣០០ នាក់។
២ - ខេត្ត-ក្រុង: យើងត្រូវការ អភិបាលខេត្ត ១នាក់ និង អភិបាលខេត្តរង ២នាក់ សរុប ៧៥នាក់ ដែលមានឋាន: ស្មើរនឹងវរ:មន្ត្រីឡើងទៅ ហើយបានឆ្លងកាត់ សាលាភូមិន្ទរដ្ឋបាលថែមទៀត។
៣ - ស្រុក/ខ័ណ្ឌ: ប្រសិនបើយើង​ដាក់អភិបាលស្រុក ១នាក់ និងអភិបាលស្រុករង ២នាក់ យើងត្រូវការ ៤៨០​នាក់។
៤ - មន្ទីរ ក្រសួង តាមខេត្ត: មាន ២៥ ក្រសួង ក្នុង២៥ខេត្ត-ក្រុង យើងត្រូវការធនធានមនុស្ស ៦២៥នាក់ ដែល​មាន​ឋានៈ​ស្មើរ នឹងប្រធាននាយកដ្ឋាន។
៥ - នាយកដ្ឋាន​ក្នុងក្រសួងនីមួយៗ: យ៉ាងតិច ៥ នាយកដ្ឋាន ក្នុងក្រសួងនីមួយៗ ស្មើរនឹងចំនួនមនុស្ស ១២៥​នាក់។

ព្រះអង្គម្ចាស់ ធម្មិកោ បានសរសេរនៅទីបញ្ចប់ថា៖ «សរុប(ទៅ) គណបក្សសង្រ្គោះជាតិ ត្រូវត្រៀមរៀបចំ​ធន​ធាន​មនុស្ស យ៉ាងតិចចំនួន១៦៨០នាក់ ដើម្បីអនុវត្តន៍​ការផ្លាស់ប្តូរ របៀបរបបដឹកនាំជាតិ ស្រប​តាម​ពាក្យ​សន្យា»។

ខ្វះពាក្យ«ប្រសិនបើ»...

ប៉ុន្តែឃ្លាទាំងអស់​​ខាងលើនេះ ព្រះអង្គម្ចាស់ទំនង​ ជាភ្លេចសរសេរ ពាក្យ«ប្រសិនបើ» ពីរបីម៉ាត់នេះ នៅពី​មុខ​ពាក្យ​«ឈ្នះឆ្នោត» ហើយវាជាការលើកឡើងមួយ ដែល​មិនទទួលបានការគាំទ្រ ពីប្រិយមិត្ត​របស់​ព្រះអង្គ​​ម្ចាស់​ទាំង​​ស្រុង​ទេ។ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដាក់ឈ្មោះ «Sam Samuth» បានហៅការរៀបរាប់ ពី​តួលេខ​​ខាង​លើ​នេះ ថា​មាន​លក្ខណៈ ជាការ«បញ្ឆេះ​ ឬញុះញង់​ច្រើន​ជាង»។

លោក «Sam Samuth» បានសរសេរពន្យល់ ទៅព្រះអង្គម្ចាស់ថា៖ «ការផ្សព្វផ្សាយ​ ប្រកាសពី​ការរើស​មុខ​តំណែង​នេះ​ តំណែងនោះ​ ស្តាប់ទៅមិនល្អសោះ​ វានាំឲ្យបក្សផ្សេង​ គេសើចមើលងាយ​ ថាយើងប្រឹង​ធ្វើ​នយោបាយ ដើម្បី​តែ​ចែក​តំណែងគ្នា​។​ បើរាស្រ្តស្តាប់មើលទៅ​ យល់ថាតាធម្មិកោ​ មិនមានឧត្តមគតិ​ស្មារតីតស៊ូ ដើម្បី​ការ​ផ្លាស់ប្តូរ ជូនពលរដ្ឋពិតប្រាកដទេ​ គឺដើម្បីតែផលប្រយោជន៍​ តួនាទីផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ហើយ​វា​ក៏​កាន់​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​គណបក្ស​ និងគោលការណ៍ យុទ្ធសាស្រ្តរបស់គណបក្ស​ផងដែរ​។»។

តបនឹងប្រតិកម្មរបស់លោក «Sam Samuth» ខាងលើនេះ ព្រះអង្គម្ចាស់ ធម្មិកោ បានសរសេរឆ្លើយ​​ទៅ​​វិញ​​ថា៖ «ឆ្នាំ១៩៩៣ FUNCINPEC ដាក់តែក្បាល​ម៉ាស៊ីន មិនបានគិតជើងក្រោម។ គ្មានជើងក្រោម យើង​ដើរ​មិន​បាន​ទេ។ យើងនឹងលើកមន្ត្រីរាជការ(ណា) ដែលបំរើជាតិ។»៕