យុវជន​ម្នាក់ សំរេចចិត្ត​ចង ក សម្លាប់ខ្លួន ដោយ​អស់​សង្ឃឹម​ថា​បាន​រៀបការ​ជាមួយ​សង្សារ​កំណាន់ចិត្ត​ ​

កំពង់ស្ពឺ៖ ហេតុការណ៍នោះ បានកើតឡើង ក្នុងចន្លោះម៉ោង៩ទៅ១១យប់ ហើយត្រូវបងស្រី ឈ្មោះជីន នីន ប្រទះឃើញនៅម៉ោង៦ព្រឹក ពេលដើរទៅដកសំណាប ខាងត្បូងភូមិរបស់ខ្លួន ។
យុវជនម្នាក់ បានធ្វើអត្តឃាត ដោយចង.ក នៅដើមឈើមួយដើម ខាងត្បូងផ្ទះរបស់ខ្លួន ប្រមាណ៥០ម៉ែត្រ ព្រោះអស់សង្ឃឹមថា បានរៀបការជាមួយ សង្សារកំណាន់ចិត្ត ដែលជាកម្មកររោងចក្រដូចគ្នា ។ អធិការរងនគរបាលក្រុងច្បារមន ទទួលបន្ទុក ការងារព្រហ្មទណ្ឌលោក ស៊ឺម សាម៉េត បានឱ្យដឹងថា យុវជនធ្វើអត្តឃាត នៅក្នុងភូមិត្រពាំងលើក សង្កាត់ច្បារមន ក្រុងច្បារមននោះ ឈ្មោះជីន ភា អាយុ២១ឆ្នាំ ។
នាងជីន នីន ដែលធ្វើការរោងចក្រ ដូចប្អូនប្រុសដែរ និយាយថា ប្អូនរបស់នាង បានត្អូញតែ្អរ មុនពេលធ្វើអត្តឃាត ប្រាប់នាងថា គេចេះតែឈឺក្បាល ហើយមុខឡើងខ្មៅ ចំលែកខុសពីធម្មតា ។ បន្ទាប់ពីគេ ធ្វើអត្តឃាតរួច ទើបដឹងថា គេមានវិបត្តិស្នេហា ជាមួយនារីឈ្មោះស្រី ពៅ ជាកម្មការិនីធ្វើការនៅរោងចក្រ ឃីងហ្គោសិន ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។
បុរសជាឪពុកឈ្មោះទេព ខេង និយាយថា កន្លះខែមុននេះ កូនប្រុសរបស់គាត់ បាននាំសង្សាររបស់គេ ឈ្មោះស្រីពៅ មកលេងផ្ទះ ចំនួនពីរថ្ងៃហើយ ប្រាប់ឱ្យពួកគាត់ជាឪពុកម្តាយ ចូលស្តីដណ្តឹងនាងដើម្បីឆាប់បានរៀបការ ។
ដោយសារចំរដូវ ធ្វើស្រែចំការផង ហើយនារីដែលកូនប្រុសគាត់ ស្រលាញ់នោះ មានលំនៅឋាន នៅឯខេត្តស្វាយរៀងឯណោះ ម្យ៉ាងមានបញ្ហាខ្វះខាត ក្នុងគ្រួសារផង ទើបគាត់ពុំទាន់ហ៊ានសំរេចថា នឹងចូលស្តីដណ្តឹងនាង តាមការស្នើរបស់កូនប្រុសគាត់ឡើយ ។
ដោយអស់សង្ឃឹមថា ឪពុក ម្តាយ មិនមានលទ្ធភាពបំពេញបំណង របស់គេបាន ទើបគេសំរេចចិត្ត ធ្វើអត្តឃាតបែបនេះទៅ។ នៅថ្ងៃធ្វើបុណ្យសព នារីជាសង្សារបានទៅចូលរួម និងយំសោកយ៉ាងខ្លាំង ។ នេះជាការឆោតល្ងង់មួយ របស់យុវជនរូបនេះ ព្រោះតែចង់រៀបការឆាប់ពេកមិនបានសំរេចតាមបំណង ក៏សំលាប់ខ្លួន ។ សួរថា បើក្រីក្រមិនអាចយកគ្នាជាប្តី-ប្រពន្ធបានឬ? ៕
យុវជន​ម្នាក់ សំរេចចិត្ត​ចង ក សម្លាប់ខ្លួន ដោយ​អស់​សង្ឃឹម​ថា​បាន​រៀបការ​ជាមួយ​សង្សារ​កំណាន់ចិត្ត​ ​