តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ខក​ចិត្ត​ចំពោះ​ការ​បដិសេធ​មិន​ឲ្យ​តម្កល់​រូប​សំណាក​បណ្ឌិត​កែម ឡី

អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្ដែង​ការ​ខក​ចិត្ត​ខ្លាំង​ចំពោះ​ការ​បដិសេធ​សំណើ​របស់​ខ្លួន​ដែល​សុំ​តម្កល់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី នៅ​ទីលាន​ប្រជាធិបតេយ្យ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លោក អ៊ូ ច័ន្ទរ័ត្ន ប្រតិកម្ម​ចំពោះ​ការ​ច្រានចោល​សំណើ​នេះ ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ខក​ចិត្ត ហើយ​សាលា​ក្រុង​គួរ​តែ​ពិចារណា​ជា​ថ្មី និង​មិន​គួរ​យល់​ច្រឡំ​ថា រឿង​នេះ​ជា​ការ​កេង​ចំណេញ​នយោបាយ​នោះ​ឡើយ៖ «»។

សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​មួយ​ផ្ញើ​ទៅ លោក អ៊ូ ច័ន្ទរ័ត្ន នៅ​ថ្ងៃ​ទី​២៩ កញ្ញា នេះ ដោយ​បាន​បាន​បញ្ជាក់​ថា កន្លង​មក​មាន​ប្រជាពលរដ្ឋ ជា​ពិសេស​មន្ត្រី​រាជការ និង​យុទ្ធជន​ជា​ច្រើន​បាន​ពលិកម្ម​យ៉ាង​ធំធេង​ដើម្បី​បុព្វហេតុ​ឯករាជ្យ មាតុភូមិ​បូរណភាព​ដែនដី និង​អធិបតេយ្យភាព​ជាតិ ហើយ​បាន​លើក​តម្កើង​គុណ​បំណាច់ និង​ស្នាដៃ​របស់​ពួកគាត់​ដោយ​គ្រាន់​តែ​បាន​សាង​នូវ​ស្តូប​អនុស្សាវរីយ៍​រំលឹក​គុណ​ជា​និមិត្ត​រូប​តែ​ប៉ុណ្ណោះ ដោយ​ពុំ​មាន​ការ​កសាង​រូប​សំណាក​លក្ខណៈ​បុគ្គល​នោះ​ទេ។

លិខិត​ដដែល​បន្ត​ថា ការ​ស្នើ​សុំ​បង្កើត​រូប​សំណាក​បុគ្គល​ណា​ម្នាក់​តម្កល់​នៅ​តាម​ទី​សាធារណៈ លុះត្រា​តែ​មាន​លក្ខណៈ​វិនិច្ឆ័យ​ឲ្យ​បាន​សមស្រប និង​គ្រប់​ជ្រុងជ្រោយ។

លោក អ៊ូ ច័ន្ទរ័ត្ន មាន​ប្រសាសន៍​ថា ការ​ពន្យល់​នេះ​លោក​មិន​ជំទាស់​ទេ ហើយ​ថា ជា​រឿង​ល្អ​ប្រសើរ​មួយ ប៉ុន្តែ​សម្រាប់​ករណី លោក​បណ្ឌិត កែម ឡី គឺ​ជា​រឿង​ដោយ​ឡែក ពីព្រោះ​លោក​ជា​និមិត្តរូប​មួយ​នៃ​សិទ្ធិ​បញ្ចេញ​មតិ​ដែល​ហ៊ាន​បូជា​ជីវិត​ដើម្បី​សេរីភាព​នេះ ហើយ​ទីលាន​ប្រជាធិបតេយ្យ​គឺ​ជា​កន្លែង​បញ្ចេញ​មតិ​ដែល​គួរ​តែ​មាន​រូប​សំណាក​លោក​តម្កល់​​​នៅ​ទី​នោះ​ដើម្បី​គោរព​បូជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។