ជប៉ុន​ថា​ ការ​កសាង​​វិស័យ​យោធា​របស់​ចិន​ធ្វើ​ឲ្យ​ពិភពលោក​កាន់​តែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ឡើង

កាលពីថ្ងៃច័ន្ទ លោករដ្ឋមន្ត្រីការបរទេសជប៉ុន Fumio Kishida បាននិយាយមុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ថា ប្រទេសចិនបានកំពុងធ្វើឲ្យពិភពលោកមានការព្រួយបារម្ភ ព្រោះតែការកសាងវិស័យយោធា និងការពង្រីកដែនសមុទ្ររបស់ខ្លួននៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង។

ជប៉ុន​ថា​ ការ​កសាង​​វិស័យ​យោធា​របស់​ចិន​ធ្វើ​ឲ្យ​ពិភពលោក​កាន់​តែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ឡើង

លោក Kishida បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ក្រុមអ្នកជំនួញថា ការកើនឡើងយ៉ាងខ្លាំង និងយ៉ាងលឿនលើការចំណាយសម្រាប់វិស័យយោធារបស់ប្រទេសចិន និងសកម្មភាពឯកតោភាគីរបស់ចិន ដែលមានចេតនាចង់ផ្លាស់ប្ដូរស្ថានភាពនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ក្នុងគោលដៅកសាងរដ្ឋដែនសមុទ្រដ៏ខ្លាំងមួយនោះ បានធ្វើឲ្យប្រទេសជប៉ុន ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងសហគមន៍អន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង។
ប្រទេសចិនបានទាមទារនូវសមុទ្រចិនខាងត្បូងស្ទើរតែមូល ដែលនៅតំបន់នេះត្រូវបានគេជឿថា សំបូរទៅដោយរ៉ែប្រេងកាត និងឧស្ម័នជាច្រើន។ ចំណែកប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងប្រទេសវៀតណាម ក៏បានទាមទារផ្នែកនៃដែនទឹកនេះផងដែរ ត្បិតថាជារៀងរាល់ឆ្នាំមានជំនួញដឹកជញ្ជូនតាមផ្លូវសមុទ្រឆ្លងកាត់ទីនេះក្នុងទឹកប្រាក់ប្រហែល ៥០០ពាន់លានដុល្លារ។
ប្រទេសចិនបានបង្កភាពតានតឹង ដោយសកម្មភាពយោធា និងសកម្មភាពនៃការកសាងរបស់ខ្លួននៅលើដែនកោះនៅសមុទ្រចិនខាងត្បូង ដូចជា ការកសាងផ្លូវរថភ្លើង បើទោះបីជាទីក្រុងប៉េកាំងព្យាយាមនិយាយថា អ្វីដែលខ្លួនសាងសង់នៅលើកោះនោះ គឺបម្រើឲ្យផលប្រយោជន៍ស៊ីវិលក៏ដោយ។
គួររំលឹកថា ទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសជប៉ុន ដែលជាប្រទេសមានសេដ្ឋកិច្ចខ្លាំងលំដាប់ទី២ និងទី៣ ត្រូវបានញាំញីដោយបញ្ហាជម្លោះដែនដី ការប្រកួតប្រជែងក្នុងតំបន់ និងមរតកនៃអំពើឈ្លានពានរបស់ជប៉ុនទៅលើប្រទេសចិនកាលពីក្នុងសង្គ្រាមលោកលើកទី២។
ប្រទេសចិន និងជប៉ុនមានជម្លោះជាមួយគ្នាអំពីអធិបតេយ្យភាពលើដែនកោះតូចៗគ្មានមនុស្សនៅ ដែលស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ព្រមទាំងបញ្ហាដែលចិនកសាងកោះនៅលើថ្មប៉ប្រះទឹកនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីគាំទ្រដល់ការទាមទារអំពីអធិបតេយ្យរបស់ខ្លួននៅទីនោះ។
គួរបញ្ជាក់ថា លោករដ្ឋមន្ត្រីគ្រោងទៅទស្សនកិច្ចនៅប្រទេសចិនឲ្យបានឆាប់ ក្នុងឱកាសសប្ដាហ៍មាសរបស់ជប៉ុន ដែលនឹងចាប់ពីថ្ងៃសុក្រ ហើយលោកបានរំពឹងថា តាមរយៈកិច្ចសន្ទនាជាមួយភាគីចិន លោកចង់ឈានទៅបង្កើតនូវទំនាក់ទំនងចិន-ជប៉ុន ដែលសមស្របសម្រាប់សម័យកាលថ្មីនេះ។

ប្រែសម្រួល៖ Sophany
ប្រភព៖

  • ជប៉ុន​ថា​ ការ​កសាង​​វិស័យ​យោធា​របស់​ចិន​ធ្វើ​ឲ្យ​ពិភពលោក​កាន់​តែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ឡើង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: